
មេដឹកនាំគណបក្សការងារ លោក អេនថូនី អាល់បានីស ដែលជានាយករដ្ឋមន្ត្រីទីមួយរបស់ប្រទេសអូស្ត្រាលី ដែលបានកាន់អំណាចពីរអាណត្តិជាប់គ្នាក្នុងរយៈពេលពីរទសវត្សរ៍កន្លងមមកនេះ បានសន្យាក្នុងសុន្ទរកថា កាលពីថ្ងៃទី៤ ខែឧសភា ថា លោកនឹងដឹកនាំរដ្ឋាភិបាលប្រកបដោយវិន័យ និងសណ្តាប់ធ្នាប់ ដើម្បីទប់នឹងបញ្ហាជម្លោះរវាងអាម៉េរិក និងចិន ដែលកំពុងឡើងកម្តៅ។
តាមរយៈលទ្ធផលលទ្ធផលនៃការបោះឆ្នោត គណបក្សការងារដែលជាគណបក្សកាន់អំណាចបានពង្រីកការក្តោបក្តាប់ពី៧៧អាសនៈ រហូតដល់៨៥អាសនៈ នៅក្នុងសភាជាន់ទាប ដែលមាន១៥០អាសនៈ។ លោក អាលបានីស បានប្រាប់អ្នកយកព័ត៌មានពេលទៅទទួលទានកាហ្វេក្នុងមណ្ឌលបោះឆ្នោតនៅទីក្រុងស៊ីដនី ថា រដ្ឋាភិបាលអូស្ត្រាលីនឹងក្លាយជារដ្ឋាភិបាលដែលមានវិន័យ និងសណ្តាប់ធ្នាប់ក្នុងអាណត្តិទីពីរនេះ ដូចអ្វីដែលធ្លាប់អនុវត្តនៅក្នុងអាណត្តិដំបូង។
លទ្ធផលឈ្នះឆ្នោតរបស់គណបក្សកាន់អំណាចនេះ វាហាក់ផ្ទុយពីអ្វីដែលគេបានព្យាករកន្លងមក ដោយរំពឹងក្រុមចម្រុះអភិរក្សនិយមនឹងទទួលបានសំឡេងគ្រាំទ្រច្រើន បន្ទាប់ពីពួកគេបានរិះគន់រដ្ឋាភិបាលអស់រយៈពេល៩ខែ ពាក់ព័ន្ធនឹងការដោះស្រាយអតិផរណា។
ការបរាជ័យរបស់ក្រុមចម្រុះប្រឆាំងនឹងរដ្ឋាភិបាលនៅដំណាក់កាលចុងក្រោយនេះ អាចពាក់ព័ន្ធនឹងសំណើដែលពួកគេដាក់ ដើម្បីកាត់បន្ថយកម្លាំងការងាររបស់សហព័ន្ធ ដែលត្រូវបានពលរដ្ឋអូស្រ្តាលីប្រៀបធៀបទៅនឹងវិធានការរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលបានអនុវត្តការកាត់បន្ថយការងារ និងបង្រួមស្ថាប័នរដ្ឋាភិបាលយ៉ាងចម្រូងចម្រាស និងបញ្ហានៃដំណោះស្រាយពាក់ព័ន្ធនឹងពន្ធបដិការ៕
ដោយៈ សរ សុជាតិ