ក្រុមហ៊ុនផលិតសម្ភារៈអាគុយ អូសវ៉ូល (Austvolt) បានបើកមន្ទីរពិសោធន៍ស្រាវជ្រាវ និងអភិវឌ្ឍន៍មួយកាលពីថ្ងៃពុធ ទី២៣ ខែសីហានៅក្នុងទីក្រុងបេនលី (Bentley) នៅរដ្ឋអូស្រ្តាលីខាងលិច (Western Australia) នៃប្រទេសអូស្ត្រាលី។
ស្ថិតនៅក្រោមការជួយផ្ដល់មូលនិធិចំនួនជិត ២លានដុល្លារអាមេរិក ពីរដ្ឋាភិបាលក្នុងតំបន់នេះ មន្ទីរពិសោធន៍របស់ក្រុមហ៊ុន អូសវ៉ុល នឹងអនុញ្ញាតឱ្យក្រុមហ៊ុននេះអាច ពន្លឿនការអភិវឌ្ឍសម្ភារៈអាគុយម្យ៉ាងហៅថា ភីខេម (pCAM) ជាផ្នែកដ៏សំខាន់មួយនៃអាគុយរថយន្តអគ្គិសនី។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយបានឱ្យដឹងថា នាយករដ្ឋមន្ត្រីអូស្ត្រាលីនៅរដ្ឋអូស្ត្រាលីខាងលិច គឺ លោក រ៉កជឺ ឃូក (Roger Cook) បានពណ៌នាការបើកដំណើរមន្ទីរពិសោធន៍នេះថាជា «ជំហានដ៏សំខាន់មួយ» ឆ្ពោះទៅរកការកសាងរោងចក្រផលិតខ្នាតធំមួយរបស់ក្រុមហ៊ុន អូសវ៉ូល។
រោងចក្រនេះត្រូវបានគេរំពឹងថា នឹងផលិតបានសម្ភារៈអាគុយភីខេមចំនួន៤ម៉ឺនតោនក្នុងមួយឆ្នាំ ដែលគ្រប់គ្រាន់សម្រាប់ផលិតអាគុយរថយន្តអគ្គិសនីបានរាប់ពាន់គ្រឿង ហើយលោក ឃូក បាននិយាយថា ផលិតកម្មនេះនឹងបង្កើតបានការងារក្នុងស្រុករាប់រយកន្លែង។
គម្រោងនេះបានកើតឡើងបន្ទាប់ពីលោក រីឆាដ ម៉ាឡិស (Richard Marles) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិរបស់អូស្ត្រាលីបានធ្វើទស្សនកិច្ចកាលពីខែឧសភាទៅកាន់ទីក្រុងហ្គីឡុង (Geelong) នៅភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលីជាកន្លែង ដែលឧស្សាហកម្មបញ្ចូលថាមពល Recharge Industries គ្រោងនឹងចាប់ផ្តើមសាងសង់រោងចក្រអាគុយនៅទីនោះ។
ទីក្រុង ហ្គីឡុង ធ្លាប់ជាកន្លែងរបស់រោងចក្រដំឡើងរថយន្ត Ford Motor ដែលមានបុគ្គលិកប្រហែល ៩០០នាក់ ហើយឧស្សាហកម្ម Recharge Industries ដែលជាអង្គភាពនៃមូលនិធិវិនិយោគរបស់សហរដ្ឋអាមេរិកនោះកំពុងសម្លឹងឃើញការប្រែក្លាយទីក្រុងនេះឱ្យទៅជាមជ្ឈមណ្ឌលឧស្សាហកម្មថ្មីមួយ។
លោក ម៉ាឡិស បាននិយាយក្នុងដំណើរទស្សនកិច្ចរបស់លោកនៅពេលនោះថា នេះគឺជាការផលិតអាគុយជាលើកដំបូងសម្រាប់ប្រទេសអូស្ត្រាលី ហើយវាគឺជាវត្ថុដ៏សំខាន់បំផុតមួយដែលឧស្សាហកម្ម អូស្ត្រាលីបានតាមស្វែងរកជាយូរមកហើយ។
ក្រុមហ៊ុន Recharge Industries គ្រោងនឹងសាងសង់រោងចក្រ ដែលអាចផលិតថាមពលប្រចាំឆ្នាំបាន៣០ជីហ្គាវ៉ាត់ម៉ោង ដែលវាគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់អាគុយដល់រថយន្តអគ្គិសនីប្រហែល ៣០ ម៉ឺន គ្រឿង។ រោងចក្រនេះនឹងចាប់ផ្ដើមសាងសង់នៅរង្វង់ខែឧសភា ឆ្នាំ២០២៤ ហើយនឹងចាប់ផ្ដើមដំណើរការផលិតកម្មចាប់ពីឆ្នាំ២០២៥ជាមួយការរំពឹងថានឹងអាចផ្ដល់កន្លែងការងារបានចំនួនជាង២ពាន់៥រយកន្លែង៕