ឧកញ៉ា ហួត អៀងតុង អគ្គនាយកប្រតិបត្តិ ធនាគារ ហត្ថា បានអះអាងថា បច្ចុប្បន្នការដួលរំលំធនាគារធំៗមួយចំនួននៅអាមេរិក មិនមានផលប៉ះពាល់មកលើប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជានៅឡើយទេ ក៏ប៉ុន្តែ នៅថ្ងៃខាងមុខ បញ្ហានេះអាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងពិភពលោក ហើយសម្រាប់កម្ពុជា ក៏អាចទទួលរងផលប៉ះពាល់ខ្លះៗ ដែរ ប្រសិនបើគ្មានវិធានការទប់ស្គាត់ដែលមានប្រសិទ្ធភាព។ បើតាមឧកញ៉ា ហួត អៀងតុង ការដួលរលំធនាគារធំៗ នៅអាមេរិក ក៏បានជះឥទ្ធិពលមួយចំនួនដែរ លើផ្នត់គំនិតរបស់ប្រជាពលរដ្ឋកម្ពុជា ប៉ុន្តែ បញ្ហានេះមិនមែនជាបញ្ហាធ្ងន់ធ្ងរពេកនោះទេ ហើយក៏មិនធ្វើឲ្យស្ថានភាពវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជារងការរង្គោះរង្គើ នោះដែរ។
ម្យ៉ាងវិញទៀត ប្រព័ន្ធធនាគារនៅកម្ពុជា ក៏មិនមានការវិនិយោគផ្ទាល់ជាមួយបណ្ដាធនាគារនៅអាមេរិកដែលបានដួលរលំនោះដែរ។ ទន្ទឹមនឹងនេះ អ្នកជំនាញហិរញ្ញវត្ថុរូបនេះ ក៏នៅតែបង្ហាញគំនិតសុទិដ្ឋិនិមចំពោះវិស័យធនាគារនិងហិរញ្ញវត្ថុកម្ពុជាឆ្នាំ២០២៣ ថានៅតែមានភាពរឹងមាំ និងអាចបន្តរក្សាបាននូវសញ្ញាណជាវិជ្ជមាន។
បើតាមឧកញ៉ា ហួត អៀងតុង រហូតមកដល់ពេលនេះ ស្ថានភាពវិស័យធនាគារនិងហិរញ្ញវត្ថុកម្ពុជា មិនមានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ ហើយប្រតិបត្តិការក្នុងវិស័យនេះ ក៏នៅតែមានភាពប្រក្រតីជាធម្មតា។ ដ្បិតស្ថានភាពទីផ្សារហិរញ្ញវត្ថុនៅអាមេរិក កំពុងមានភាពចលាចល ដោយសារពលរដ្ឋអាមេរិកនាំគ្នាសម្រុកទៅដកប្រាក់ចេញពីធនាគារមួយចំនួន ក៏ពិតមែន តែសម្រាប់កម្ពុជា ឧកញ៉ា ហួត អៀងតុង បានកត់សម្គាល់ឃើញថា មិនមានករណីនេះអតិថិជនមកដកប្រាក់សន្សំចេញពីធនាគារ ហត្ថាខុសប្រក្រតីនោះទេ។ បន្ថែមលើនេះ ឧកញ៉ាក៏បានអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋកម្ពុជា កុំឲ្យមានការព្រួយបារម្ភចំពោះស្ថានភាពវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា និងត្រូវសិក្សាស្រាវជ្រាវឲ្យបានច្បាស់ពីមូលហេតុនៃការដួលរលំធនាគារនៅអាមេរិកនេះ។
យ៉ាងណាក៏ដោយ ជុំវិញបញ្ហានេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្មីៗនេះក៏បានអំពាវនាវផងដែរឲ្យប្រជាជនកម្ពុជា ជាពិសេសអ្នកដែលបានដាក់ប្រាក់បញ្ជើនៅតាមបណ្ដាធនាគារក្នុងប្រទេសកម្ពុជា សូមកុំមានការស្លន់ស្លោរឲ្យសោះ ចំពោះរឿងដួលរលំនៃធនាគារធំៗពីររបស់សហរដ្ឋអាមេរិក ដែលធ្វើឲ្យទីផ្សារហិរញ្ញវត្ថុនៅអាមេរិកចលាចលយ៉ាងខ្លាំងនៅប៉ុន្មានថ្ងៃមកនេះ។ សម្ដេចបានគូសបញ្ជាក់ថា ការស្លន់ស្លោណាមួយរបស់ប្រជាពលរដ្ឋនឹងនាំមកនូវភាពច្របូកច្របល់ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា ហើយមានតែធ្វើឲ្យខាតបង់ប៉ុណ្ណោះ៕