ប្រទេស BRICS

បើកទំព័រឆ្នាំថ្មី ធនាគាររបស់ប្លុកប្រទេស BRICS ផ្ដល់កម្ចី៥០០លានដុល្លារដល់ឥណ្ឌា ដែលធ្វើឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំង


ធនាគារអភិវឌ្ឍន៍ថ្មី ឬ New Development Bank ហៅកាត់ថា NDB របស់ប្លុកប្រទេស BRICS បានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងចំណាត់ការដ៏ធំរបស់ខ្លួនផ្នែកហិរញ្ញវត្ថុសម្រាប់ដើមឆ្នាំ២០២៤ តាមរយៈការផ្ដល់កម្ចីរហូតដល់ទៅកន្លះពាន់លានដុល្លារដល់ប្រទេសឥណ្ឌា សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ។ ប្រាក់កម្ចី ដ៏ច្រើននេះមិនត្រឹមតែឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ធនាគារនេះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងពីមហិច្ឆតាដ៏ធំរបស់ធនាគារនេះនៅលើឆាកអន្តរជាតិផងដែរ។
ប្រទេស BRICS
ដោយ

ធនាគារអភិវឌ្ឍន៍ថ្មី (NDB) របស់ប្លុកប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខ្លាំងហៅកាត់ថា BRICS ដែលមានសមាជិកសំខាន់ៗចំនួន៥ រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា មហាយក្សចិន និងអាហ្វ្រិកខាងត្បួង នៅដើមឆ្នាំ២០២៤ នេះ បានអនុម័តផ្ដល់កម្ចីចំនួន៥០០លានដុល្លារ ដល់ប្រទេសឥណ្ឌា សម្រាប់គម្រោងស្ថាបនាផ្លូវថ្នល់ដ៏ធំនៅក្នុងរដ្ឋហ្គូចារ៉ាត (Gujarat)។

យោងតាមការចុះផ្សាយថ្មីៗនេះរបស់សារព័ត៌មាន គ្រីបតូប៉ូលីទែន (Cryptopolitan)បានឱ្យដឹងថា កម្ចីចំនួន៥០០លានដុល្លារ នេះគឺសម្រាប់គម្រោងស្ថាបនា និងជួសជុលកែលម្អផ្លូវនៅតាមតំបន់ជនបទប្រវែងជិត១ម៉ឺន៣ពាន់៥រយគីឡូម៉ែត នៅក្នុងរដ្ឋហ្គូចារ៉ាត ប្រទេសឥណ្ឌា។

ក្រុមអ្នកជំនាញមើលឃើញថា ប្រាក់កម្ចីដ៏ច្រើននេះមិនត្រឹមតែឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ “ធនាគារអភិវឌ្ឍន៍ថ្មី” NDB ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីមហិច្ឆតារបស់ធនាគារនេះនៅលើឆាកអន្តរជាតិផងដែរ​។

លោក វ៉្លាឌីមៀ កាស់បេកូវ (Vladimir Kazbekov) ប្រធានប្រតិបត្តិការនៃ“ធនាគារអភិវឌ្ឍន៍ថ្មី” NDB បានលើកឡើងពីការផ្ដល់កម្ចីនេះដោយសង្កត់ធ្ងន់ពីតួនាទីរបស់ធនាគារនេះក្នុងការលើកកម្ពស់ការតភ្ជាប់ជនបទជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុ។ លោកបានគូសបញ្ជាក់ថា ការផ្ដល់កម្ចីនេះមិនគ្រាន់តែជាប្រតិបត្តិការហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែវាក៏តំណាងឱ្យយុទ្ធសាស្រ្តកាន់តែស៊ីជម្រៅ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងបណ្ដាប្រទេសជាសមាជិករបស់ខ្លួនផងដែរ។

ប្លុកប្រទេស BRICS ដែលត្រូវបានគេមើលឃើញថា ជាគូប្រកួតប្រជែងដ៏ធំរបស់ក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំង៧ ហៅកាត់ថា G7 ដែលមានសមាជិកសំខាន់ៗដូចជាកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាម៉េរិក នឹងមានសមាជិកកើនឡើងដល់៤០ប្រទេសនៅក្នុងឆ្នាំ២០២៤ នេះ។ នេះបើយោងតាមការអះអាងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ក្នុងសន្និសីទកាសែតកាលពីពេលថ្មីៗនេះ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន រុស្សី និងឥណ្ឌា សម្រុកទិញចូលមាសច្រើនជាងគេក្នុងឆ្នាំ២០២៣ តើពួកគេមានផែនការសម្ងាត់អ្វីនៅពីក្រោយរឿងនេះ?

ព័ត៌មាន
របាយការណ៍ចុងក្រោយបង្ហាញថា សមាជិកសំខាន់ៗចំនួន៣នៃប្លុកប្រទេស BRICS រួមមាន ចិន រុស្ស៊ី និងឥណ្ឌា កំពុងសម្រុកទិញចូលមាសយ៉ាងច្រើនសន្ធឹកសន្ធាប…

តើក្រុមហ៊ុនថៃធំៗណាខ្លះ ដែលកំពុងផុងក្នុងបំណុលដែលមានតម្លៃជិត២៩ពាន់លានដុល្លារ?

ព័ត៌មាន
ក្រុមហ៊ុនធំៗនៅក្នុងប្រទេសថៃ ដែលកំពុងតែដឹកនាំដោយមហាសេដ្ឋីលំដាប់តំបន់ គឺសុទ្ធតែត្រូវបានសារព័ត៌មានរាយការណ៍ថា ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ