ទីផ្សារទឹកដោះគោស្រស់

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជានៅតែកើនខ្លាំង ទោះមានបញ្ហាកូវីដ-១៩មករំខានក្ដី


កសិដ្ឋានផលិតទឹកគោស្រស់ធំៗនៅកម្ពុជា បានឲ្យដឹងថា វិបត្តិជំងឺកូវីដ-១៩ មិនត្រឹមតែ មិនបានធ្វើឲ្យផលិតកម្ម និងការលក់ទឹកគោស្រស់មានបញ្ហានោះទេ តែបែរជាតម្រូវការមានកំណើនខ្លាំងថែមទៀតផង រហូតដល់ការផលិតមិនគ្រប់គ្រាន់តាមការកម្មង់ទិញថែមទៀត។ កំណើននៃតម្រូវការទឹកគោស្រស់របស់កសិដ្ឋានក្នុងស្រុកនេះ ត្រូវបានអ្នកគ្រប់គ្រងក្រុមហ៊ុនផលិតទឹកដោះគោស្រស់អះអាង ដោយសារតែប្រជាជនកម្ពុជា ងាកមកពេញចិត្ត និងគាំទ្ររសជាតិផលិតផលទឹកដោះគោស្រស់ក្នុងស្រុក ជាជាងការប្រើប្រាស់ផលិតផលនាំចូល។
កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ទំនើប​បំផុត​នៅ​កម្ពុជា ចាប់​ផ្ដើម​ផលិតកម្ម​របស់​ខ្លួនហើយ ទោះ​ក្នុងអំឡុងពេល​​កូវីដ-១៩ក្ដី​
ដោយ

លោក ឈ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh milk ដែលជាក្រុមហ៊ុនគ្រប់គ្រងលើកសិដ្ឋានគិរីសួគ៌ បានប្រាប់ខេមបូណូមីសថា  បច្ចុប្បន្ននេះ កំណើននៃតម្រូវការទឹកដោះគោស្រស់ពីសិដ្ឋានគិរីសួគ៌ មានការកើនឡើងយ៉ាងខ្លាំងជារៀងរាល់ថ្ងៃ ពោលកើនឡើងពី២ពាន់លីត្រ កាលពីលក់ដំបូង រហូតដល់៧ពាន់លីត្រ ក្នុងមួយថ្ងៃ។

លោក ឈ រិទ្ធី បានបង្ហាញពីក្តីរីករាយ នៅពេលដែលពលរដ្ឋខ្មែរកាន់តែចាប់ផ្តើមពេញនិយមគាំទ្រផលិតផលក្នុងស្រុក ហើយលោកបញ្ជាក់ថា នៅឆ្នាំក្រោយ ក្រុមហ៊ុនកសិដ្ឋានគិរីសួគ៌ នឹងបង្កើនចំនួនគោផ្តល់ទឹកដោះដល់ ៧០០ក្បាល ដើម្បីជំរុញឱ្យបរិមាណផ្គត់ផ្គង់នៅក្នុងស្រុកឲ្យបានដល់ជាង១ម៉ឺនលីត្រនៅក្នុងមួយថ្ងៃ។

ចំណែកឯ ក្រុមហ៊ុន រស្មី សេដ្ឋា  ដែលគ្រប់គ្រងលើកសិដ្ឋានផលិតទឹកដោះគោតេជោសែនឬស្សីត្រឹមក្នុងខេត្តព្រះវិហារវិញ ក៏បានលើកឡើងពីកំណើនការលក់ទឹកដោះគោស្រស់របស់ខ្លួនដែរ ដោយអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុននេះ អះអាងថា បច្ចុប្បន្នការផ្គត់ផ្គង់ទឹកដោះគោស្រស់នៅលើទីផ្សារ គឺមិនគ្រប់គ្រាន់នោះទេ ដោយសារាតែតម្រូវការធំជាងការផ្គត់ផ្គង់ទ្វេដង។

លោក ជួន ធារិទ្ធ  នាយក គ្រប់គ្រង ទូទៅ នៃ ក្រុមហ៊ុន រស្មី សេដ្ឋា  បានបញ្ជាក់ថា មូលហេតុដែលការផ្គត់ផ្គង់ទឹកដោះគោស្រស់របស់ក្រុមហ៊ុនលោក មានកំណើនខ្លាំងបែបនេះ ដោយសារតែអតិថិជនភាគច្រើនចាប់ផ្តើមឲ្យតម្លៃទៅលើរសជាតិនៃទឹកគោស្រស់ក្នុងស្រុក ជាងទឹកដោះគោដែលនាំចូលពីក្រៅប្រទេស។

បើតាមការឲ្យពីអ្នកគ្រប់គ្រងកសិដ្ឋានធំៗទាំង២នេះ នៅឆ្នាំក្រោយកសិដ្ឋានគ្រោងនឹងពង្រីកការចិញ្ចឹមគោបន្ថែមទៀត ដោយក្នុងនោះ នៅកសិដ្ឋានគិរីសួគ៌ ចំនួនគោផលិតទឹកដោះនឹងកើនដល់ចំនួន៧០០ក្បាលក្នុងចំណោមគោសរុប៧៥០ក្បាល ខណៈបច្ចុប្បន្នគោអាចផលិតទឹកដោះបាន មានត្រឹមពាក់កណ្តាលនៃចំនួនគោសរុបប៉ុណ្ណោះ ។ ដោយឡែក កសិដ្ឋានផលិតទឹកដោះគោតេជោសែនឬស្សីត្រឹបក្នុងខេត្តព្រះវិហារវិញ អះអាងថា នឹងបង្កើនចំនួនគោផលិតទឹកដោះបន្ថែមទៀត តែមិនទាន់អាចបញ្ជាក់ពីចំនួនច្បាស់លាស់នៅឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីកសិកម្មរំពឹងខ្ពស់ថា កម្ពុជានឹងសម្រេចផែនការនាំចេញផលិតផលកសិកម្មជាង៧លានតោន នៅឆ្នាំនេះ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទរំពឹងថា ផលិតផលកសិកម្មមានសក្តានុពលមួយចំនួនដូចជា ស្រូវ គ្រាប់ស្វាយចន្ទី ពោត ដំឡូងមី និង ផ្ល…

រៀតណាមកើតក្ដីបារម្ភកាន់តែខ្លាំង ក្រោយរកឃើញកូវីដ-១៩កូនកាត់បំប្លែងខ្លួនថ្មី

ព័ត៌មាន
ការផ្ទុះរាលដាលកូវីដ-១៩ បាននិងកំពុងប្រឈមនឹងបញ្ហាកាន់តែខ្លាំង ក្រោយពេលពេលដែលប្រទេសក្បែរខាងកម្ពុជាមួយនេះ នាចុងសប្ដាហ៍មុនបានប្រកាសពីរកឃើញក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ