ចិន-អូស្ត្រាលី

ទំនាក់ទំនងប្រះឆារវាងចិន និងអូស្ត្រាលីនឹងអាចស្ដារមកវិញបានដែរឬទេ ខណៈប្រមុខការទូតអូស្ត្រាលីនឹងបំពេញទស្សនកិច្ចនៅចិនសប្ដាហ៍នេះ?


នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បាននិយាយកាលពីថ្ងៃចន្ទ ទី១៩ ខែធ្នូ ថា រដ្ឋមន្ត្រីការបរទេសរបស់លោក គឺលោកស្រី Penny Wong នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនក្នុងសប្តាហ៍នេះ ដែលជាសញ្ញាបង្ហាញពីការវិលទៅរកភាពល្អប្រសើរឡើងនៃទំនាក់ទំនងការទូតរវាងទីក្រុងប៉េកាំង និងទីក្រុងកង់បេរ៉ា ខណៈដែលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសទាំងពីរបានពាក់មុខយក្សដាក់គ្នាទាំងនៅក្នុងផ្នែកនយោបាយការទូត និងបញ្ហាជម្លោះពាណិជ្ជកម្មផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
តើទំនាក់ទំនងការទូតរវាងចិន និងអូស្ត្រាលីអាចនឹងមានភាពល្អប្រសើរឡើងវិញដែរឬទេ?

លោកស្រី Wong នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងមានការជួបធ្វើកិច្ចសន្ទនាយុទ្ធសាស្ត្រការបរទេសរវាងអូស្ត្រាលី-ចិនលើកទី៦ ចំពេលដែលប្រទេសទាំងពីរក៏គ្រោងនឹងប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងការទូតរវាងគ្នាផងដែរ។ ដំណើរទស្សនកិច្ចលើកនេះ វានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ទីក្រុងប៉េកាំងរបស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីបើគិតចាប់តាំងពីឆ្នាំ២០១៩ និងជាកិច្ចពិភាក្សាផ្លូវការលើកដំបូងបំផុតរវាងអ្នកការទូតកំពូលរបស់ប្រទេសទាំងពីរចាប់តាំងពីឆ្នាំ២០១៨មក។

លោក អាល់បានេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អូស្ត្រាលីស្វែងរកទំនាក់ទំនងដែលមានស្ថិរភាពជាមួយប្រទេសចិន ហើយយើងនឹងសហការតាមលទ្ធភាពដែលយើងអាចធ្វើទៅបាន ដើម្បីចូលរួមក្នុងធ្វើយ៉ាងណាបម្រើផលប្រយោជន៍ជាតិ»។

មែនទែនទៅ ទំនាក់ទំនងការទូតរវាងអូស្ត្រាលី និងដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន គឺប្រទេសចិន បានស្គាល់នូវភាពមិនត្រូវរូវគ្នាខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយទីក្រុងប៉េកាំងបានដាក់ទណ្ឌកម្មលើការនាំចេញរបស់អូស្ត្រាលី ដោយហេតុថាទីក្រុងកង់បេរ៉ាបានអំពាវនាវឱ្យមានការស៊ើបអង្កេតអន្តរជាតិអំពីប្រភពដើមនៃជំងឺរាតត្បាតកូវីដ១៩ ដែលបានផ្ទុះចេញពីទីក្រុងវ៉ូហានប្រទេសចិន។ បន្ថែមពីនេះ ទីក្រុងប៉េកាំងក៏បានខឹងសម្បារផងដែរចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលបានហាមឃាត់ក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei លើបណ្តាញប្រព័ន្ធ 5G ក្នុងប្រទេសអូស្ត្រាលី។

ប្រធានក្រុមប្រឹក្សាធុរកិច្ចនៃគណៈកម្មាធិការអន្តរជាតិរបស់ប្រទេសអូស្ត្រាលី លោក Warwick Smith បាននិយាយថា សហគមន៍ធុរកិច្ចបានស្វាគមន៍ចំពោះដំណើររបស់លោកស្រី Wong។ លោកបានអះអាងថា «ដំណើរនេះគឺដើម្បីអបអរសាទរខួបទី ៥០ ឆ្នាំនៃទំនាក់ទំនងជាមួយប្រទេសចិន ហើយវាពិតជាមានសារៈសំខាន់ណាស់» ដោយក្នុងនោះ លោក ស្មីត បាននិយាយថា ដោយសារការផ្ទុះការរាតត្បាតជំងឺកូវីដ១៩នៅក្នុងប្រទេសចិនថ្មីៗនេះ ដំណើរទស្សនកិច្ចរបស់លោកស្រី ផេនី វ៉ុង នឹងមិនមានវត្តមានគណៈប្រតិភូធុរកិច្ចអមដំណើរនោះទេ។

ដោយឡែក ប្រទេសចិននៅតែជាអ្នកទិញលំដាប់កំពូលនៃការនាំចេញរ៉ែដែកដ៏ធំបំផុតរបស់អូស្ត្រាលី ហើយកំពុងស្វែងរកការយល់ព្រមពីទីក្រុង កង់ប៉េរា ដើម្បីចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិកផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកការទូតអូស្ត្រាលីធ្លាប់បាននិយាយថា ការផ្លាស់ប្តូរជំហររបស់ទីក្រុងកង់បេរ៉ាក្នុងការបង្កើនទំនាក់ទំនងជាមួយទីក្រុងប៉េកាំងនឹងមិននាំមកនូវការផ្លាស់ប្តូរនៅក្នុងគោលនយោបាយការពារជាតិរបស់ខ្លួននោះទេ។ ផ្ទុយទៅវិញ នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការពារជាតិក្នុងទីក្រុងវ៉ាស៊ីនតោនក្នុងខែនេះ អូស្ត្រាលី និងសហរដ្ឋអាមេរិកបានប្រកាសរួមគ្នាថានឹងប្រឆាំងនឹង «សកម្មភាពយោធាបង្កហេតុ» ណាមួយរបស់ចិន។

សូមបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងលោកខាងលិចដែលមានភាពតានតឹងខ្លាំងនោះ ហាក់មានសភាពស្រកចុះមកវិញបន្ដិច នៅក្រោយពេលដែល មានជំនួបទល់មុខគ្នារវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជាមួយនឹងក្រុមមេដឹកនាំកំពូលៗនៃប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិកផងដែរ នៅអំឡុងកិច្ចប្រជុំកំពូល G20 នៅឥណ្ឌូនេស៊ី កាលពីខែវិច្ឆិកាកន្លងទៅនេះ។




អត្ថបទបន្ទាប់


ចិនកំពុងបារម្ភពីអត្រាអតិផរណាកើនខ្ពស់ ចំពេលតម្រូវការក្នុងស្រុកហក់ឡើងខ្លាំង ក្រោយលើកលែងវិធានការបិទខ្ទប់កូវីដ១៩

ព័ត៌មាន
ចិនបាននិងកំពុងបើកដំណើរការប្រទេសឡើងវិញ ក្រោយកាត់បន្ថយគោលនយោបាយដ៏តឹងរ៉ឹង សូន្យកូវីដ១៩កាលពីប៉ុន្មានសប្តាហ៍មុន។ សម្រាប់ចិនខ្លួនឯង ការលែង…

អាមេរិក និងសម្ព័ន្ធមិត្ត គ្រោងបង្កើតក្រុមការងារឃ្លាំមើលប្រទេសចិន ដើម្បីទប់ស្កាត់អំណាចរបស់ក្រុងប៉េកាំង

ព័ត៌មាន
សហរដ្ឋអាមេរិកនឹងស្វែងរកការរួបរួមជាមួយប្រទេសសម្ព័ន្ធមិត្ត ដូចជា ជប៉ុន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុបជាដើម ក្នុងការស្វែងរកមធ្យោបាយដើម្បីទប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ