ស្ថានីយប្រេងឥន្ធនៈ

ម្ចាស់ស្ថានីយនិងដេប៉ូប្រេងឥន្ធនៈអាចប្រឈមនឹងវិធានការច្បាប់ បើមានៈបន្តលក់ប្រេងបន្លំគុណភាព និងបរិមាណ


នៅឆ្នាំ២០២៤ នេះ ម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈដែលធ្វើអាជីវកម្មមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈក្រោមរូបភាពលក់បន្លំគុណភាព និងបរិមាណអាចប្រឈមនឹងវិធានការក្តៅ និងធ្ងន់ធ្ងរជាងឆ្នាំ២០២៣។
ស្ថានីយប្រេងឥន្ធនៈ
ដោយ

បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក.ប.ប បច្ចុប្បន្ន អគ្គនាយកដ្ឋាននេះកំពុងរៀបចំផែនការ ដើម្បីអនុវត្តបន្តនូវវិធានការច្បាប់ ដោយមានចូលរួមគាំទ្រពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីខេត្ត ចំពោះស្ថានីយ និងដេប៉ូប្រេងឥន្ធនៈណា ដែលមានៈមិនគោរពតាមការណាំនាំរបស់មន្ត្រីជំនាញបន្តធ្វើអាជីវកម្មមិនអនុលោមភាពក្នុងវិស័យប្រេងឥន្ធនៈ។ គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ កន្លងទៅ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប រកឃើញស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជិត២៥០ បានលក់បន្លំគុណភាព និងបរិមាណ។

ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា នៅក្នុងខែមករា កន្លងទៅ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប បានផ្អាកសកម្មភាពចុះត្រួតពិនិត្យរង្វាស់រង្វាល់ និងភាពអនុលោមចំពោះការធ្វើអាជីកម្មក្នុងវិស័យប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈក្នុងក្របខណ្ឌទូទាំងប្រទេស។ បើតាមការគូសបញ្ជាក់ថ្នាក់ដឹកនាំរូបនេះការផ្អាកសកម្មភាពចុះត្រួតពិនិត្យភាពអនុលោមនៅស្ថានីយ និងដេប៉ូប្រេងឥន្ធនៈនេះ គឺដោយសារអគ្គនាយកដ្ឋាន ក.ប.ប កំពុងរៀបចំយន្តការ និងវិធានការពិន័យថ្មីលើម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ដែលធ្វើអាជីវកម្មមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈ។

បើតាមការអះអាងរបស់ឯកឧត្តម ផាន អូន នៅក្នុងឆ្នាំ២០២៤ នេះម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ដែលលក់បន្លំគុណភាព និងបរិមាណអាចនឹងប្រឈមនឹងវិធានការក្តៅ និងធ្ងន់ធ្ងរជាងឆ្នាំ២០២៣។ ធ្ងន់ធ្ងរជាងមុន ក៏ដោយសារបច្ចុប្បន្ន អគ្គនាយកដ្ឋាននេះ កំពុងរៀបចំផែនការ ដើម្បីអនុវត្តបន្តនូវវិធានការច្បាប់ ក្រោមការគាំទ្រដោយព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីខេត្ត ចំពោះម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទាំងឡាយណាដែលនៅតែមានៈមិនព្រមគោរពតាមការណែនាំរបស់មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប បើទោះបីជាត្រូវបានមន្រ្តីជំនាញពិន័យ១ដង ឬ២ដងហើយក្តី។

គួរបញ្ជាក់ថា កន្លងមកមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប បានអនុវត្តវិធានការវិន័យក្រោមរូបភាពធ្វើកិច្ចសន្យាណែនាំ និងពិន័យអន្តរការណ៍លើម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ដែលប្រកបអាជីវកម្មមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈជាច្រើន។ ប៉ុន្តែយើងសង្កេតឃើញថា សកម្មភាពលក់ប្រេងឥន្ធនៈបន្លំគុណភាព និងបរិមាណរបស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈនៅតែបន្តកើតមានជាហូរហែ។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ផាន អូន នៅពេញមួយឆ្នាំ២០២៣ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប បានចុះត្រួតពិនិត្យរង្វាស់រង្វាល់ និងគុណភាពនៅតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទូទាំងប្រទេសបានចំនួនជិត១ពាន់៧រយកន្លែង ក្នុងនោះមានមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជិត២៥០កន្លែងងត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. រកឃើញបានប្រកបអាជីវកម្មមិនសុចរិតតាមរយៈការលក់បន្លំគុណភាព និងបរិមាណ មានការថយចុះ២០% បើធៀបនឹងឆ្នាំ២០២២។

ការថយចុះបទល្មើសក្នុងវិស័យប្រេងឥន្ធនៈនេះ ត្រូវបានឯកឧត្តម ផាន អូន អះអាងថា គឺបន្ទាប់ពីមានការចុះអនុវត្តសកម្មភាពត្រួតពិនិត្យ និងចាត់វិធានការច្បាប់ដូចភ្លៀងរលឹម គួបផ្សំការចុះអប់រំ និងផ្សព្វផ្សាយការយល់ដឹងអំពីច្បាប់ដល់ធុរជន និងចូលរួមអនុវត្តច្បាប់យ៉ាងផុលផុសពីអ្នករកស៊ីក្នុងវិស័យប្រេងឥន្ធនៈនេះ។ ទោះជាយ៉ាងនេះក៏ដោយ ថ្នាក់ដឹកនាំរូបនេះបន្តជំរុញឱ្យមន្ត្រីរបស់ខ្លួនបង្កើនការចុះត្រួតពិនិត្យភាពមិនអនុលោមនៅតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈបន្ថែមទៀត ដើម្បីចូលរួមទប់ស្កាត់ាការប្រកបអាជីវកម្មមិនត្រឹមត្រូវក្នុងវិស័យប្រេងឥន្ធនៈ ក៏ដូចជាការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ និងសេដ្ឋកិច្ចជាតិ។

សម្រាប់ឯកឧត្តម ផាន អូន ការធ្វើអាជីវកម្មមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈមិនត្រឹមតែប៉ះពាល់ដោយផ្ទាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងការប្រកួតប្រជែងដោយស្មោះត្រង់ក្នុងការធ្វើពាណិជ្ជកម្មផងដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងកសិកម្មនឹងរៀបចំពិព័រណ៍កសិកម្មវាលបៃតង និងអាហារ ដើម្បីជំរុញទីផ្សារផលិតផលក្នុងស្រុក

ព័ត៌មាន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងរៀបចំកម្មវិធីពិព័រណ៍កសិកម្មវាលបៃតង និងអាហារ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្…

អ្នកជំនាញប្រាប់ពីវិធីការពារ និងឥទ្ធិពលនៃការបំពុលខ្យល់មកលើសុខភាព ទោះបីកម្ពុជាមិនទាន់ជួបបញ្ហានេះក្តី

ព័ត៌មាន
ការបញ្ចេញឧស្ម័នពុលពីរោងចក្ររ៉ែ និងយានយន្តនៅក្នុងទីក្រុងធំៗ ដែលមានការអភិវឌ្ឍន៍ខ្លាំងនៅលើពិភពលោកកំពុងបង្កជាក្ដីបារម្ភពីផលប៉ះពាល់ដល់សុខភាព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ