អាមេរិក គមនាគមន៍រវាងមជ្ឈិមបូព៌ា និងឥណ្ឌា

អាមេរិកសម្លឹងមើលការកសាងបណ្តាញគមនាគមន៍រវាងមជ្ឈិមបូព៌ា និងឥណ្ឌា ដើម្បីទប់ទល់នឹងចិន


សហរដ្ឋអាមេរិកកំពុងពិភាក្សាជាមួយអារ៉ាប៊ីសាអូឌីត ឥណ្ឌា និងអេមីរ៉ាតអារ៉ាប់រួម អំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដ៏ធំមួយ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោនបង្កើនទំនាក់ទំនងជាមួយតំបន់មជ្ឈិមបូព៌ាដើម្បីទប់ទល់ឥទ្ធិពលរបស់ចិន។ គម្រោងនេះនឹងរួមបញ្ចូលបណ្តាញផ្លូវដែកក្នុងបណ្ដារដ្ឋនៅឈូងសមុទ្រពែក្សនិងក្នុងប្រទេសអារ៉ាប់មួយចំនួន ដើម្បីភ្ជាប់ទៅប្រទេសឥណ្ឌាតាមផ្លូវនាវាចរណ៍ពីកំពង់ផែនានាក្នុងតំបន់។ នេះបើយោងតាមសារព័ត៌មាន នីកេ អាស៊ា។
អាមេរិកសម្លឹងមើលការកសាងបណ្តាញគមនាគមន៍រវាងមជ្ឈិមបូព៌ា និងឥណ្ឌា ដើម្បីទប់ទល់នឹងចិនអាមេរិកសម្លឹងមើលការកសាងបណ្តាញគមនាគមន៍រវាងមជ្ឈិមបូព៌ា និងឥណ្ឌា ដើម្បីទប់ទល់នឹងចិន
ដោយ

គម្រោងកសាងបណ្ដាញគមនាគមន៍នៅតំបន់មជ្ឈិមបូព៌ាត្រូវបានពិភាក្សាកាលពីថ្ងៃអាទិត្យ រវាងព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ម៉ូហាម៉ាត ប៊ីន សាល់ម៉ាន, ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក ចេក ស៊ូល្លីវ៉ាន, និងសមភាគីមកពីប្រទេសឥណ្ឌា និងប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅឯទីក្រុង ចេដា ប្រទេសអារ៉ាប៊ីសាអូឌីត។ យោងតាមឯកសាររបស់សេតវិមាន កិច្ចប្រជុំរបស់ពួកគេមានគោលបំណង«ជំរុញចក្ខុវិស័យរួមគ្នារបស់ពួកគេអំពីតំបន់មជ្ឈិមបូព៌ាប្រកបដោយសុវត្ថិភាពនិងវិបុលភាពជាងមុន ដែលភ្ជាប់ទំនាក់ទំនងគ្នាជាមួយឥណ្ឌា និងពិភពលោក»។
គំនិតខាងលើនេះត្រូវបានលើកឡើងជាលើកដំបូងនៅឯវេទិកាចតុភាគី អាយធូយូធូ (I2U2 ដែលរួមមានឥណ្ឌា អ៊ីស្រាអែល សហរដ្ឋអាមេរិក និងអេមីរ៉ាតអារ៉ាប់រួម និងដែលជាវេទិកាមួយបង្កើតឡើងក្នុងឆ្នាំ ២០១២ ដើម្បីពិភាក្សាអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា។ រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត ទើបបានចូលរួមក្នុងវេទិកានេះនាពេលថ្មីៗ។
លោក ស៊ូល្លីវ៉ាន បាននិយាយនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃព្រហស្បតិ៍មុនថា៖ «គំនិតជាមូលដ្ឋាន»នៃវេទិកាចតុភាគីនេះគឺ«ភ្ជាប់អាស៊ីខាងត្បូងជាមួយមជ្ឈិមបូព៌ា ជាមួយសហរដ្ឋអាមេរិក តាមរបៀបមួយដែលជំរុញបច្ចេកវិទ្យាសេដ្ឋកិច្ចនិងការទូតរបស់យើង»។ លោកទីប្រឹក្សាសន្តិសុខរូបនេះបានប្រាប់ថា៖ «ហើយយើងមានគម្រោងកំពុងអនុវត្តមួយចំនួន និងជំហានគួរឱ្យរីករាយថ្មីៗមួយចំនួនទៀតដែលយើងទន្ទឹងរង់ចាំអនុវត្តនាប៉ុន្មានខែខាងមុខនេះ»។
វេទិកាចតុភាគី I2U2 នេះ បានរៀបចំកិច្ចប្រជុំកំពូលលើកដំបូងរបស់ខ្លួនក្នុងខែកក្កដា ឆ្នាំ ២០២២។ វាត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងទឹក ថាមពល ការដឹកជញ្ជូន អវកាស សុខភាព និងសន្តិសុខស្បៀង។ វិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិកបានប្រដូចវាទៅនឹងសន្ធិសញ្ញាសន្តិសុខចតុភាគី ខ្វាដ/Quad រវាងសហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន និងអូស្ត្រាលីដែរ។
ការគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់តំបន់មជ្ឈិមបូព៌ា ព្រោះសហរដ្ឋអាមេរិកព្យាយាមបប្រែក្លាយអ៊ីរ៉ង់ឱ្យទៅជាការគំរាមកំហែងរួមមួយ ហើយជំរុញកិច្ចសហប្រតិបត្តិការរវាងអ៊ីស្រាអែលនិងបណ្ដាប្រទេសអារ៉ាប់ដែលធ្លាប់ប៉ះទង្គិចគ្នាជាមួយអ៊ីស្រាអែលជុំវិញបញ្ហាប៉ាឡេស្ទីន។
ចំណាត់ការរបស់អារ៉ាប៊ីសាអូឌីតនាខែកក្កដា ឆ្នាំ ២០២២ ដើម្បីបើកដែនអាកាសសម្រាប់យន្តហោះស៊ីវិលទាំងអស់ រួមទាំងយន្តហោះអ៊ីស្រាអែលផង ដែលពីមុនត្រូវបានហាមឃាត់ គឺស្របតាមកិច្ចខិតខំប្រឹងប្រែងទាំងនេះ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានសរសើរការសម្រេចចិត្តនេះថាជា«ជំហានដ៏សំខាន់ឆ្ពោះទៅរកការកសាងតំបន់មជ្ឈិមបូព៌ាដែលមានសមាហរណកម្មនិងស្ថិរភាពជាងមុន»។
ប៉ុន្តែកិច្ចព្រមព្រៀងនាពេលថ្មីៗកន្លងទៅនេះដើម្បីធ្វើឱ្យមានទំនាក់ទំនងធម្មតាឡើងវិញរវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់ បានកាត់បន្ថយក្តីសង្ឃឹមរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការធ្វើឱ្យទីក្រុងតេអេរ៉ង់ឯកកោ ក៏ដូចជាក្នុងការបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីស្រាអែលដែរ។ ទំនាក់ទំនងដ៏តានតឹងរវាងលោក បៃឌិន និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ក៏បង្កជាឧបសគ្គផងដែរ។
ទន្ទឹមនឹងនេះ ការថមថយឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ាជាមូលហេតុមួយទៀតដែលនាំឱ្យមានការព្រួយបារម្ភ។ ការភ្ជាប់ទំនាក់ទំនងឡើងវិញរវាងអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីតនៅក្នុងខែមីនាកន្លងទៅ ត្រូវបានសម្របសម្រួលដោយប្រទេសចិន ខណៈដែលទីក្រុងវ៉ាស៊ីនតោនស្ថិតនៅក្រៅតុចរចា។ រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីតនិងរដ្ឋាភិបាលចិនកំពុងធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ធលើគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់និងផ្លូវរបស់ប្រទេសចិន ហើយក៏ជាដៃគូលើចក្ខុវិស័យឆ្នាំ ២០៣០ ដែលជាផែនការកាត់បន្ថយការពឹងផ្អែកលើប្រេងសម្រាប់សេដ្ឋកិច្ចប្រទេសអារ៉ាប៊ីសាអូឌីត។
ប្រទេសចិននាំចូល ៧០% ឬច្រើនជាងនេះ នៃប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីត។ ការណ៍នេះជួយរៀបចំដំណាក់កាលសម្រាប់ទំនាក់ទំនងតាមបែបពឹងផ្អែកគ្នាទៅវិញទៅមក។ ទីក្រុងប៉េកាំងមើលឃើញថាទីក្រុងរីយ៉ាដជាប្រភពដ៏សំខាន់នៃការផ្គត់ផ្គង់ថាមពលប្រកបដោយស្ថិរភា តាមតម្រូវការសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន ខណៈដែលប្រទេសចិនផ្តល់ឱ្យអារ៉ាប៊ីសាអូឌីតនូវទីផ្សារនាំចេញដ៏ស្ថិតថេរមួយ។

តាមពិត ពីមុន មជ្ឈិមបូព៌ាមានគុណតម្លៃតិចសម្រាប់សហរដ្ឋអាមេរិក។ ម្យ៉ាងគឺដោយសារសហរដ្ឋអាមេរិកហាក់ដូចជាមានឯករាជ្យភាពក្នុងវិស័យថាមពល បន្ទាប់ពីប្រទេសនេះបានរកឃើញឧស្ម័នដ៏សន្ធឹកសន្ធាប់នៅក្នុងស្រទាប់ថ្ម។ ម្យ៉ាងទៀត ការសង្កត់ធ្ងន់របស់រដ្ឋបាលលោក បៃឌិន លើសិទ្ធិមនុស្ស ក៏បានបន្ថែមការរង្កៀសចិត្តដល់ទំនាក់ទំនងផងដែរ៕




អត្ថបទបន្ទាប់


ការវាយប្រហារក្បួនរថយន្តផ្តល់ជំនួយមនុស្សធម៌នៅមីយ៉ានម៉ា បង្កើនហានិភ័យសម្រាប់អាស៊ានដែលកំពុងប្រជុំកំពូល

ព័ត៌មាន
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិងសមាជិកនៃកងជីវពលជនជាតិភាគតិចបាននិយាយកាលពីថ្ងៃចន្ទថា ក្បួនរថយន្តរួមទាំងអ្នកការទូតតំណាងឱ្យសមាគមប្រជាជាតិអាស៊ីអាគ្នេ…

កម្ពុជាស្នើវៀតណាម ជួយសម្របសម្រួលការអូសខ្សែបញ្ជូនអគ្គិសនីក្រោមបាតសមុទ្រពីកម្ពុជាឆ្លងកាត់វៀតណាម ដើម្បីឆ្ពោះទៅកាន់សិង្ហបុរី

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើដល់នាយករដ្ឋមន្រ្តីវៀតណាម ឱ្យជួយសម្របសម្រួលការអូសខ្សែបញ្ជូនអគ្គិសនីក្រោមបាតសមុទ្រពីកម្ពុជាឆ្លងកាត់វៀតណាម ដើម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ