
កម្ពុជាទទួលបានទុនវិនិយោគផ្ទាល់ពីបរទេសប្រមាណ២ពាន់លានដុល្លារអាម៉េរិកនៅឆមាសទី១ឆ្នាំ២០២៥ មានការកើនឡើងជាង១៣%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ដែលបានបន្ថែមថា លំហូរទុនវិនិយោគទាំងនេះ ត្រូវបានស្រូបទាញដោយវិស័យចម្បងៗដូចជាវិស័យកម្មន្តសាល និងកសិកម្ម។ ប្រទេសចិននៅតែបន្តនាំមុខគេក្នុងការវិនិយោគនៅកម្ពុជាដោយបានរួមចំណែកចំនួន៧៧% បន្ទាប់មកកូរ៉េ សិង្ហបុរី កាណាដា និងម៉ាឡេស៊ីជាដើម។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានចាត់ទុនកំណើនទុនវិនិយោគផ្ទាល់ពីបរទេសនេះ វាជាសញ្ញាណវិជ្ជមានសម្រាប់សេដ្ឋកិច្ចកម្ពុជានៅក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់ និងជួបប្រទះនូវបញ្ហាប្រឈមជាច្រើន។ ស្របពេលកម្ពុជាទទួលបានអត្រាពន្ធបដិការទាបក្នុងកម្រិត១៩%ពីសហរដ្ឋអាម៉េរិកអ្នកជំនាញរូបនេះជឿជាក់ថា វានឹងក្លាយជាមេដែកដ៏សំខាន់មួយទៀតក្នុងការទាក់ទាញវិនិយោគិន និងក្រុមហ៊ុនបរទេសឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។
ស្រដៀងគ្នានេះលោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចបានចាត់ទុកកំណើនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិពីមួយឆ្នាំទៅមួយឆ្នាំ។ តាមរយៈកំណើននៅឆមាសទី១ អ្នកជំនាញរូបនេះជឿជាក់ថា ទុនវិនិយោគផ្ទាល់ពីបរទេសរបស់កម្ពុជានឹងមានការកើនឡើងបន្ថែមទៀតនៅឆមាសទី២ឆ្នាំនេះ និងឆ្នាំខាងមុខ ពិសេសក្នុងវិស័យឧស្សាហកម្មកាត់ដេរតែម្តង ក្រោយកម្ពុជាទទួលបានអត្រាពន្ធគយបដិការ១៩%ពីសហរដ្ឋអាម៉េរិក ដែលធ្វើឱ្យកម្ពុជាមានលទ្ធភាពខ្ពស់ក្នុងការប្រកួតប្រជែងជាមួយបណ្តាប្រទេសនានាដែលនាំចេញទំនិញក្នុងវិស័យនេះទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។
ជាមួយគ្នានេះអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជាបានវាយតម្លៃថា កំណើនទុនវិនិយោគផ្ទាល់ពីបរទេសរបស់កម្ពុជា ដែលភាគច្រើននៅក្នុងវិស័យកម្មន្តសាល និងកសិកម្មនេះ ក៏ដោយសារវិស័យទាំងពីរនេះកំពុងមានសក្តានុពលខ្ពស់នៅកម្ពុជា បន្ទាប់ពីប្រទេសមួយចំនួនបានផ្លាស់ប្តូរពីវិស័យទាំងនេះទៅចាប់យកវិស័យឧស្សាហកម្មធុនធ្ងន់ ដែលបានផ្តល់ឱកាសខ្ពស់សម្រាប់កម្ពុជា។ បើតាមអ្នកជំនាញរូបនេះ កម្ពុជានឹងមានឱកាសកាន់តែខ្ពស់ក្នុងការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស ក្រោយពន្ធបដិការរបស់អាម៉េរិកដាក់មកលើកម្ពុជាចូលជាធរមាន ខណៈបច្ចុប្បន្នមានវិនិយោគិនជាច្រើនកំពុងសម្លឹងមើលឱកាសវិនិយោគនៅកម្ពុជា។
គួរជម្រាបថា តាមការបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន៤២៦គម្រោង ដែលអាចបង្កើតការងារបានជាង៣០ម៉ឺនកន្លែង ហើយចំនួនគម្រោងដែលទទួលបាននេះ គឺលើសពីចំនួនគម្រោងដែលកម្ពុជាទទួលបាននៅពេញមួយឆ្នាំ២០២៤ ទៅទៀត ដែលកត្តានេះបានជំរុញឱ្យឯកឧត្តមរំពឹងថា កម្ពុជានឹងអាចទទួលបានគម្រោងវិនិយោគលើសពី៥០០គម្រោងនៅពេញមួយឆ្នាំ២០២៥នេះ៕