ឯកឧត្តម ស៊ុ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចត្រសិល្បៈ បានប្រាប់ខេមបូណូមីស តាមទូរស័ព្ទថា គម្រោង បឹងអច្ឆរិយៈ ដែលក្រុមហ៊ុនណាហ្គាបានលើកសំណើរមកនេះ មិនមានផលប៉ះពាល់ដល់វប្បធម៌ខ្មែរអ្វីទេ ប៉ុន្តែហេតុផលដែលក្រសួងវប្បធម៌ និងគណៈកម្មាធិការអាយ ស៊ី ស៊ី អង្គរ បដិសេធលើគម្រោងនេះ គឺដោយសារតែគម្រោងអភិវឌ្ឍបឹងអច្ឆរិយៈអង្គរ មានទំហំធំពេក ហើយនៅគៀកនឹងរមណីយដ្ឋានអង្គរពេក ដែលអាចនឹងប៉ះពាល់ដល់ទីកន្លែងសក្ការៈបូជានៅតំបន់នេះ។
តាមផែនការរបស់ក្រុមហ៊ុន Naga Group គម្រោងបឹងអច្ឆរិយអង្គរនេះ គឺគ្រោងនឹងធ្វើឡើងធំជាងទំហំបូកបញ្ចូលគ្នានៃតំបន់កម្សាន្ដ Disneyland និង Disney California Adventure នៅក្នុងទីក្រុងរដ្ឋLos Angeles សហរដ្ឋអាមេរិកទៅទៀត
ឯកឧត្តម ស៊ុ ម៉ាប់ បានបញ្ជាក់ថា ក្រុមហ៊ុនណាហ្គា គឺជាក្រុមហ៊ុនទី១ហើយ ដែលបានលើកសំណើរអភិវឌ្ឍន៍គម្រោងនៅក្បែរតំបន់អង្គរបែបនេះ ប៉ុន្តែឯកឧត្តម អះអាងថា មិនមែនតែក្រុមហ៊ុនណាហ្គាមួយទេ ក្រុមហ៊ុនណាក៏ដោយ ក៏អាចនឹងត្រូវបដិសេធដូចគ្នា បើសិនជាត្រូវបានរកឃើញថា ការអភិវឌ្ឍនោះ នឹងផ្តល់ផលមិនល្អដល់តំបន់អង្គរ។
បើតាមឯកឧត្តម ស៊ុ ម៉ាប់ គម្រោងអភិវឌ្ឍបឹងអច្ឆរិយៈអង្គរនេះ ត្រូវបានក្រុមហ៊ុនណាហ្គា ដាក់សំណើរសុំតាំងពីឆ្នាំ២០២០ ដោយនឹងត្រូវសាងសង់លើផ្ទៃដី ៧៥ហិកតា ដែលគម្រោងនេះ រួមមាន សណ្ឋាគារលំដាប់ផ្កាយ៥ សួនទឹក សួនកំសាន្ត ភោជនីយដ្ឋាន ជាដើម ប៉ុន្តែ គម្រោងនេះមិនមានកាស៊ីណូ ល្បែងស៊ីសងអ្វីនោះទេ៕