អាជ្ញាធរវៀតណាម បានស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបបណ្តាញផលិតជីក្លែងក្លាយដ៏ធំនៅក្នុងខេត្ត វិញ ឡុង នៅភាគខាងត្បូង ប្រទេសវៀតណាម។ នៅក្នុងយុទ្ធនាការបង្ក្រាបទីតាំងផលិតជីក្លែងក្លាយនេះ អាជ្ញាធររឹបអូសជីក្លាយជាច្រើនប្រភេទ រួមមាន ជីចម្រុះម៉ាក PK 40-25, ជីសរីរាង្គ អ័រហ្គាកា (ORGACA CRF1) និងជីគីមីទឹកម៉ាក ដូតា ខាលី ៤០ (DOTA KALI40)។
ការឈានទៅវាយកម្ទេចបណ្តាញផលិតជីក្លែងក្លាយនេះធ្វើឡើងអង្គភាពស៊ើបអង្កេតបទល្មើសសេដ្ឋកិច្ចវៀតណាម បានឃាត់រថយន្តដឹកជីមួយ ដែលបើកបរដោយឈ្មោះ ត្រាន់ ភួង វូ (Tran Phuong Vu) ហើយនៅពេលសមត្ថកិច្ចបានសួររកឯកសារបញ្ជាក់ពីមុខទំនិញជីដែលខ្លួនបានដឹក អ្នកបើកបររូបនេះបានត្រឹមនៅស្ងៀម ព្រោះគ្មានវិក្កយបត្រ ឬឯកសារបញ្ជាក់ប្រភពដើមសូម្បីតែមួយសន្លឹក ប៉ុន្តែបានឆ្លើយសារភាពថា ទំនិញក្លែងម៉ាកទាំងនេះដឹកចេញពីក្រុមហ៊ុន Three Lions Production Import ដើម្បីយកទៅបោកបញ្ឆោតលក់ឱ្យកសិករក្នុងតម្លៃជាង១,៥០០ដុល្លារ។
ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានឆ្មក់ចូលឆែកឆេរទីតាំងផលិត ដែលជាអាជីវកម្មគ្រួសារ ដឹកនាំដោយស្ត្រីម្នាក់ឈ្មោះ ត្រាន់ ធី ទ្រីវ (Tran Thi Trieu) នៅក្នុងខេត្តវិញឡុង នៅភាគខាងត្បូងប្រទេសវៀតណាម។ ការចុះបង្ក្រាបដល់សម្បុកនេះ ប៉ូលិសបានរឹបអូសភស្តុតាងយ៉ាងច្រើនសន្ធឹកសន្ធាប់ រួមមានគ្រឿងចក្រ ឧបករណ៍វេចខ្ចប់ និងវត្ថុធាតុដើម ដែលមានតម្លៃសរុបជាទឹកប្រាក់រហូតដល់ទៅជាង៧ម៉ឺនដុល្លារអាម៉េរិក។
បច្ចុប្បន្ន មេខ្លោង និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅចាត់ការតាមច្បាប់ ដើម្បីកុំឱ្យជីពុលទាំងនេះ បន្តទៅបំផ្លាញផលដំណាំ និងកម្លាំងញើសឈាមរបស់កសិករតទៅទៀត៕
អត្ថបទៈ សួន ឡង់ទី