នាយកប្រតិបត្តិធនាគារវិនិយោគ JPMorgan Chase & Co លោក ជេមី ឌីម៉ុន (Jamie Dimon) បានប្រាប់ទូរទស្សន៍ CNBC ថា អ្នកប្រើប្រាស់ និងក្រុមហ៊ុននៅមានស្ថានភាពល្អ ប៉ុន្តែបានកត់សម្គាល់ថា ស្ថានភាពល្អនេះ ប្រហែលជាមិនមានរយៈពេលយូរនោះទេ ដោយសារសេដ្ឋកិច្ចធ្លាក់ចុះ និងអតិផរណាបំផ្លាញអំណាចចាយវាយរបស់អ្នកប្រើប្រាស់។
លោក ឌីម៉ុន បានបន្តថា កត្តាទាំងនោះអាចនឹងបន្ទច់បង្អាក់សេដ្ឋកិច្ចបានយ៉ាងាយ និងអាចបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចកម្រិតស្រាលរហូតដល់កម្រិតធ្ងន់ដែលប្រជាជនកំពុងតែព្រួយបារម្ភ។
នាយកប្រតិបត្តិធនាគារ JPMorgan ដដែលនេះបានអះអាងទៀតថា អ្នកប្រើប្រាស់នៅអាមេរិក មានប្រាក់សន្សំចំនួន ១,៥ទ្រីលានដុល្លារពីកម្មវិធីសន្សំប្រាក់ក្នុងសម័យជំងឺកូវីដ ប៉ុន្តែប្រាក់នោះអាចនឹងចាយអស់នៅពេលណាមួយនៅពាក់កណ្តាលឆ្នាំ២០២៣។ ជាមួយគ្នានេះ ធនាគារកណ្តាលរបស់អាមេរិក ក៏នឹងអាចនឹងផ្អាកដំឡើងអត្រាការប្រាក់ពី ៣ ទៅ ៦ ខែផងដែរ បន្ទាប់ពីបានបង្កើនអត្រាការប្រាក់គោលដល់ ៥% ប៉ុន្តែអត្រានោះប្រហែលជា«មិនគ្រប់គ្រាន់ទេ»ក្នុងការទប់ស្កាត់អតិផរណាកុំឱ្យកើនខ្ពស់។
ធនាគារកណ្តាលអាមេរិកកាលពីខែមុនបានដំឡើងអត្រាការប្រាក់គោល ០,៧៥% ជាប់ៗគ្នាក្នុងអំឡុងពេលកិច្ចប្រជុំទាំង៤លើករបស់ខ្លួនធ្វើឱ្យអត្រាការប្រាក់គោលឡើងដល់ចន្លោះពី ៣,៧៥% ដល់ ៤% ប៉ុន្តែធនាគារនេះក៏បានបង្ហាញពីក្តីសង្ឃឹមដែរថា វានឹងផ្លាស់ប្តូរទៅជាការដំឡើងតិចជាងមុននៅក្នុងកិច្ចប្រជុំរបស់ខ្លួននៅពេលក្រោយៗទៀត។
ភាគហ៊ុនរបស់ធនាគារធំៗមួយចំនួនបានធ្លាក់ចុះយ៉ាងខ្លាំងនៅថ្ងៃទី ៧ខែធ្នូនេះ បន្ទាប់ពីធនាគារិកកំពូលៗមួយក្រុមបានគូសបញ្ជាក់ពីហានិភ័យសម្រាប់សេដ្ឋកិច្ច។ ធនាគារ Bank of America នៅអាមេរិកបានធ្លាក់ចុះភាគហ៊ុនជាង ៤% ហើយធនាគារ Goldman Sachs Group Inc និងធនាគារ Morgan Stanley គឺនីមួយៗបានធ្លាក់ចុះភាគហ៊ុនជាង ២% ចំណែកឯធនាគារ Citigroup Inc វិញបានធ្លាក់ចុះជាង ១%។
នាយកប្រតិបត្តិធនាគារ Bank of America គឺលោក ប្រៀន ម៉ូយនីហេន (Brian Moynihan) បានប្រាប់វិនិយោគិននៅក្នុងសន្និសីទហិរញ្ញវត្ថុរបស់ Goldman Sachs ថា ការស្រាវជ្រាវរបស់ធនាគារនេះបានបង្ហាញពី«កំណើនអវិជ្ជមាន»នៅឆមាសទី១ឆ្នាំ២០២៣ ប៉ុន្តែការធ្លាក់ចុះនោះនឹងមានកម្រិត«ស្រាល»។
ចំណែកលោក ដេវីដ សូឡូម៉ុន (David Solomon) នាយកប្រតិបត្តិក្រុមហ៊ុន Goldman Sachs បាននិយាយនៅក្នុងសន្និសីទនេះដែរថា«កំណើនសេដ្ឋកិច្ចកំពុងធ្លាក់ចុះ» ហើយពេលលោកនិយាយជាមួយអតិថិជនរបស់ក្រុមហ៊ុននេះគឺពួកគេមើលទៅដូចជាប្រយ័ត្នខ្លាំងណាស់ ហើយថា នៅក្នុងវិស័យធនាគារ ទីផ្សារការងារនៅតែ«តឹងតែងគួរឱ្យភ្ញាក់ផ្អើល»។
ចំពេលដែលស្ថានការណ៍ស្ថិតក្នុងភាពមិនច្បាប់លាស់បែបនេះ ធនាគារមួយចំនួនក៏បាននិងកំពុងមានផែនការកាត់បុគ្គលិកជាបន្ដបន្ទាប់ផងដែរ៕
អត្តបទ ៖ សុខ ជា