Advertisement
អាជីវកម្ម

Franchise ជា​កាំបិតមុខ​ពីរ​សម្រាប់​ទីផ្សារ​កម្ពុជា (ភាគ១)


គិត​ត្រឹម​៥​ឆ្នាំ​ចុង​ក្រោយ​នេះ សន្ទុះ​នៃ​ការ​ទិញ​លក់​សិទ្ធិ​អាជីវកម្ម​លើ​ស្លាក​យីហោ​ពី​បរទេស ឬ​គេ​និយម​ហៅ​ថា Franchise នោះ បាន​និង​កំពុង​អង្រួន​ទីផ្សារ​កម្ពុជា​យ៉ាង​ខ្លាំង ក្នុង​នោះ គឺ​មាន​ភាគ​ច្រើន​បំផុត ស្ថិត​ក្នុង​អាជីវកម្ម​ផ្នែក​អាហារ​និង​ភេសជ្ជៈ។
ហាង​កាហ្វេ​ជា​ច្រើន​នៅ​ជាប់ៗ​គ្នា​នៅ​ម្ដុំ​មុខ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ លើ​មហាវិថី​សហព័ន្ធរុស្ស៊ី រាជ​ធានី​ភ្នំពេញ។
ដោយ
Advertisement

ត្បិត​ថា អាជីវកម្ម Franchise កំពុង​មាន​ការ​ពេញ​និយម​ធ្វើ និង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ពី​សំណាក់​សហគ្រិន​នៅ​ក្នុង​ស្រុក ពិសេស គឺ​សហគ្រិន​វ័យ​ក្មេង​ក្ដី ប៉ុន្ដែ មាន​សហគ្រិន​មិន​ច្រើន​នោះ​ទេ ដែល​បាន​យល់​ស៊ី​ជម្រៅ​ពី​គំរូ​អាជីវកម្ម​មួយ​នេះ។ 

យ៉ាង​ណា​ក៏​ដោយ បើ​យើង​ពិនិត្យ​មើល​ឲ្យ​ស៊ី​ជម្រៅ​ទៅ​ក្នុង​អាជីវកម្ម Franchise នៅក្នុង​ទីផ្សារ​កម្ពុជា គឺ​ប្រៀប​បី​ដូចជា​កំបិត​មុខ​ពីរ​យ៉ាង​ដូច្នោះ​ដែរ ប្រសិន​បើ​អ្នក​ប្រតិបត្តិ​អាជីវកម្ម​នេះ ពិសេស​គឺ​អ្នក​ទិញ​សិទ្ធិ​បន្ត​មិន​បាន​គិតគូរ​ឲ្យ​បាន​ម៉ត់ចត់។

វិសាលភាព​អាជីវកម្ម Franchise នៅ​កម្ពុជា

មុន​នឹង​យើង​ចូល​ទៅ​ក្នុង​ខ្លឹមសារ​លម្អិត​ថា តើ​មាន​ហេតុផល​អ្វី​ខ្លះ​ដែល Franchise ជា​កំបិត​មុខ​ពីរ​សម្រាប់​ទីផ្សារ​កម្ពុជា យើង​គប្បី​ស្វែងយល់​ពី​គំរូ និង​វិសាលភាព​នៃ​អាជីវកម្ម​នេះ ដែល​កំពុង​គ្រប​ដណ្ដប់​លើ​ទីផ្សារ​កម្ពុជា​ជាមុន​សិន។

Advertisement

Franchise ត្រូវ​បាន​គេ​ស្គាល់​ថា គឺ​ជា​គំរូ​អាជីវកម្ម​មួយ​ដែល​ផ្ដល់​នូវ​ការ​ទិញ​លក់​សិទ្ធិ​សម្រាប់​ធ្វើ​អាជីវកម្ម​បន្ត ក្រោម​ការ​ផ្ដល់​នូវ​គំរូ ឬ​រូបមន្ត​យ៉ាង​ជាក់លាក់​ក្នុង​ការ​ប្រតិបត្តិការ​អាជីវកម្ម​ពី​ម្ចាស់​ដើម​នៃ​អាជីវកម្ម ទៅ​កាន់​អ្នក​ទិញ​សិទ្ធិ​បន្ត។ ភាព​ងាយ​ស្រួល​ជាមួយ​ការ​អនុវត្ត​តាម​រូបមន្ដ​ដើម​នេះ​ហើយ ទើប​ជំរុញ​ឲ្យ​មាន​ការ​និយម​ទិញ Franchise បន្ត បើ​ទោះ​បី​ជា​អ្នក​ទិញ​នោះ​មិន​មាន​បទ​ពិសោធន៍​ក្នុង​អាជីវកម្ម​ក៏​ដោយ។

យ៉ាងណា​ក៏​ដោយ នៅ​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​កំណត់​ជាក់លាក់​ស្ដីពី​អាជីវកម្ម Franchise នេះ​នៅ​ឡើយ​ទេ ប៉ុន្ដែ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ អាជីវកម្ម​នេះ​បាន​ហូរ​ចូល​មក​កម្ពុជា​កាន់​តែ​ច្រើន​ឡើងៗ តួយ៉ាង ភោជនីយដ្ឋាន និង​ហាង​កាហ្វេ ដែល​មាន​ប្រភព​ដើម​ពី​បរទេស​កំពុង​រីក​ដុះដាល​ដូច​ផ្សិត​នៅ​រាជ​ធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត ខណៈ​ដែល​យីហោ Franchise  ដែល​បាន​បង្កើត​ឡើង​ផ្លូវការ​និង​ប្រកាស​លក់​នៅ​ក្នុង​ស្រុក​មាន​មិន​ទាន់​ដល់​៥​យីហោ​ផង។ 

ទោះ​បី​ជា​មិន​មាន​របាយការណ៍​ជាក់​លាក់ អំពី​ចំនួន​អាជីវកម្ម Franchise នៅ​កម្ពុជា​យ៉ាង​ណា​ក្ដី ប៉ុន្ដែ បើ​រាប់​ត្រួសៗ​ទៅ យីហោ​អាជីវកម្ម Franchise មក​ពី​បរទេស​ដែល​កំពុង​ដំណើរការ​នៅ​កម្ពុជា មាន​ប្រមាណ​១០០​យីហោ​ផ្សេង​គ្នា ដែល​ក្នុង​នោះ​កំពុង​ប្រតិបត្តិ​លើ​ភោជនីយដ្ឋាន ហាង​កាហ្វេ និង​ក្រុមហ៊ុន​ផ្ដល់​សេវា​កម្ម​មួយ​ចំនួន​ទៀត។

Advertisement

អ្វីដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​ទម្រាំ​តែ​អាច​នាំ​ចូល​យីហោ Franchise បរទេស​ទាំង​នោះ​បាន​មក​មួយៗ សហគ្រិន​ដែល​ជា​អ្នក​ទិញ​សិទ្ធិ​បន្ត ត្រូវ​ចំណាយ​ចាប់​ពី​ខ្ទង់​សិប​ម៉ឺន​ដុល្លារ រហូត​ដល់​លាន​ដុល្លារ​ក៏មាន ដែល​វា​អាស្រ័យ​ទៅ​តាម​ប្រភេទ​អាជីវកម្ម​តូច ឬ​ធំ។ 

ទោះ​បី​ជា​អាជីវកម្ម​នេះ ហាក់​បី​ដូចជា​ថ្មី​សម្រាប់​ទីផ្សារ​កម្ពុជា ប៉ុន្ដែ បើ​យើង​រាប់​ថយ​ក្រោយ​ពី​វត្តមាន​ដំបូង​របស់​យីហោ Franchise ដែល​ឈាន​ជើង​ជាន់​ទីផ្សារ​កម្ពុជា គឺ​មាន​មិន​ក្រោម​១០​ឆ្នាំ​នោះ​ទេ ដែល​ក្នុង​នោះ ហាង The Pizza Company គឺ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​យីហោ​មួយ​ចំណាស់​ជាង​គេ​នៃ​អាជីវកម្ម Franchise ដែល​ហក់​ចូល​មក​ក្នុង​ទីផ្សារ​កម្ពុជា នៅ​ឆ្នាំ​២០០៥។ 

ហេតុ​អ្វី​បាន​ជា Franchise ជា​កាំបិត​មុខ​ពីរ​សម្រាប់​ទីផ្សារ​កម្ពុជា?

កាំបិត​មុខ​ពីរ វា​មាន​ប្រយោជន៍​ក្នុង​ការ​ប្រើប្រាស់ ពោល​គឺ​វា​មាន​មុខ​មុត​ទាំង​សង​ខាង ប៉ុន្ដែ ក៏​ទាមទារ​ឲ្យ​អ្នក​ប្រើប្រាស់​ចេះ​កាន់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ផង​ដែរ។ 

Advertisement

យ៉ាង​ណា​មិញ ការ​ធ្វើ​អាជីវកម្ម Franchise ក៏​ដូចគ្នា​ដែរ វា​ទាមទារ​ឲ្យ​អ្នក​ប្រតិបត្តិ​ត្រូវ​សិក្សា​មើល​ទាំង​ទីផ្សារ​ក្នុង​និង​ក្រៅ និង​រយៈពេល​នៃ​ការ​វិនិយោគ មុន​នឹង​សម្រេច​បង្កើត​ឡើង ឬ​នាំ​ចូល​មក​លក់​បន្ត​នៅ​កម្ពុជា។ ជាទូទៅ អ្នក​ប្រតិបត្តិ​ក្នុង​ប្រព័ន្ធ​អាជីវកម្ម​នេះ ចែក​ចេញ​ជា ៣​ភាគី៖

១. ម្ចាស់​ដើម​អាជីវកម្ម (Franchisor)៖ គឺ​ជា​ក្រុមហ៊ុន​មេ​ដែល​បង្កើត ប្រតិបត្តិ និង​មាន​សិទ្ធិ​លក់​ចែកចាយ Franchise បន្ត ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត។ 

២. អ្នក​ទិញ​សិទ្ធិ​បន្ត និង​ចែកចាយ (Master Franchisee)៖ ជា​ក្រុមហ៊ុន​ដែល​បាន​ទិញ​សិទ្ធិ​បន្ត​ពី​ម្ចាស់ដើម (Franchisor) ដើម្បី​នាំ​ចេញ​មក​កាន់​ប្រទេស ឬ​តំបន់​ផ្សេង​ពី​ម្ចាស់​ដើម ហើយ​មាន​សិទ្ធិ​លក់ Franchise បន្ត​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត និង​មាន​សិទ្ធិ​ធ្វើ​ទីផ្សារ​ផ្សព្វផ្សាយ​ដោយ​ខ្លួន​ឯង។

៣. អ្នក​ទិញ​សិទ្ធិ​បន្ត ( Franchisee)៖ អ្នក​ទិញ​សិទ្ធិ​បន្ត​ពី Franchisor ឬ Master Franchisee តែ​មិន​មាន​សិទ្ធិ​លក់ Franchise បន្ត​ទៅ​ឲ្យ​អ្នក​ផ្សេង និង​គ្មាន​សិទ្ធិ​ធ្វើការ​ផ្សព្វផ្សាយ​ដោយ​ខ្លួន​ឯង​ឡើយ ហើយ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ដោយ Franchisor ឬ Master Franchi​see។

Advertisement

បើ​យើង​ពិនិត្យ​មើល​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​ជាក់​ស្ដែង ក្នុង​ចំណោម​ប្រតិបត្តិករ​ទាំង​៣​នេះ គឺ​មាន​ភាគ​ច្រើន​ជា​បុគ្គល​ទី២ និង​ទី៣ ពោល​គឺ​គ្រាន់​តែ​ជា​អ្នក​ទិញ​បន្ត​មក​ចែកចាយ និង​លក់​ផលិតផល​ចុង​ក្រោយ​ទៅ​កាន់​អ្នក​ប្រើប្រាស់ តែ​មិន​បាន​ដើរ​តួ​ជា​អ្នក​ផលិត​ផ្ទាល់​នោះ​ទេ។ 

ត្រង់​នេះ​ហើយ គឺ​ជា​អ្វី​ដែល​យើង​គ្រប់​គ្នា ក៏​ដូចជា​សហគ្រិន​ក្នុង​ស្រុក​ត្រូវ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់ ព្រោះ​ថា លំហូរ​ប្រភព​ទុន​ដុល​ត្រូវ​បាន​ហូរ​ចេញ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ទៅ​ក្រៅ​ប្រទេស ព្រោះ​ថា​ ការ​ចំណាយ​លើ​ការ​ទិញ​សិទ្ធិ​នាំ​ចូល​មក​នេះ​គឺ​មាន​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់។ 

ឧទាហរណ៍៖ អ្នក​ចង់​បាន​យីហោ​ហាង​កាហ្វេ Franchise កម្រិត​មធ្យម​មួយ​មក​ពី​ក្រៅ​ប្រទេស អ្វី​ដែល​អ្នក​ត្រូវ​ចំណាយ​នោះ​មាន​ដូចជា៖ 

មុន​ពេល​បើក​ហាង

  1. បង់​ថ្លៃ​សិទ្ធិ​លើ​ស្លាក​យីហោ​អាជីវកម្ម៖ មិន​ក្រោម​១​ម៉ឺន​ដុល្លារ​នោះ​ទេ ដែល​វា​គ្រាន់​តែ​ជា​ការ​ដោះដូរ​ដើម្បី​មាន​សិទ្ធិ​យក​ឈ្មោះ ឬ​យីហោ​ហាង​របស់​គេ​មក​ប្រើ និង​មាន​ការ​ផ្ដល់​ជូន​សេវា​បន្ទាប់​បន្សំ​មួយ​ចំនួន​ប៉ុណ្ណោះ។ 
  2. បង់​ថ្លៃ​លើ​សេវា​បំពាក់​បំប៉ន៖ ប្រសិន​បើ​ការ​ហ្វឹកហ្វឺន​បុគ្គលិក​ជំនាញ​របស់​អ្នក​កាន់​តែ​ប្រើ​ពេល​យូរ នោះ​អ្នក​នឹង​ត្រូវ​ចំណាយ​កាន់​តែ​ច្រើន ដែល​វា​ក៏​មាន​តម្លៃ​គួរសម​ដែរ អាស្រ័យ​លើ​ប្រភេទ​អាជីវកម្ម​នីមួយៗ។
  3. ចំណាយ​លើ​ការ​រៀបចំ​បង្កើត​ហាង៖ ប្រសិន​បើ​អ្នក​បើក​ហាង​នៅ​លើ​ទីតាំង​ល្អ ទំហំ​ធំ​ល្មម​សមរម្យ នោះ​តម្លៃ​ជួល​ក៏​មាន​កាន់​តែ​ខ្ពស់ បូករួម​ទាំង​ការ​ចំណាយ​លើ​ការ​សាងសង់​ហាង ដេគ័រ ទិញ​សម្ភារៈ និង​ការ​ចំណាយ​លើ​ការ​បើក​សម្ពោធ​ជាដើម។

Advertisement

គិតត្រឹម​ក្នុង​ដំណាក់​កាល​បើក​ហាង​បាន​ចេញ​ជា​រូបរាង​នេះ អ្នក​អាច​ចំណាយ​មិន​ក្រោម​១៥​ម៉ឺន​ដុល្លារ​នោះ​ទេ​សម្រាប់​ហាង​មួយ ហើយ​ក្នុង​នោះ រាល់​ការ​ចំណាយ​ទាំង​អស់​មិន​ថា​មួយ​កាក់​មួយ​សេន​ឡើយ គឺ​អ្នក​ត្រូវ​ចំណាយ​ខ្លួន​ឯង​ទាំង​អស់ រីឯ Franchisor គ្រាន់តែ​ជួយ​ចេញ​គំនិត​យោបល់​ប៉ុណ្ណោះ។ 

នៅ​មិន​ទាន់​អស់​នោះ​ទេ ក្រោយ​ពី​បើក​ហាង និង​មាន​ប្រតិបត្តិការ​លក់ អ្នក​ក៏​នឹង​ត្រូវ​មាន​កាតព្វ​កិច្ច​បង់​ចំណាយ​ផ្សេង​ទៀត ទៅ​ឲ្យ Franchisor ផង​ដែរ។

ក្រោយ​ពេល​បើក​ហាង និង​ប្រតិបត្តិការ

  1. ចំណាយ​លើ​សិទ្ធិ​ប្រតិបត្តិការ​ប្រចាំ​ខែ (Royalty Fee)៖ ជា​រៀងរាល់​ខែ អ្នក​នឹង​ត្រូវ​បង់​ចំណាយ​ទៅ​កាន់ Franchisor មិន​ក្រោម​៥%​នៃ​ចំណូល​លក់​បាន​នោះ​ទេ (អាច​មាន​លើស​ពី​៥% ឬ ១០%​ ទៅ​តាម​ការ​កំណត់​របស់ Franchisor)។ 
  2. ចំណាយ​លើ​ការ​ផ្សព្វ​ផ្សាយ៖ ជា​ទូទៅ ក្នុង​មួយ​ខែៗ បន្ថែម​ពី​លើការ​ចំណាយ​លើ Royalty អ្នក​ក៏​ត្រូវ​បង់​បន្ថែម​ទៅ​លើ​ថ្លៃ​សេវា​ផ្សព្វផ្សាយ​ផង​ដែរ ដែល​វា​មាន​ចាប់​ពី​២% ទៅ​៥%។
  3. ចំណាយ​បន្ទាប់​បន្សំ​ផ្សេង​ទៀត នៅ​ពេល​មាន​ការ​ចុះ​ត្រួត​ពិនិត្យ​គុណភាព ដោយ Franchisor។

Advertisement

ក្រៅ​ពី​ការ​ចំណាយ​ទាំង​នេះ អ្នក​ក៏​ត្រូវ​ដឹង​ដែរ​ថា អាជីវកម្ម Franchise ដែល​អ្នក​ទិញ​នោះ នឹង​មិន​មែន​ជា​របស់​អ្នក​ជា​រៀង​រហូត​នោះ​ឡើយ ពោល​គឺ​នឹង​ត្រូវ​ផុត​កំណត់​ត្រឹម​រយៈពេល ៥​ឆ្នាំ ឬ ១០​ឆ្នាំ ឬ​២០​ឆ្នាំ ទៅ​តាម​ការ​កំណត់​ពី Franchisor។

យ៉ាង​ណា​ក៏​ដោយ អ្វី​ដែល​កំពុង​ភ្លូក​ទឹក​ភ្លូក​ដី​នៅ​ទីផ្សារ​កម្ពុជា​បច្ចុប្បន្ន​នេះ គឺ​ការ​និយម​ទិញ Franchise បន្ត ទាំង​ការ​ទិញ​ជា Master Franchisee និង Franchisee។ ប៉ុន្ដែ ហានិភ័យ​ភាគ​ច្រើន គឺ​តែង​កើត​មាន​ទៅ​លើ​អ្នក​ទិញ​ជា Franchisee ច្រើន​ជាង ព្រោះ​ថា ពួកគាត់​គឺ​ជា​អ្នក​ទិញ​ចុង​ក្រោយ ដែល​មិន​អាច​លក់​សិទ្ធិ​បន្ត​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត​បាន​ឡើយ។ 

ប្រសិន​បើ​ពួក​គាត់​ទិញ​មក​ហើយ លក់​ដាច់​បាន​តែ​មួយ​ឆាវ​ដំបូង នោះ​គាត់​ច្បាស់​ជា​ត្រូវ​ឡុងចុង​ដោយសារ​តែ​ចំណូល​ទប់​មិន​រួច​នឹង​ចំណាយ​ដូច​មាន​បក​ស្រាយ​ខាង​លើ។

ដោយ​ឡែក Master Franchisee នៅ​ពេល​ដែល​អាជីវកម្ម​កំពុង​ពេញ​និយម​ខ្លាំង ពួកគេ​ឆ្លៀត​ឱកាស​នេះ ដើម្បី​លក់​ចេញ​ទៅ​ឲ្យ Franchisee ឲ្យ​បាន​កាន់​តែ​ច្រើន។ ក្នុង​កាលៈ​ទេសៈ​នេះ ប្រសិន​បើ​ក្រុមហ៊ុន​របស់ Master Franchisee មិនសូវ​មាន​សមត្ថភាព​គ្រប់គ្រង​គ្រប់​គ្រាន់​ទេ នោះ​មិន​យូរ​មិន​ឆាប់ បញ្ហា​នឹង​ចាក់​ដោត​ទៅ​លើ​អាជីវកម្ម​ទាំង​មូល ដែល​វា​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​ខ្សែ​ច្រវាក់​កង់ ឬ​ម៉ូតូ​ដូច្នោះ​ដែរ ប្រសិន​បើ​មាន​ត្រង់​ណា​មួយ​មាន​បញ្ហា​ដាច់​ហើយ នោះ​វា​អាច​នឹង​ធ្វើ​ឲ្យ​កន្លែង​ផ្សេង​ទៀត​នឹង​ត្រូវ​ប៉ះ​ទង្គិច​ដូច​គ្នា​ដែរ។

ខេមបូណូមីស សូម​ធ្វើការ​បក​ស្រាយ​ប៉ុណ្ណឹង​សិន​ទៅ​ចុះ ហើយ​នៅ​ភាគ​ទី២ យើង​នឹង​បន្ត​លើក​យក​ពី​របៀប​ប្រើប្រាស់​កំបិត​មុខ​ពីរ​នេះ ឲ្យ​មាន​ប្រសិទ្ធិភាព។ ដូច្នេះ សូម​រង់ចាំ​តាមដាន​ដោយ​មេត្រី!    

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អត្ថប្រយោជន៍​៤​យ៉ាង​ដែល​​កម្មករ​​កម្មការិនីនឹង​ទទួល​បាន​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ!​​

ព័ត៌មាន
នាព្រឹក​​ថ្ងៃ​ទី២០ ខែ​សីហា ឆ្នាំ​២០១៧ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា អញ្ជើញ​ជួប​សំណេះ​សំណាល​សួរ​សុខ​...

អ្នក​ជំនាញ៖ ការ​ចូល​ហ៊ុន​រកស៊ី​​ជាមួយ​គ្នា​មិន​ខុស​ពី​ការ​រើស​ប្តី​ប្រពន្ធ​នោះ​ទេ!

ព័ត៌មាន
ការ​ជ្រើសរើស​មនុស្ស​មក​ចូល​ហ៊ុន​រក​ស៊ីជាមួយ​គ្នា គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​នោះ​ទេ ពីព្រោះ វា​ទាមទារ​នូវ​ចំណេះដឹង​និង​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ