រុស្សីហាមពលរដ្ឋអាមេរិកាំងជិត ១ពាន់នាក់ មិនឱ្យចូលប្រទេសខ្លួន

រុស្សីហាមពលរដ្ឋអាមេរិកាំងជិត ១ពាន់នាក់ មិនឱ្យចូលប្រទេសខ្លួន រួមទាំង លោកចូ បៃដិន ប៉ុន្តែលើកលែងលោកដូណាល់ត្រាំ


ប្រទេសរុស្ស៊ីបានដាក់បម្រាមជាអចិន្ត្រៃយ៍ទៅលើក្រុមអ្នកនយោបាយអាមេរិកាំង តារាល្បីៗ និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗសរុបចំនួនជាង ៩៦៣នាក់ មិនឱ្យចូលទៅក្នុងប្រទេសរុស្ស៊ីនោះឡើយ ដោយក្នុងនោះរួមទាំងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន អនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស នាយកប្រតិបត្តិក្រុមហ៊ុន Meta គឺលោក ម៉ាក ហ្សាក់ឃឺប៊ឺក (Mark Zuckerberg) និងតារាសម្តែងលោក ម៉ូហ្កាន ហ្វីម៉េន (Morgan Freeman) ផងដែរ។ ប៉ុន្ដែ អ្វីដែលគេកត់សម្គាល់ បែរជា​លោកដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក គឺមិនមានឈ្មោះ​នៅក្នុង​បម្រាមនេះនោះទេ។
រុស្សីហាមពលរដ្ឋអាមេរិកាំងជិត ១ពាន់នាក់ មិនឱ្យចូលប្រទេសខ្លួន

ក្រសួងការបរទេសរុស្ស៊ីបានប្រកាស​ដាក់​បម្រាមហាមឃាត់​​នេះ កាលពីថ្ងៃទី២១ឧសភា ដែល​ជាផ្នែក​មួយ​នៃ​ការ​ឆ្លើយតប​ទៅកាន់អាមេរិក ដែលបាន​​ដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ ​ដោយ​សារ​ការឈ្លានពាន​ទៅ​លើ​អ៊ុយក្រែន។

ក្រសួងការបរទេសរុស្ស៊ី​​បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រុស្ស៊ី​សង្កត់ធ្ងន់ថា សកម្មភាព​អមិត្ត​​បង្ក​ឡើង​ដោយ​ទីក្រុងវ៉ាស៊ីនតោន​​ពេល​នេះ ​វា​បាន​ឡង​ទៅ​រក​​សហរដ្ឋអាមេរិកខ្លួនឯង​វិញដោយ​ត្រឹម​ត្រូវ​ជា​ទី​បំផុត​។ ការឆ្លើយ​តប​​​ទណ្ឌកម្ម​​​​របស់រុស្ស៊ី​​នេះ ​ត្រូវបានធ្វើ​ឡើង​ទាំង​បង្ខំ​​​ក្នុង​ចេតនា​បង្ខំឱ្យ​អាមេរិក​ផ្លាស់ប្តូរ​អាកប្ប​កិរិយា​របស់ខ្លួន​ ​ដោយទទួលស្គាល់ការពិតភូមិសាស្ត្រនយោបាយថ្មី​​ ខណៈ​ដែល​អាមេរិក​កំពុង​តែ​​កាន់អំណាច​​ និង​ព្យាយាមកែ​ប្រែ​​សណ្តាប់ធ្នាប់ពិភពលោក​នេះ។​

ក្រៅ​តែ​ពីលោកចូ បៃដិន និងលោកស្រី ហារីស គឺ​នៅ​មានបុគ្គលសំខាន់ៗ​​ផ្សេង​ទៀត ក៏ស្ថិត​នៅក្នុង​បញ្ជី​ហាមប្រាម​ធ្វើដំណើរ​ចូល​របស់រុស្ស៊ីផងដែរ ​រួមមាន​រដ្ឋមន្ត្រី​ការបរទេស​​អាមេរិក​លោក​ Antony Blinken ​លេខាធិការដឹកជញ្ជូន​លោក ភីត ប៊ូទី​ជីក​ (Pete Buttigieg)​ រដ្ឋមន្ត្រីការពារជាតិ​លោក ឡយ អូស្ទីន (Lloyd Austin)​ និងលោកស្រី Hillary Clinton ផង​ដែរ​។

ទោះបីជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតីលោក​ ដូណាល់ ត្រាំ ដែលកាលពីមុន​បាន​សរ​សើរ​លោក​ Putinនោះ គឺមិនបានស្ថិត​នៅក្នុង​បញ្ជីហាមប្រាមធ្វើដំណើរ​ចូលក្នុងប្រទេសរុស្ស៊ីនោះឡើយ។ អតីតប្រធានាធិបតីដែលនៅមានជីវិតផ្សេងទៀតដូចជា​លោក Barack Obama និង George W. Bush ក៏មិនមានឈ្មោះ​នៅក្នុងបញ្ជីនេះដូចគ្នាដែរ។​

ទោះបីជាលោក Trump មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​​បញ្ជីនេះ​ក៏​ដោយ ​ប៉ុន្តែ​អ្នកគាំទ្រ​អតីត​ប្រធានាធិបតី​រូប​នេះ ​ត្រូវបានបញ្ចូលទៅក្នុងបម្រាមនេះ​ ហើយ​​ក្នុងចំណោមមនុស្ស ៩៦៣​ នាក់​ដែល​ត្រូវ​បាន​ហាម ​មិន​ឱ្យ​ចូល​ក្នុង​រុស្ស៊ី​នោះ ​​គឺ​មានជាង ២៣០​ នាក់​ជាសមាជិក​​​សភាសហរដ្ឋអាមេរិក​​​​រួម​ទាំង​មេដឹកនាំគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ​​ផង​ដែរ​។

បញ្ជីបម្រាមរបស់រុស្ស៊ី​នេះ​​ក៏រួមបញ្ចូល​អ្នកនយោបាយ ដែលបានទទួលមរណភាពទៅ​ហើយ​ផង​ដែរ​​ ដូចជា​អតីត​ព្រឹទ្ធ​សមា​ជិក​​លោក ចន មែក​ខេន (John McCain) និងមន្ត្រី​មួយ​ចំនួន​ទៀត​រួម​ទាំង​​អតីត​នាយក​រង​នៃ​ទីភ្នាក់​ងារ​ស៊ើបការណ៍​​សម្ងាត់​ការពារ​ជាតិ​លោកស្រី​ មេលីសា ឌ្រី​ស្កូ (Melissa Drisko) ផង​ដែរ​។

ក្រៅតែ​ពី​អ្នកនយោបាយ ​នាយក​ប្រតិបត្តិ​បច្ចេកវិទ្យា​ដូចជា​លោក ហ្សាក់​ឃឺ​ប៊ឺក​ ​និង​ប្រធាន​ក្រុម​ហ៊ុន​ Microsoft​ លោក ប្រេដ ស្មីត (Brad Smith)​ ក៏ត្រូវបានហាមឃាត់ដែរ រួមទាំង​អ្នក​កាសែត​មួយចំនួន​របស់ទូរ​ស្សន៍​​ ABC News និង​កាសែត​ The New York Times ផង​ដែរ​។

ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា អ្នកឈ្នះពានរង្វាន់​ Academy Award គឺលោក​ Freeman ​ក៏​ស្ថិត​ក្នុង​បញ្ជី​​នេះ​ដូចគ្នា ​ដោយសារ​​លោក​​មាន​ការ​ពាក់​ព័ន្ធនឹង​ការ​ផលិត​វីដេអូមួយ​​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៧​​ដែល​បាន​ចោទប្រកាន់រុស្ស៊ី​ពីបទសមគំនិតប្រឆាំង​សហរដ្ឋអាមេរិក​និងអំពាវនាវឱ្យមានការប្រយុទ្ធ​ប្រឆាំង​​ប្រទេស​រុស្ស៊ី ​​និង​ចោទ​រុស្ស៊ី​ថា ​បាន​ជ្រៀតជ្រែកក្នុង​ការ​បោះឆ្នោត​អាមេរិក​នៅ​ឆ្នាំ​២០១៦​​៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុរីលំនៅដ្ឋានធំមួយកំពុងពង្រីកការអភិវឌ្ឍកាន់តែខ្លាំង នៅតំបន់ដ៏មានសក្ដានុពល នៃសង្កាត់ព្រៃស ខណ្ឌដង្កោ

ព័ត៌មាន
ការអភិវឌ្ឍរាជធានីភ្នំពេញ បាននិងកំពុងបាញ់ឆ្ពោះទៅគ្រប់ទិស នៃរាធានីភ្នំពេញ។ ក្នុងនោះ ការអភិវឌ្ឍបុរីលំនៅឋាន គឺជាវិស័យដែលកំពុងមានការរីកដ…

វៀតណាមប្រឈមអ្វីខ្លះ ដើម្បីឈានទៅសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ ២០២២?

ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រីវៀតណាមនៅថ្ងៃទី ២៣ឧសភា បាននិយាយថា ប្រទេសវៀតណាមចាំបាច់ត្រូវមានការខិតខំប្រឹងប្រែងខ្លាំងក្លាបន្ថែមទៀត ដើម្បីអាចសម្រេចបាននូវគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ