វិស័យហិរញ្ញវត្ថុ

សម្តេច ហ៊ុន ម៉ាណែត ជំរុញឱ្យធនាគារទាំងអស់បង្កើនការផ្តល់កម្ចីដល់វិស័យ SME និងកសិកម្ម


ដើម្បីធានាបាននូវស្ថិរភាព និងភាពរឹងមាំនៃវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា ស្របពេលសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជំរុញឱ្យគ្រឹះស្ថានធនាគារទាំងអស់ពិនិត្យលទ្ធភាពក្នុងការផ្តល់សេវាកម្មឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ជាពិសេសពិនិត្យលទ្ធភាពក្នុងការផ្តល់ឥណទានឱ្យបានកាន់តែច្រើនទៅដល់សហគ្រាសមីក្រូ ធុនតូច និងមធ្យម ដើម្បីជួយសម្រាលសម្ពាធហិរញ្ញវត្ថុ និងរួមចំណែកដល់ការរក្សាស្ថិរភាព នៃសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជា។
វិស័យហិរញ្ញវត្ថុ
ដោយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៣ បានគូសបញ្ជាក់ថា ដើម្បីបន្តធានាបាននូវស្ថិរភាព និងភាពរឹងមាំនៃវិស័យហិរញ្ញវត្ថុ និងធនាគារ ក៏ដូចជាលើកកម្ពស់តួនាទីរបស់វិស័យធនាគារនៅក្នុងសកម្មភាពសេដ្ឋកិច្ច សម្តេចលើកទឹកចិត្តដល់គ្រឹះស្ថានធនាគារទាំងអស់ ត្រូវពិនិត្យលទ្ធភាពផ្តល់សេវាកម្មរបស់ខ្លួនឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា សំដៅរួមចំណែកជួយការកាត់បន្ថយភាពក្រីក្រី កាត់បន្ថយវិសមភាពសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ លើសពីនេះ សម្តេចធិបតី ស្នើឱ្យគ្រឹះស្ថានធនាគារទាំងអស់ពិនិត្យលទ្ធភាពបង្កើនការផ្តល់ឥណទានដល់សហគ្រាសមីក្រូធុនតូច និងមធ្យម ដើម្បីជួយសម្រាលសម្ពាធហិរញ្ញវត្ថុ និងជួយរក្សាស្ថិរភាពនៃសកម្មភាពសេដ្ឋកិច្ច។

ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកទឹកចិត្តដល់គ្រឹះស្ថានធនាគារឱ្យពង្រីកកម្ចីដល់វិស័យកសិកម្មផងដែរ ជាពិសេសឥណទានសម្រាប់ដំណាំស្រូវ និងឥណទានបៃតង ដើម្បីបង្កើនការនាំចេញអង្ករប្រណិតកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ លើកម្ពស់ចីរភាព និងរួមចំណែកដល់ការពង្រឹងសន្តិសុខស្បៀង ជាពិសេសយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយផលិតកម្ម រិះរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ។ យ៉ាងណាមិញសម្តេចធិបតីលើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តអនុវត្តវិធានការរៀបចំឥណទានឡើងវិញជូនអតិថិជនដែលជួបហានិភ័យក្នុងវិស័យទេសចរណ៍កម្ពុជា ជាពិសេសវិស័យទេសចរណ៍នៅខេត្តសៀមរាប ដែលកំពុងជួបប្រទះបញ្ហាហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន។

ការជំរុញឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុពិនិត្យលទ្ធភាពបង្កើនការផ្តល់ឥណទានដល់វិស័យសហគ្រាសធុនតូច និងមធ្យម និងវិស័យកសិកម្មនេះ ធ្វើឡើងក្រោយសម្តេចធិបតី ហ៊ុន ម៉ាណែត យល់ឃើញថា ភាពរីកចម្រើនរបស់វិស័យមួយ ក៏ដូជាភាពរីកចម្រើននៃសេដ្ឋកិច្ច និងការវិនិយោគ គឺទាមទារឱ្យមានការចូលរួមពីវិស័យធនាគារ និងហិរញ្ញវត្ថុ។ សម្តេចធិបតី ជឿជាក់ថា ការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជាទំនងជាមិនរីកចម្រើនបានលឿននោះឡើយ បើគ្មានការផ្តល់ទុនជំរុញពីវិស័យធនាគារ និងហិរញ្ញវត្ថុ។

តែយ៉ាងណា សម្តេច ហ៊ុន ម៉ាណែត អះអាងថា ការពិនិត្យលទ្ធភាពផ្តល់ឥណទានទាំងនេះ ក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរ ដ្បិតថា ធនាគារក៏ត្រូវមានកាតព្វកិច្ចរក្សាលំនឹងនៃប្រព័ន្ធរបស់ខ្លួនផងដែរ ដោយការផ្តល់ឥណទានទៅឱ្យអតិថិជនត្រូវមានការវាយតម្លៃច្បាស់លាស់ ពោលគឺត្រូវផ្តល់ដល់អតិថិជនឱ្យចំគោលដៅ ដ្បិតស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះ ប្រសិនដាក់ចេញមិនចំគោលដៅទេ ទុនដែលបានបញ្ចេញទៅទាំងនោះ នឹងមិនមានលំនឹងដែលអាចប៉ះពាល់ទៅដល់ស្ថានភាពសេដ្ឋកិច្ចទាំងមូលផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហគ្រិនខ្មែរប្រកាសជ័យលាភីនៃការប្រកួតពានរង្វាន់ ឆ្នាំ២០២៣

ព័ត៌មាន
សហគ្រិនខ្មែរបានប្រកាសជ័យលាភីដែលជាក្រុម និងក្រុមហ៊ុនដែលបានឈ្មះការប្រកួតពានរង្វាន់សហគ្រិនខ្មែរទាំង៣ប្រភេទប្រចាំឆ្នាំ២០២៣ គឺ៖ ពានរង្វាន់កម្រិត…

ពន្ធដារប្រមូលចំណូលបានជាង៣ពាន់៣រយលានដុល្លារនៅ១១ខែឆ្នាំនេះ ស្មើនឹងជិត៩៤% នៃច្បាប់ថវិកា

ព័ត៌មាន
ការប្រមូលចំណូលពន្ធ-អាករ របស់អគ្គនាយកដ្ឋានពន្ធដារ នៅតែរក្សាបាននូវកំណើនវិជ្ជមានគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ២០២៣នេះ ជាក់ស្ដែងនៅក្នុងរយៈពេល១១…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ