បណ្តាធនាគារនានានៅក្នុងប្រទេសវៀតណាមកំពុងតែមានការចាប់អារម្មណ៍ និងដាក់ខ្លួននៅក្នុងការប្រុងប្រយ័ត្ន ខណៈដែលសាច់បា្រក់កំពុងតែគរនៅក្នុងធនាគារដោយសារទំហំប្រាក់បញ្ញើសន្សំកើនឡើងខ្លាំងកាលពីឆ្នាំ២០២២ ហើយបញ្ញើសន្សំ ដែលបានការប្រាក់ខ្ពស់ទាំងនេះជិតដល់ពេលកំណត់ត្រូវសងទៅកាន់អតិថិជនវិញ ចំពេលដែលការប្រាក់បានចុះទាបមកវិញ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Vietnam News។
លោក ហាង កុងធួន ( Hoàng Cong Tuấn) ប្រធានក្រុមអ្នកសេដ្ឋកិច្ច នៃក្រុមហ៊ុនមូលបត្រធនាគារយោធាវៀតណាម បាននិយាយថា អត្រាការប្រាក់បញ្ញើបានកើនឡើងយ៉ាងខ្លាំងចាប់ពីចុងត្រីមាសទី ៤ ឆ្នាំ ២០២២ មកដល់ត្រីមាសទី ១ ឆ្នាំ ២០២៣។ លោកបានបន្តថា អាស្រ័យហេតុនេះ នាពេលថ្មីៗនេះ ធនាគារធំៗបានធ្វើការផ្លាស់ប្តូរគោលនយោបាយជាច្រើន ដើម្បីបញ្ចុះអត្រាការប្រាក់បញ្ញើឲ្យនៅក្រោម ៧% ហើយនៅពេលអនាគត ធនាគារទាំងនោះនឹងបន្តបន្ថយអត្រាការប្រាក់បញ្ញើបន្ថែមទៀត។
គោលនយោបាយថ្មី អាចនឹងធ្វើឱ្យស្ថានភាពសាច់ប្រាក់របស់ធនាគារស្ថិតក្រោមសម្ពាធ ខណៈពេលដែលចំនួនប្រាក់សន្សំទំហំជាង ៥០៣ ពាន់លានដុល្លា ចាប់ពីចុងឆ្នាំ ២០២២ ហៀបនឹងឈានដល់ពេលកំណត់ ត្រូវសងត្រឡប់ទៅកាន់អតិថិជនវិញ។ អ្វីដែលគេមានក្ដីបារម្ភ គឺថា ប្រជាជនវៀតណាមអាចបើកប្រាក់ទាំងដើម ទាំងការចេញហើយ មិនបន្តសន្សំនៅក្នុងធនាគារវិញ ដោយសារតែការប្រាក់ចុះទាប ជាហេតុធ្វើឱ្យខ្វះសាច់ប្រាក់នៅក្នុងប្រព័ន្ធធនាគារវៀតណាម។
ដើម្បីដោះស្រាយបញ្ហា និងកាត់បន្ថយសម្ពាធ, លោក ហាង កុងធួន បានឱ្យដឹងថា នាពេលថ្មីៗកន្លងទៅនេះ ធនាគាររដ្ឋវៀតណាមបានបញ្ចូលសាច់ប្រាក់ជាច្រើនទៅក្នុងប្រព័ន្ធធនាគារ តាមរយៈការទិញប្រាក់ដុល្លារចំនួន ៦ ប៊ីលានដុល្លារ ហើយក្នុងពេលជាមួយគ្នានោះ ធនាគាររដ្ឋវៀតណាមក៏បានបើកដំណើរការទីផ្សារបើកចំហរមួយដើម្បីសម្រួលរំហូរសាច់ប្រាក់។
លោក ត្រាន់ ង៉ុក បា (Trần Ngọc Báu) អគ្គនាយកនៃក្រុមហ៊ុនផ្តល់ទិន្នន័យហិរញ្ញវត្ថុ Wi Group បាននិយាយថា ធនាគាររដ្ឋវៀតណាមបានបញ្ចេញលុយដុងប្រមាណជា ៨០ ទ្រីលានដុង ឬស្មើនឹងប្រមាណ ៣ពាន់៤រយលានដុល្លាររួចហើយតាមរយៈប្រតិបត្តិការទីផ្សារបើកចំហរនេះ។ គេរំពឹងថា ធនាគាររដ្ឋវៀតណាមនឹងបញ្ចេញសាច់ប្រាក់ ៣០ ទ្រីលានដុង ឬប្រមាណ ជាង១ពាន់២រយលានដុល្លារបន្ថែមទៀត៕