យ៉ាងណាក៏ដោយ អ្នកជំនាញក៏មានក្តីបារម្ភខ្លះថា ទិន្នផលស្រូវសាលីអាចប៉ះពាល់ ដោយសារតែភ្លៀងធ្លាក់ខ្លាំងនៅរដូវប្រមូលផលឆ្នាំនេះ ដែលអាចប៉ះពាល់ដល់គុណភាពនៃដំណាំ។ ប៉ុន្តែប្រការនេះមិនបានបញ្ឈប់ចំណាប់អារម្មណ៍របស់អ្នកទិញស្រូវសាលីពីអូស្ត្រាលីទេ ពិសេសប្រទេសចិន និងបណ្តាប្រទេសអាស៊ីដទៃ សុទ្ធតែកំពុងសម្លឹងឃើញពីសក្តានុពលមួយនេះ។
ក្រសួងកសិកម្មសហរដ្ឋអាមេរិក ហៅកាត់ថា USDA រំពឹងថា ប្រទេសអូស្ត្រាលីនឹងផលិតស្រូវសាលីបានជាង ៣៦លានតោនក្នុងឆ្នាំ ២០២២-២០២៣ ដែលនេះជាកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត។ ប៉ុន្តែបើតាមការព្យាករណ៍របស់ USDA ក្នុងរដូវប្រមូលផលខាងមុខនេះ នឹងមានភ្លៀងធ្លាក់ខ្លាំង ដែលបង្កជាក្តីបារម្ភថា ភ្លៀងធ្លាក់ខ្លាំងក្នុងរដូវប្រមូលផលនេះ អាចប៉ះពាល់ដល់គុណភាពរបស់ស្រូវសាលីបាន។
គួរជម្រាបផងដែរថា តម្លៃស្រូវសាលីខ្ពស់នេះហើយ គឺស្ថិតនៅក្នុងចំណោមកត្តាចម្បងៗផ្សេងទៀត ដែលជំរុញឱ្យកម្រិតអតិផរណាកើនឡើង នៅក្នុងប្រទេសជាច្រើនកាលពីឆ្នាំមុន ហើយកាលនោះអ្នកជំនាញក៏បានព្រមាន អំពីវិបត្តិ និងអសន្តិសុខស្បៀងអាហារពិភពលោកផងដែរ។ ដូចច្នេះប្រសិនបើតម្លៃស្រូវសាលីធ្លាក់ចុះនៅឆ្នាំនេះ សម្ពាធទីផ្សារក៏នឹងបានធូរស្រាលខ្លះដែរ។
ភាគច្រើននៃស្រូវសាលីពីអូស្ត្រាលីត្រូវបាននាំចេញទៅតំបន់អាស៊ី។ តំបន់អាស៊ីជាអ្នកនាំចូលស្រូវសាលីដ៏ធំ តំណាងឱ្យប្រមាណ ១ភាគ៤នៃការនាំចូលស្រូវសាលីជាសកល។ ក្នុងនោះ ប្រទេសចិន ជាអ្នកមានតម្រូវការគ្រាប់ធញ្ញជាតិមួយនេះ ច្រើនជាងគេក្នុងតំបន់។
យោងតាមទិន្នន័យពីគយចិនបង្ហាញថា រាប់ចាប់ពីខែមករាដល់ខែតុលាឆ្នាំ២០២២ ប្រទេសចិនបាននាំចូលស្រូវសាលីជាង ៧លានតោន ដើម្បីស្តុកទុកសម្រាប់ការប្រើប្រាស់នៅចុងឆ្នាំ២០២២ និងដើមឆ្នាំ ២០២៣ ហើយប្រហែល៦០% នៃចំនួនស្រូវសាលីសរុបនេះ គឺនាំចូលមកពីប្រទេសអូស្ត្រាលី។ ទិន្នន័យនេះកើនឡើងពីជិត ២លានតោនកាលពីឆ្នាំ២០២១។
លោក Ruan Wei មកពីវិទ្យាស្ថានស្រាវជ្រាវ Norinchukin របស់ប្រទេសជប៉ុនបានជឿថា គុណភាពនៃស្រូវសាលីអូស្ត្រាលី ស័ក្ដិសមជាមួយនឹងតម្រូវការនៃការផលិតសសៃមី ឬគុយទាវរបស់ចិន។ លោកបន្ដថា តម្លៃក៏ជាកត្តាចម្បងក្នុងការទាក់ទាញការបញ្ជាទិញពីចិនផងដែរ។ ជាក់ស្ដែង អូស្ត្រាលីលក់ស្រូវសាលីឲ្យចិនក្នុងតម្លែប្រមាណ ៣៧០ ដុល្លារក្នុងមួយតោនប៉ុណ្ណោះ ខណៈដែលអាមេរិកលក់ឱ្យក្នុងតម្លៃ៤៤០ដុល្លារ ក្នុងមួយតោនឬថ្លៃជាងនេះ។
ដោយឡែកអ្នកជំនាញផ្នែកដឹកជញ្ជូនឱ្យដឹងថា ឥឡូវនេះការដឹកជញ្ជូននៅក្នុងប្រទេសចិនក៏មានលក្ខណៈល្អប្រសើរជាងមុនផងដែរ ដោយមិនបាច់រង់ចាំយូររហូតដល់៣០ថ្ងៃដូចមុនទៀតទេ គឺរង់ចាំតែពីរបីថ្ងៃប៉ុណ្ណោះទំនិញនឹងទៅដល់គោលដៅ។ ម៉្យាងវិញទៀត អ្នកឃ្លាំមើលទីផ្សារពាណិជ្ជកម្ម មើលឃើញថា ការនាំចេញស្រូវសាលីរបស់អូស្ត្រាលី មានការប្រកួតប្រជែងកាន់តែខ្លាំងឡើង ទាំងសម្រាប់បរិភោគ និងសម្រាប់ធ្វើជាចំណីសត្វ។
ការនាំចេញស្រូវសាលីរបស់អូស្ត្រាលីទៅតំបន់អាស៊ីត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀត។ ការនាំចេញពីតំបន់ភាគខាងត្បូងអូស្ត្រាលីមាននិន្នាការកើនឡើងនៅដើមឆ្នាំនេះ ខណៈការដាំដុះនៅអាហ្សង់ទីនដែលជាអ្នកផលិតធំមួយដែរ ត្រូវបានកាត់បន្ថយយ៉ាងខ្លាំងដោយសារគ្រោះរាំងស្ងួត។ ក្រៅតែនាំទៅចិន តម្រូវការស្រូវសាលីអូស្ត្រាលីស្ទុះកើនឡើងខ្លាំងនៅ បណ្តាប្រទេសអាស៊ីអាគ្នេយ៍ផងដែរ ដូចជានៅឥណ្ឌូណេស៊ីជាដើម។
គួរជម្រាបផងដែរថា អតិផរណានៃតម្លៃស្បៀងអាហារបានគំរាមកំហែងដល់ប្រទេសនានា ទូទាំងពិភពលោកកាលពីឆ្នាំ២០២២ ដោយសារភ្លើងសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែនបានបង្កជាបញ្ហាមិនអំណោយផលដល់ការដាំដុះ និងការនាំចេញក៏មានការរាំងស្ទះ។ សន្ទស្សន៍តម្លៃគ្រាប់ធញ្ញជាតិពីអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិបង្ហាញការធ្លាក់ចុះក្នុងរយៈពេលពីរខែជាប់គ្នា ប្រមាណ១៥%។ ដោយសារតែស្រូវសាលីអូស្ត្រាលីមួយចំនួនត្រូវបានប្រើប្រាស់សម្រាប់ធ្វើជាចំណីសត្វ ដូចនេះគេក៏សង្ឃឹមដែរថា តម្លៃផលិតផលចំណីសត្វក៏ទំនងជាធ្លាក់ចុះដូចគ្នាដែរ៕
អត្ថបទ ៖ សារៀម លក្ខិណា