ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ាបានរាយការណ៍ថា ការវាយប្រហារលើក្បួនរថយន្តដែលដឹកគណៈប្រតិភូមកពីមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ មកពីស្ថានទូតឥណ្ឌូនេស៊ី និងមកពីស្ថានទូតសិង្ហបុរី បានកើតឡើងកាលពីថ្ងៃអាទិត្យ នៅរដ្ឋ សាន ហើយថា វាត្រូវបានប្រព្រឹត្តដោយ«ភេរវករ»។ សេចក្ដីរាយការណ៍នេះមិនបានបញ្ជាក់ថាអង្គការណាដែលជា«ភេរវករ» ហើយមកពីណាទេ។ រដ្ឋាភិបាលយោធាប្រើពាក្យ«ភេរវករ»សម្រាប់និយាយសំដៅកងកម្លាំងជាច្រើនដែលប្រឆាំងនឹងការគ្រប់គ្រងបែបយោធា។
សេចក្ដីរាយការណ៍បាននិយាយថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារដោយអាវុធធុនតូច ហើយក្រុមសន្តិសុខដែលអមដំណើរក្បួននោះបានបាញ់តបតវិញ។ រថយន្តសន្តិសុខមួយគ្រឿងបានរងការខូចខាត ប៉ុន្តែមិនមានអ្នកណាម្នាក់នៅក្នុងក្បួននោះរងរបួសទេ។
ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ាបានផ្សាយទៀតថា រដ្ឋាភិបាលកំពុងសហការផ្តល់ជំនួយមនុស្សធម៌ក្រោមកិច្ចព្រមព្រៀងប្រាំចំណុចដែលអាស៊ានសម្រេចបាននៅឆ្នាំ ២០២១ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយស្តារសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីកងទ័ពបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោង សាន ស៊ូ ជី (Aung San Suu Kyi) កាលពីខែកុម្ភៈ ឆ្នាំ ២០២១។
ប្រទេសឥណ្ឌូនេស៊ីនិងប្រទេសសិង្ហបុរីបានថ្កោលទោសការវាយប្រហារលើក្បួនរថយន្ដដឹកជំនួយមនុស្សធម៌នោះ។ អ្នកនាំពាក្យក្រសួងការបរទេសសិង្ហបុរីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានតែការសន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ាប៉ុណ្ណោះ ដែលអាចសម្របសម្រួលដំណោះស្រាយដោយសន្តិវិធីក្នុងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា។ ទន្ទឹមនឹងនេះ ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ មិនបានផ្តល់ព័ត៌មានលម្អិតអំពីអ្វីដែលលោកហៅថា«ការបាញ់ប្រហារ»នោះទេ ប៉ុន្តែបាននិយាយថា វានឹងមិនរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូនេស៊ីនិងអាស៊ាន ក្នុងការជំរុញសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាឡើយ។ លោក ចូកូវី បានអំពាវនាវឱ្យឈប់ប្រើកម្លាំង បញ្ឈប់អំពើហិង្សា ព្រោះវាធ្វើឱ្យមនុស្សក្លាយជាជនរងគ្រោះ។ ដោយនិយាយថា ការប្រើហិង្សានឹងមិនធ្វើឱ្យអ្នកណាឈ្នះទេនោះ លោក ចូកូ វីដូដូ បានបន្ថែមថា ឥណ្ឌូណេស៊ីលើកទឹកចិត្តអ្នកពាក់ព័ន្ធទាំងអស់ឱ្យមានការពិភាក្សានិងស្វែងរកដំណោះស្រាយ។
ចំណែកឯក្រសួងការបរទេសសហរដ្ឋអាមេរិកវិញ ស្ថាប័ននេះបានថ្កោលទោសការវាយប្រហារនោះដែរ ហើយបានអំពាវនាវឱ្យរបបយោធាមីយ៉ាន់ម៉ាអនុវត្តកិច្ចព្រមព្រៀង ៥ ចំណុចរបស់អាស៊ាន រួមទាំងការបញ្ឈប់អំពើហឹង្សារបស់ខ្លួន និងការសម្រួលសកម្មភាពផ្តល់ជំនួយមនុស្សធម៌ផង។ លើសពីនេះទៅទៀត ក្រសួងការបរទេសសហរដ្ឋអាមេរិកក៏បានអំពាវនាវឱ្យមីយ៉ាន់ម៉ាគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់មនុស្សធម៌អន្តរជាតិ រួមទាំងច្បាប់ស្តីពីការការពារបុគ្គលិកការទូតនិងជនស៊ីវិលផងដែរ។
ក្នុងសប្ដាហ៍នេះ សមាគមអាស៊ានប្រជុំកំពូលលើកទី ៤២ ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែឧសភា នៅប្រទេសឥណ្ឌូនេស៊ី ដោយមិនមានវត្តមានតំណាងមកពីប្រទេសមីយ៉ាន់ម៉ាឡើយ។ ក្នុងនាមជាប្រធានអាស៊ាននិងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរបស់សមាគមនៅឆ្នាំនេះ ឥណ្ឌូនេស៊ីបានព្យាយាមអនុវត្តផែនការសន្តិភាពចំនួនប្រាំចំណុចដែលបានព្រមព្រៀងជាមួយប្រទេសមីយ៉ាន់ម៉ាកាលពីពីរឆ្នាំមុន។
កិច្ចព្រមព្រៀងនោះបានអំពាវនាវឱ្យបញ្ឈប់អំពើហិង្សា និងការផ្ដល់សិទ្ធិទទួលបានជំនួយមនុស្សធម៌ បន្ទាប់ពីរដ្ឋប្រហារនៅក្នុងសម័យឆ្លងជំងឺរាតត្បាតកូវីដ-១៩ ដែលបង្កឱ្យមានការប៉ះទង្គិចគ្នាយ៉ាងហឹង្សារវាងកងកម្លាំងយោធានិងចលនាតស៊ូពហុភាគី។ នៅប៉ុន្មានថ្ងៃមុនពេលបើកកិច្ចប្រជុំកំពូល លោក ចូកូវី បានបង្ហាញជំហរម៉ឺងម៉ាត់ជាមួយភាគីនានាដែលកំពុងប្រឆាំងគ្នា៕