បើតាមការគូសបញ្ជាក់របស់អាជ្ញាធរ ជើងមាន់បង្កកទាំងនេះ ត្រូវបាននាំចូលដោយគ្មានច្បាប់អនុញ្ញាត ពុំមានឯកសារបញ្ជាក់ពីគុណភាព និងវេចខ្ចប់គ្មានអនាម័យត្រឹមត្រូវ។ គួរបញ្ជាក់ថា នៅពេញមួយខែមករា កន្លងទៅអាជ្ញាធរបង្ក្រាប និងរឹបអូសសាច់បង្កកខូចគុណភាព មានផ្ទុកសារធាតុហាមឃាត់ និងមេរោគចម្លងបានជាង១០០តោនយកមកកម្ទេចចោល។
ជើងមាន់បង្កកប្រមាណជាង១០២តោនត្រូវបានសមត្ថកិច្ចជំនាញដុតកម្ទេចចោលភ្លាមៗក្រោយរកឃើញថា ពុំមានអនុលោមភាពតាមបទប្បញ្ញត្តិបច្ចេកទេស។ នេះបើតាមការអះអាងរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) ដែលបានបន្ថែមថា ជើងមាន់បង្កកទាំងនេះ ត្រូវបានសមត្ថកិច្ចជំនាញឃាត់ចាប់បានលើរថយន្តដឹកកុងតឺន័រ (Container)ចំនួន៤គ្រឿង ដែលកំពុងដឹកសំដៅឆ្ពោះទៅស្រុករមាសហែក ខេត្តស្វាយរៀងក្នុងគោលបំណងចែកចាយបន្ត។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានអះអាងថា ជើងមាន់បង្កកខាងលើត្រូវបានមន្រ្តីជំនាញរកឃើញថា ពុំមានច្បាប់អនុញ្ញាត ពុំមានឯកសារបញ្ជាក់ពីគុណភាព ពិសេស គឺពុំមានអនាម័យ និងផ្ទុកនូវសីតុណ្ហភាពពុំត្រឹមត្រូវតាមស្ដង់ដារ ដែលបណ្ដាលឱ្យខូចគុណភាពប៉ះពាល់សុខភាពអ្នកបរិភោគយ៉ាងធ្ងន់ធ្ងរ។
ប្រតិបត្តិការបង្ក្រាបជើងមាន់បង្កកខូចគុណភាពទាំងនេះត្រូវបានធ្វើឡើងដោយមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប សាខាខេត្តស្វាយរៀង ក្រោមកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បន្ទាប់ពីមានការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប និងយោងតាមចំណាររបស់ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងមានការឯកភាពពីឯកឧត្តមអភិបាលខេត្តស្វាយរៀង។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅពេញមួយខែមករា ឆ្នាំ២០២៤ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. រឹបអូសសាច់បង្កកខូចគុណភាព មានផ្ទុកសារធាតុគីមី និងមេរោគចម្លងបានចំនួន១០៣តោនយកមកកម្ទេចចោល មានការកើនឡើង៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
គួរបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២៣ កន្លងទៅ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) រឹបអូសសាច់បង្កកចម្រុះខូចគុណភាព មានផ្ទុកសារធាតុគីមីហាមឃាត់ និងមេរោគចម្លងបានជិត២ពាន់តោនមានការកើនឡើង៤% បើធៀបនឹងឆ្នាំមុន។ លំហូរចូលសាច់បង្កកខូចគុណភាព និងខុសច្បាប់នេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់វិស័យចិញ្ចឹមសត្វប៉ុណ្ណោះទេ ថែមទាំងអាចបង្កជាជំងឺឆ្លងដល់សត្វ និងអ្នកបរិភោគ និងប៉ះពាល់ដល់ការប្រកួតប្រជែងក្នុងការធ្វើពាណិជ្ជកម្មផងដែរ៕