អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ និង ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វតតេ បានប្រកាសអគ្គនាយកថ្មីដើម្បីដឹកនាំក្រុមហ៊ុនឲ្យឆ្ពោះទៅមុខ


ហ្វតតេ ដែលជាក្រុមហ៊ុនធានារ៉ាប់រងធំជាងគេនៅកម្ពុជា និងជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលរីកចម្រើនលឿនជាងគេ បានប្រកាសតែងតាំង លោក ព្រូ ស៊ីថន ជាអគ្គនាយកថ្មី នៃ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ នាថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣ ។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ និង ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វតតេ បានប្រកាសអគ្គនាយកថ្មីដើម្បីដឹកនាំក្រុមហ៊ុនឲ្យឆ្ពោះទៅមុខ

លោក ព្រូ ស៊ីថន ចាប់ផ្តើមបម្រើការងារនៅក្រុមហ៊ុនធានារ៉ារប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ ជាមួយនឹងបទពិសោធន៍ជាងមួយទសវត្សរ៍ក្នុងវិស័យធានារ៉ាប់រង។ លោកនឹងត្រូវបន្តដំណែងពី Mr Alex Lee អតីតអគ្គនាយក ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ ដែលបានសម្រេចចូលនិវត្តន៍ បន្ទាប់ពីធ្វើការដឹកនាំក្រុមហ៊ុនចាប់តាំងពីឆ្នាំ២០១៩។លោក ស៊ីថន គឺជាអ្នកដឹកនាំម្នាក់ក្នុងចំណោមអ្នកដឹកនាំដទៃដែលបានត្រួសត្រាយផ្លូវសម្រាប់វិស័យធានារ៉ាប់រងអាយុជីវិតកាលពីឆ្នាំ២០១២ នៅពេលដែលលោកចាប់ផ្តើមការងារនៅក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក្នុងតួនាទីជា នាយកប្រតិបត្តិផ្នែកច្បាប់ រួចបន្តជានាយកប្រតិបត្តិ ផ្នែកចែកចាយតាមដៃគូធនាគារ។  លោកក៏ត្រូវបានគេចាត់ទុកថា ជាបុគ្គលដែលមានការទទួលស្គាល់ច្រើន ក្នុងសហគមន៍សេវាកម្មហិរញ្ញវត្ថុទាំងមូលផងដែរ​​ ដោយសារតែភាពសកម្មរបស់លោកក្នុងការចែករំលែកបទពិសោធន៍​ល្អៗ​ ទៅកាន់មនុស្សជំនាន់ក្រោយ​​ និងលើកកម្ពស់ការយល់ដឹងអំពីការធានារ៉ាប់រងរបស់ប្រជាជនទូទៅ។ លើសពីនេះ លោកជាថ្នាក់ដឹកនាំឈានមុខដែលចូលរួមលើកកម្ពស់វិស័យធានារ៉ាប់រងមួយនេះ កំឡុងពេលដែលលោកកំពុងបម្រើការងារជាប្រធានគណៈកម្មាធិការអប់រំ នៅសមាគមធានារ៉ាប់រងកម្ពុជាផងដែរ។

លោក យក់ ចំរើនប្ញទ្ធិ ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានលើកឡើងថា៖ «ជាមួយនឹងបទពិសោធន៍ដ៏ជំនាញរបស់លោកក្នុងវិស័យនេះ បូករួមជាអ្នកដឹកនាំដ៏សំខាន់មួយរូប យើងជឿជាក់ថា លោក ស៊ីថន ពិតជាបុគ្គលដែលសក្ដិសមបំផុតសម្រាប់មុខតំណែងជា អគ្គនាយកថ្មី របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍។​ ទាំងចំណេះដឹង និងបទពិសោធន៍នៃការចែកចាយធានារ៉ាប់រង ក្រុមហ៊ុនអន្តរជាតិ អ្នកដឹកនាំក្នុងវិស័យ និងបទពិសោធន៍ផ្នែកនីតិសាស្ត្ររបស់លោក នឹងមិនត្រឹមតែជួយដឹកនាំ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេឡាយហ្វ៍ ​អោយកាន់តែមានការរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏​បានជួយដល់វិស័យធានារ៉ាប់រងទាំងមូលផងដែរ»។

លោក ព្រូ ស៊ីថន អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍

គួរបញ្ជាក់ផងដែរថា លោក ស៊ីថន បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកនីតិសាស្ត្រសម្រាប់ថ្នាក់ដឹកនាំ ពី King’s College នៃទីក្រុងឡុងដ៍ របស់ចក្រភពអង់គ្លេស ហើយលោកក៏បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែក នីតិពាណិជ្ជកម្ម និងអន្តរជាតិ ពីសាកលវិទ្យាល័យជាតិ Yokohama នៃប្រទេសជប៉ុនផងដែរ។

​​ក្រៅពីនោះ លោកបានទទួលពានរង្វាន់ Young Leader of the Year ពី Asia Insurance Review និង​ 40 Under 40 សម្រាប់ Asia’s Outstanding Legal Professionals ពី​ Asian Legal Business ។ កាលពីឆ្នាំ 2020 លោកស៊ីថន ក៏ត្រូវបានព្រះមហាក្សត្រ ​ទ្រង់ព្រះប្រទានគ្រឿងឥស្សរិយយស ថ្នាក់ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ។

ដោយឡែក កាលពីដើមឆ្នាំនេះ លោក ស៊ុយ ចាន់ថារ៉ុង ក៏ត្រូវបានប្រកាសតែងតាំងជា អគ្គនាយកថ្មីនៃក្រុមហ៊ុនធានារ៉ាប់រងទូទៅហ្វតតេ។ លោកថារ៉ុង បានចាប់ផ្តើមបម្រើការងារនៅក្រុមហ៊ុនហ្វតតេចាប់តាំងពីឆ្នាំ២០០៥ ហើយលោកបានធ្វើការដំឡើងឋានៈជាច្រើន ក្នុងនាយកដ្ឋានគ្រប់គ្រងហានិភ័យ ផ្នែកលក់ គ្រប់គ្រងធានារ៉ាប់រងបន្ត គ្រប់គ្រងផ្នែកប្រព័ន្ធចែកចាយ និងភ្នាក់ងារធានារ៉ាប់រង ជើងសារ ប៊េងកា និងផ្នែកដទៃទៀតដែលទាក់ទង គ្រប់គ្រងហានិភ័យ និងផ្សេងៗទៀត។

លោក យក់ ចំរើនប្ញទ្ធិ បានបញ្ជាក់បន្ថែមថា៖ «លោក ស៊ុយ ចាន់ថារ៉ុង បានបម្រើការងារជាមួយក្រុមហ៊ុនហ្វតតេ ជិតពីរទសវត្សរ៍រួចមកហើយ ហើយយើងពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលមានបុគ្គលិកដូចលោកថារ៉ុង ជាផ្នែកមួយនៃក្រុមគ្រួសារហ្វតតេ។ ជាមួយនឹងការកំណត់ទិសដៅ និងការតាំងចិត្តដ៏មុះមុតរបស់លោក យើងសង្ឃឹមយ៉ាងមុតមាំថា លោកថារ៉ុង និងដឹកនាំ ក្រុមហ៊ុនធានារ៉ាប់រងទូទៅហ្វតតេ អោយកាន់តែរីកចម្រើន និងរឹងមាំថែមមួយកម្រិតទៀតក្នុងឧស្សាហកម្មធានារ៉ាប់រង»។

លោក ថារ៉ុង បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ពីសាកលវិទ្យាល័យ Charles Sturt University ប្រទេសអូស្ត្រាលី។ លោក ក៏បានទទួលសញ្ញាបត្រ Advanced Diploma in Insurance (AMII) ពី Malaysian Insurance Institute និង (ACII) ពី Chartered Insurance Institute នៃចក្រភពអង់គ្លេស ផងដែរ។ បន្ថែមពីលើនោះ លោក ថារ៉ុង ក៏ជាជ័យលាភី ឈ្នះពានរង្វាន់ Young ASEAN Insurance Manager Award កាលពីឆ្នាំ២០២១។ ហើយថ្មីៗនេះ លោកត្រូវបានចាត់តាំងធ្វើជាប្រធាននៃសន្និបាទប្រជុំលើកទី១៣ នៃធានារ៉ាប់រងក្នុងតំបន់អាសា៊ន នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។

លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយក ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វតតេ

លោក Charles Cheo ប្រធានក្រុមប្រឹក្សាភិបាល នៃ ក្រុមហ៊ុនហ្វតតេ មានប្រសាសន៍ថា៖ «ហ្វតតេ ពិតជាមានមោទនភាព និងកិត្តិយសយ៉ាងខ្លាំងដែលមានប្រជាជនកម្ពុជាជំនាន់ក្រោយធ្វើជាតំណាងអ្នកដឹកនាំដ៏សំខាន់ សម្រាប់ក្រុមហ៊ុនធានារ៉ាប់រងទូទៅហ្វតតេ និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍។ កន្លងមក ហ្វតតេ ត្រូវបានចាក់ឬសយ៉ាងជ្រៅនៅក្នុងប្រទេសកម្ពុជា ហើយតាមរយៈការដំឡើងឋានៈ លោក ស៊ុយ ចាន់ថារ៉ុង ជាអគ្គនាយក នៃក្រុមហ៊ុនធានារ៉ាប់រងទូទៅហ្វតតេ និងលោក ព្រូ ស៊ីថន ជាអគ្គនាយក នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ បង្ហាញអោយឃើញថា ហ្វតតេ ជាក្រុមហ៊ុនដែលផ្តល់តម្លៃលើអ្នកដែលមានទេពកោសល្យក្នុងស្រុក និងយល់ច្បាស់ពីតម្រូវការ និងការចង់បានរបស់អ្នកប្រើប្រាស់នៅកម្ពុជា ក៏ដូចជា បម្រើសហគមន៍ក្នុងស្រុកឲ្យកាន់តែប្រសើរឡើង។ ខ្ញុំ​សូម​អបអរសាទរ​អ្នក​ទាំង​ពីរ ហើយ​ទន្ទឹង​រង់ចាំ​ការ​សហការ​គ្នា​ ដើម្បី​ដឹកនាំក្រុមហ៊ុន ​ហ្វតតេ ឱ្យ​ទទួល​បាន​ជោគជ័យ​សម្រាប់​ទសវត្សរ៍​ខាង​មុខ»។

ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ 1999 ក្រុមហ៊ុន ហ្វតតេ បានបង្កើតទីផ្សារដ៏ធំបំផុតសម្រាប់ការធានារ៉ាប់រងទូទៅ នៅក្នុងប្រទេសកម្ពុជាទាំងមូល ដោយបានពង្រីកការធានារ៉ាប់រងការពារអាយុជីវិតនៅឆ្នាំ 2019 ។ លើសពីនេះ ក្រុមហ៊ុន ហ្វតតេ ក៏ទទួលបានការទទួលស្គាល់ក្នុងតំបន់ ថាជាក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកប្រចាំឆ្នាំដោយ Insurance Asia Awards ពីរដង និងក្រុមហ៊ុនធានារ៉ាប់រងទូទៅល្អបំផុតនៅក្នុង ប្រទេសកម្ពុជាដោយ Global Banking and Finance Review រហូតដល់ 9 ឆ្នាំ៕




អត្ថបទបន្ទាប់


Ford Ranger Raptor ម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo ត្រូវបានដាក់សម្ពោធជាផ្លូវការ

ព័ត៌មាន
ជួបគ្នាម្តងទៀតហើយជាមួយនឹងព្រឹត្តិការណ៍ដ៏អស្ចារ្យដែលត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ផ្នែករថយន្ត Ford នោះគឺពិធីសម្ពោ…

foodpanda បន្ថែមមុខងារ pandasend សម្រាប់ការដឹកជញ្ជូនលើសពីម្ហូបអាហារ

ព័ត៌មាន
ក្រៅពីការដឹកជញ្ជូនម្ហូបអាហារ នៅពេលនេះ លោកអ្នកក៏អាចហៅអ្នកដឹកជញ្ជូនឲ្យដឹកឯកសារ កាដូ ឬមុខទំនិញផ្សេងៗទៀតទៅកាន់អតិថិជន ដៃគូ សមាជិក្រុមគ្រួស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ