កិច្ចព្រមព្រៀង AUKUS គឺមានដំណាក់កាល និងផ្នែកជាច្រើននៃលក្ខខណ្ឌការពារគ្នាទៅវិញទៅមក ដែលក្នុងនោះនៅប៉ុន្មានឆ្នាំខាងមុខនេះ នាវាមុជទឹកមួយគ្រឿងនឹងត្រូវបានអនុញ្ញាតឱ្យចូលចតនៅក្នុងកំពងផែរបស់អូស្ត្រាលី ព្រមទាំងការសាងសង់នាវាមុជទឹកតាមរចនាបទរបស់អង់គ្លេសជាមួយនឹងបច្ចេកវិទ្យាអាមេរិកសម្រាប់ទីក្រុងកង់បេរ៉ា ដែលនឹងត្រូវបញ្ចប់នៅឆ្នាំ២០៣០ខាងមុខផងដែរ។
ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងធ្វើជាម្ចាស់ផ្ទះទទួលជួបមេដឹកនាំនៃប្រទេសអូស្ត្រាលី និងអង់គ្លេសនៅទីក្រុង San Diego នៅថ្ងៃចន្ទ ទី ១៣ ខែមីនាសប្តាហ៍ក្រោយនេះ ដើម្បីរៀបចំផែនផ្តល់ឱ្យអូស្ត្រាលីនូវនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងអាវុធបច្ចេកវិទ្យាខ្ពស់ផ្សេងទៀត។
ជុំវិញកិច្ចព្រមព្រៀង AUKUS នេះដែរ ប្រទេសចិនបានថ្កោលទោសសម្ព័ន្ធមិត្តលោកខាងលិចជាពិសេសអាមេរិក ដែលចង់ទប់ទល់នឹងការបង្កើនវត្តមានយោធារបស់ចិននៅសមុទ្រចិនខាងត្បូង ក៏ដូចជាការដាក់សម្ពាធលើកោះតៃវ៉ាន់ជាដើម។
ក្រោមកិច្ចព្រមព្រៀង AUKUS នៅដើមទសវត្សរ៍ឆ្នាំ២០៣០ អូស្ត្រាលីនឹងទិញនាវាមុជទឹក Virginia ចំនួន ៣ គ្រឿង និងមានជម្រើសក្នុងការទិញពីរគ្រឿងបន្ថែមទៀត។ អូស្ត្រាលីមាននាវាមុជទឹកប្រភេទ Collins ដើរដោយថាមពលប្រេងសាំងចំនួនប្រាំមួយគ្រឿងរួចមកហើយ តែខ្លួនចង់បានប្រភេទដើរដោយថាមពលនុយក្លេអ៊ែរ ព្រោះវាអាចធ្វើប្រតិបត្តិការនៅក្រោមសមុទ្របានយូរជាងនាវាប្រេងសាំង និងមានសមត្ថភាពខ្ពស់ក្នុងគេចពីការចាប់សញ្ញា។
ស្ថានទូតអង់គ្លេសនៅទីក្រុងវ៉ាស៊ីនតោនក៏មិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់លើរបាយការណ៍របស់សារព័ត៌មានរ៉យទ័រជុំវិញរឿងទិញនាវាមុជទឹកនេះដែរថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak ពិតជានឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកសម្រាប់កិច្ចពិភាក្សានៃក្របខណ្ឌ AUKUS នេះនៅសប្តាហ៍ក្រោយ។
មែនទែនទៅ ក្រោមកិច្ចព្រមព្រៀងដំបូងរបស់ AUKUS ដែលបានប្រកាសនៅឆ្នាំ២០២១ សហរដ្ឋអាមេរិក និងអង់គ្លេសបានព្រមព្រៀងគ្នាក្នុងការផ្តល់ឱ្យអូស្ត្រាលីនូវបច្ចេកវិទ្យា និងសមត្ថភាពដើម្បីដាក់ពង្រាយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីទប់ទល់នឹងការគំរាមកំហែងកាន់តែខ្លាំងឡើង ដែលបង្កឡើងដោយប្រទេសចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕