ប្រធានរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិរបស់ប្រទេសបង់ក្លាដេស គឺលោក Mohammad Tajul Islam បានបញ្ជាក់ថា តុលាការបានបញ្ជាឲ្យចាប់ខ្លួនលោកស្រី ហាស៊ីណា និងត្រូវបញ្ជូនខ្លួនលោកស្រីទៅកាន់តុលាការនៅ ថ្ងៃទី ១៨ ខែវិច្ឆិកា ខាងមុខនេះ ជាកំហិត។
ក្រោមការគ្រប់គ្រងអំណាចរយៈពេល ១៥ឆ្នាំ ដោយលោកស្រី ហាស៊ីណា ប្រទេសបង់ក្លាដេស មានការរំលោភសិទ្ធិមនុស្សយ៉ាងទូលំទូលាយ អំពើពុករលួយ រួមទាំងការឃុំខ្លួនទ្រង់ទ្រាយធំ និងការសម្លាប់ក្រៅប្រព័ន្ធតុលាការលើគូប្រជែងនយោបាយរបស់លោកស្រីផងដែរ។
ប្រធានរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិរបស់ប្រទេសបង់ក្លាដេស បានបញ្ជាក់ទៀតថា លោកស្រី ហាស៊ីណា គឺជាអ្នកនៅពីក្រោយនៃការសម្លាប់រង្គាល ការសម្លាប់ និងបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ក្នុងចន្លោះខែកក្កដា និងសីហា។
គិតមកទល់ពេលនេះ អតីតនាយកដ្ឋមន្ត្រីបង់ក្លាដេសវ័យ ៧៧ឆ្នាំរូបនេះ មិនទាន់ត្រូវបានគេប្រទះឃើញជាសាធារណៈនៅឡើយទេ រាប់តាំងពីពេលដែលលោកស្រីបានភៀសខ្លួនចេញពីមាតុប្រទេស ប៉ុន្ដែ គេបានដឹងថា ទីកន្លែងលាក់ខ្លួនចុងក្រោយរបស់លោកស្រី គឺនៅឯមូលដ្ឋានទ័ពអាកាសមួយ នៅជិត រដ្ឋធានីញូវដេលី ប្រទេសឥណ្ឌា។
ទីក្រុងដាកា ក៏បានដកហូតលិខិតឆ្លងដែនកាទូតរបស់លោកស្រី ហាស៊ីណា ហើយប្រទេសដែលស្ថិតនៅក្នុងសន្ធិសញ្ញាធ្វើបត្យាប័នទ្វេភាគី នឹងអាចមានសិទ្ធិ បញ្ចូនខ្លួនលោកស្រី ដើម្បីមកទទួលការកាត់ទោសនៅប្រទេសបង់ក្លាដេស។ ប៉ុន្ដែ មានត្រាមួយនៅក្នុងសន្ធិសញ្ញានេះ ក៏បានចែងដែរថា ការធ្វើបត្យាប័នអាចត្រូវបានបដិសេធ ប្រសិនបើការចោទប្រកាន់នោះ មានលក្ខណៈនយោបាយ៕
អត្ថបទ៖ ចាន់ ភារម្យ