កាលពីពេលថ្មីៗនេះ ចិនបានហាមការនាំចូលសាច់គោអូស្ត្រាលី និងបានកំណត់ការយកពន្ធទៅលើផលិតផលស្រូវ Barley របស់អូស្ត្រាលី ព្រមទាំងបានចេញការព្រមានផ្សេងៗទៀត ចំពោះប្រទេសអូស្ត្រាលី បន្ទាប់ពីអូស្ត្រាលីបានអំពាវនាវឲ្យមានការស៊ើបអង្កេតជាអន្តរជាតិដើម្បីស្រាវជ្រាវរកប្រភពនៃជំងឺរាតត្បាតកូរ៉ូណា (កូវីដ១៩) ដែលការអំពាវនាវនេះបានធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំងខឹងច្រឡោត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រ។
កាលពីខែមុន សន្និបាតសុខភាពពិភពលោកបានបោះឆ្នោតគាំទ្រឲ្យមានការពិនិត្យឡើងវិញដោយឯករាជ្យ ទៅលើជំងឺរាតត្បាតនេះ បន្ទាប់ពីអូស្ត្រាលីនិងសហភាពអឺរ៉ុបបានធ្វើការបញ្ចុះបញ្ចូល។
នៅថ្ងៃអង្គារ ដើមសប្ដាហ៍នេះ ក្រសួងអប់រំចិនបាននិយាយថា និស្សិតចិនគួរតែពិចារណាឡើងវិញអំពីការជ្រើសរើសទៅរៀននៅអូស្រ្តាលី ដែលជាការគំរាមដល់វិស័យនាំចេញដ៏ធំបំផុតទី៤របស់អូស្រ្តាលី គឺវិស័យអប់រំអន្តរជាតិ ដែលរកចំណូលឲ្យអូស្ត្រាលីរៀងរាល់ឆ្នាំបានប្រហែល ២៦ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ។
លោកនាយរដ្ឋមន្ត្រី ស្កុត ម៉ូរីសុន បាននិយាយដូច្នេះថា "យើងគឺជាប្រទេសរកស៊ីដោយបើកចំហ ប៉ុន្តែ ខ្ញុំនឹងមិនធ្វើពាណិជ្ជកម្មគុណតម្លៃរបស់យើង ជាការឆ្លើយតបទៅនឹងការសម្លុតកំហែងឡើយ ទោះបីវាចេញពីប្រភពណាក៏ដោយ"។
ការព្រមានដល់និស្សិតបានកើតឡើងនៅបន្ទាប់ពីការព្រមានស្រដៀងគ្នានេះមួយទៀតកាលពីសប្ដាហ៍មុនពីសំណាក់ក្រុងប៉េកាំង ដែលជំរុញឲ្យអ្នកទេសចរចិនជៀសវាងប្រទេសអូស្ត្រាលី។
ក្នុងករណីទាំងពីរនេះ មន្ត្រីចិនបាននិយាយថា ការព្រមានទាំងនេះគឺដោយសារតែមានការវាយប្រហារបែបរើសអើងពូជសាសន៍ប្រឆាំងនឹងជនជាតិអាស៊ីក្នុងអំឡុងពេលនៃការផ្ទុះជំងឺរាតត្បាតកូវីដ១៩។
អូស្រ្តាលីបានដាក់លិខិតជំទាស់តវ៉ារួចហើយ ទៅកាន់ក្រសួងការបរទេសចិននៅទីក្រុងប៉េកាំង និងនៅស្ថានទូតចិនប្រចាំទីក្រុងកង់ប៊ែរ៉ា អំពីការព្រមានរបស់ចិនទាក់ទងនឹងការធ្វើដំណើរ និងនិស្សិត។ នេះបើយោងតាមក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី។
សម្ព័ន្ធតំណាងឲ្យសាកលវិទ្យាល័យលំដាប់កំពូលៗរបស់អូស្ត្រាលីចំនួន ៨ បាននិយាយថា ការអប់រំអន្តរជាតិបាននិងកំពុងត្រូវគេ"ប្រើប្រាស់ជាកូនអុកនយោបាយ"។
ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្ត្រាលី ដោយទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងអូស្ត្រាលីមានទៅដល់ ២៣៥ពាន់លានដុល្លារអូស្ត្រាលី ក្នុងមួយឆ្នាំ៕