ទោះបីជាមិនបាននិយាយចំៗពីជម្លោះពាណិជ្ជកម្មរវាងខ្លួននឹងប្រទេសចិនក៏ពិតមែន ប៉ុន្តែ លោក ស្កុត ម៉ូរីសុន នាយករដ្ឋមន្ត្រីអូស្ត្រាលី បានទទួចឲ្យ អង្គការពាណិជ្ជកម្មពិភពលោកត្រូវតែមានប្រព័ន្ធដោះស្រាយជម្លោះពាណិជ្ជកម្មថ្មីមួយជាចាំបាច់ ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មនានារវាងប្រទេសនឹងប្រទេស។
ទាក់ទិននឹងបញ្ហាជម្លោះពាណិជ្ជកម្មរវាងចិន និង អូស្ត្រាលីនេះដែរ លោក ស្កុត ម៉ូរីសុន បានប្រកាសក្តែងៗថា អូស្ត្រាលីមិនឱនក្បាលក្រោមសម្ពាធពាណិជ្ជកម្មរបស់ចិនជាដាច់ខាត។ នាយករដ្ឋមន្ត្រី អូស្ត្រាលីវ័យ៥៣ ឆ្នាំរូបនេះ បានបញ្ជាក់ទៀតថា អូស្ត្រាលីបានដាក់បណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក WTO រួចហើយ ក្រោយពីប្រទេសចិនបានបង្កើនពន្ធគយជាង៨០%លើទំនិញដែលនាំចូលពីអូស្ត្រាលី ដែលបានធ្វើឲ្យខ្លួនខាតបង់ប្រាក់អស់រាប់ពាន់លានដុល្លារអាមេរិក។
អ្នកដែលរងផលប៉ះពាល់ខ្លាំងជាងគេពីជម្លោះពាណិជ្ជកម្មចិន ហើយនឹងអូស្ត្រាលីនេះ គឺក្រុមហ៊ុនរកស៊ីនាំចេញនាំចូលរវាងប្រទេសទាំងពីរហ្នឹងតែម្តង។ ជាក់ស្តែង របាយការណ៍សភាពាណិជ្ជកម្ម និង ឧស្សាហកម្មអូស្ត្រាលី បានលើកឡើងថា ការបង្កើនពន្ធគយ ដោយសារតែជម្លោះពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ កំពុងធ្វើឲ្យក្រុមហ៊ុននាំចេញនាំចូល ចំណាយកាន់តែច្រើន និង ពិបាករកប្រាក់ចំណេញកាន់តែខ្លាំង។
គួរជម្រាបថា ការដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក WTO ត្រូវចំណាយពេលច្រើនឆ្នាំ ហេតុនេះហើយ អូស្ត្រាលីបានងាកទៅរកក្រុមប្រទេសឧស្សាហកម្មរីកចម្រើន ឬហៅកាត់ថា G7 ដើម្បីស្វែងរកការគាំទ្រ និង ជួយជំរុញឲ្យ WTO ធ្វើការផ្លាស់ប្តូរប្រព័ន្ធដោះស្រាយជម្លោះឲ្យមានលក្ខណៈប្រាកដនិយម និង មានប្រសិទ្ធិភាព។
សូមរំឭកថា ប្រទេសអូស្ត្រាលី និង ចិនចាប់ផ្តើមពាក់មុខយក្សដាក់គ្នា តាំងពីឆ្នាំ២០១៨ គ្រាដែលអូស្ត្រាលីបានហាមឃាត់ក្រុមហ៊ុន Huawei ពីការអភិវឌ្ឍបណ្តាញ 5G នៅក្នុងប្រទេសរបស់ខ្លួន។ ក្រោយមក ប្រទេសទាំងពីរកាន់តែមើលមុខគ្នាលែងចំកាន់តែខ្លាំងទៀត នៅពេលដែលអូស្ត្រាលីបានទទូចឲ្យមានការស៊ើបអង្កេតឯករាជ្យមួយ ពីប្រភពដើមនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
គេនៅចាំបានថា ពេលនោះប្រទេសចិនបានឆ្លើយតបមកវិញតាមរយៈការតម្លើងពន្ធលើទំនិញរបស់អូស្ត្រាលី រួមមានស្រាក្រហម ស្រូវសាលី និង បានរិតត្បិតការនាំចូលសាច់គោ ទំពាំងបាយជូរ ធ្យូងថ្ម ដែលជាមុខទំនិញនាំចេញចាំបាច់របស់អូស្ត្រាលីទៀតផង។
សូមបបញ្ជាក់ថា ទោះបីប្រទេសទាំងពីរ ចិន និង អូស្ត្រាលី កំពុងស្ថិតក្នុងសង្វៀននៃការឈ្លោះប្រកែកគ្នាផ្នែកពាណិជ្ជកម្មក្តី ប៉ុន្តែបើគេនិយាយជារួម ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមិនបានធ្លាក់ចុះនោះទេ ពោលគឺនៅក្នុងខែឧសភាកន្លងទៅ ចិននាំចេញទៅអូស្ត្រាលីបានកើនឡើង ១,៤% មានទឹកប្រាក់សរុប ជិត៥ពាន់លានដុល្លារ ខណៈចិននាំចូលពីអូស្ត្រាលីវិញ គិតជាទឹកប្រាក់សរុបមានជិត ១៤ពាន់លានដុល្លារអាមេរិក កើនឡើង ជាង៥៥%៕