ជម្លោះចិន-អាមេរិក

មន្ត្រីជាន់ខ្ពស់ចិនប្រចាំហុងកុង៖ ការដាក់ទណ្ឌកម្មរបស់អាមេរិកថាមាន«ចេតនាអាក្រក់»


រដ្ឋមន្ត្រីការបរទេសចិនប្រចាំនៅក្រុងហុងកុងបានឆ្លើយតបទៅកាន់អាមេរិក ចំពោះការដាក់ទណ្ឌកម្មក្រុមហ៊ុនចិនក្នុងបញ្ជីខ្មៅ និងការព្រមានក្រុមហ៊ុនអាមេរិកពីហានិភ័យអាជីវកម្មនៅហុងកុង ថាជាចេតនាមួយដ៏អាក្រក់ គ្មានសុជីវធម៌ និងមិនសមហេតុសមផលជាទីបំផុត។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មន្ត្រីជាន់ខ្ពស់ចិនប្រចាំហុងកុង៖ ការដាក់ទណ្ឌកម្មរបស់អាមេរិកថាមាន«ចេតនាអាក្រក់»
ដោយ

ការឆ្លើយតបទៅកាន់ និងចោទប្រកាន់ខ្លាំងៗ​ទៅលើសហរដ្ឋអាមេរិកពី​មន្រ្តីជាន់ខ្ពស់ចិន​ប្រចាំនៅក្រុងហុងកុងដូចនេះ ធ្វើឡើងនៅបន្ទាប់ពីការដាក់សម្ពាធ​ផ្ទួនៗពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មកលើក្រុងប៉េកាំង ក្នុងសំណុំរឿង​ជាច្រើន ដូចជាបញ្ហាសិទ្ធិមនុស្ស​នៅតំបន់​ស៊ីនជាំង និងហុងកុង និងបញ្ហាសេដ្ឋកិច្ច អាជីវកម្ម​ផងដែរ។

កាលពីថ្ងៃព្រហស្បតិ៍​សប្តាហ៍មុន អាមេរិក​បានចេញមុខព្រមាន​ក្រុមហ៊ុន​អាមេរិក​ទាំងឡាយណាដែលមានប្រតិបត្តិការអាជីវកម្មនៅហុងកុង អំពីហានិភ័យនៃ​លទ្ធភាព​របស់​រដ្ឋាភិបាល​ចិន​​ក្នុង​ការ​ប្រមូល​យក​ទិន្នន័យ​របស់​​ក្រុមហ៊ុន​​អា​មេ​រិ​ក​ណា ​ដែល​រក្សា​ទុក​ទិន្នន័យ​ទាំងនោះ​​នៅ​ហុងកុង​។

ជាមួយគ្នានេះ កាលពីថ្ងៃសុក្រសប្តាហ៍មុន រដ្ឋបាលលោកចូបៃឌិន បានបន្ថែម​ទណ្ឌកម្មលើមន្ត្រីចិនចំនួនប្រាំពីរនាក់ទៀត​ជុំវិញការពាក់ព័ន្ធនឹងការបង្រ្កាបចលនា​សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ​នៅហុងកុងកាលពី​ឆ្នាំ២០១៩។​

នៅថ្ងៃដដែល ព្រឹទ្ធសភាអាមេរិក​បានអនុម័ត​ច្បាប់ហាមឃាត់​ការនាំចូលមុខទំនិញ​ទាំងអស់ ដែលផលិតចេញពី​តំបន់ស្វយ័ត​ស៊ិនជាំង​អ៊ុយហ្គួរប្រទេសចិន ក្រោមហេតុផល មានការ​សម្របសម្រួល​​ឲ្យ​មានការ​ការ​ធ្វើ​ការងារ​ដោយ​បង្ខំ ដោយ​ចាប់​ឃុំខ្លួន​ជនជាតិ​អ៊ុយ​ហ្គួ​រ និង កម្មករ​កាន់សាសនា​មូ​ស្លី​ម​ផ្សេង​ៗ​ទៀត​សរុប​ប្រមាណ​ជិត​​១​លាន​នាក់​តាំងពី​ឆ្នាំ​២០១៦​មក​ម្ល៉េះ​។

មិនយូរប៉ុន្មានក្រោយមក ក្នុងថ្ងៃបន្ទាប់ អ្នកនាំពាក្យក្រសួងការបរទេសចិនប្រចាំនៅហុងកុងបានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពរបស់សហរដ្ឋអាមេរិក ដោយភាគីចិនបានចោទប្រកាន់ថា ជាការជ្រៀតជ្រែកដោយបើកចំហទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ហុងកុងនិងរដ្ឋាភិបាលចិនដីគោក។

ទន្ទឹមនឹងនេះ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន អ្នកនាំពាក្យ​​ក្រុងហុងកុង ក៏បានចេញ​មកនិយាយដែរថា ទីក្រុងវ៉ាស៊ីនតោន​បានព្យាយាមម្តងហើយ​ម្តងទៀតដើម្បី​បង្កាច់បង្ខូច​ក្រុងប៉េកាំង ក៏ដូចជាច្បាប់សន្តិសុខជាតិ ដែលត្រូវបានអនុម័តឲ្យ​យប្រើប្រាស់តាំងពីឆ្នាំទៅមិញមកម្ល៉េះ។

សូមបញ្ជាក់ថា នេះមិនមែនជារឿងថ្មី ហើយក៏មិនមែនជាលើកទី១ដែរ ដែលប្រទេសមហាអំណាច គូប្រជែងទាំងពីររមែងមាន សង្គ្រាមពាក្យសំដីនឹងគ្នា ជាពិសេសសហរដ្ឋអាមេរិកតែម្តងដែលតែងតែសាចទឹកដាក់ប្រទេសចិន ជុំវិញសំណុំរឿងជាច្រើន ដែលភាគច្រើនជាបញ្ហាសិទ្ធិមនុស្ស។

យ៉ាងណាមិញ គេអាចកត់សម្គាល់បានថា នៅមួយរយៈចុងក្រោយសហរដ្ឋអាមេរិកក្រោមរដ្ឋបាលរបស់លោកចូ បៃឌិន បានបង្កើនកិច្ចខិតខំប្រឹងប្រែងជាច្រើនក្នុងការដាក់សម្ពាធ កាន់តែខ្លាំងមែនទែនទៅលើរបបក្រុងប៉េកាំង ស្របពេលដែលបុរសខ្លាំងរបស់ចិន លោក ស៊ី ជីនពីង សច្ចាថានឹងកម្ចាត់ចោលអោយអស់បរទេសណា ដែលចង់បំបែកបំបាក់ប្រទេសចិន៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោកចូ បៃឌិនបន្ទោសក្រុមហ៊ុន Facebookថា អនុញ្ញាតឲ្យមានការផ្សារព័ត៌មានមិនត្រឹមត្រូវជុំវិញរឿងវ៉ាក់សាំង

ព័ត៌មាន
សហរដ្ឋអាមេរិកត្រូវបានគេដឹងថា បានបរាជ័យក្នុងគោលដៅចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនឲ្យបានដល់៧០% នៅត្រឹមថ្ងៃទី ៤ ខែកក្កដាកន្លងទៅនេះ។ លោកចូ បៃឌ…

រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃប្រាប់ឲ្យធនាគារ និងហិរញ្ញវត្ថុពិចារណាពន្យារពេលសង់បំណុលបន្ថែមទៀត ដើម្បីជួយអាជីវកម្មក្នុងស្រុក

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានអះអាងថា ធនាគារ រួមទាំងស្ថាប័នហិរញ្ញវត្ថុនានាគួរតែពិចារណា ប្រសិនបើធនាគារកណ្ដាលថៃអំពាវនាវឲ្យមានការពន្យារព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ