វិស័យទេសចរណ៍

តើវិស័យទេសចរណ៍នៅខេត្តសៀមរាប គួរពឹងផ្អែកតែលើអង្គរវត្ត ឬត្រូវអភិវឌ្ឍន៍តំបន់ទេសចរណ៍បន្ថែម?


នៅពេលគេនឹកឃើញដល់ខេត្តសៀមរាប គេតែងតែនឹងឃើញដល់ភាពល្បីល្បាញរបស់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដែលជាអច្ឆរិយសំណង់ដ៏អស្ចារ្យមួយនៅលើពិភពលោកដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។ មិនថាភ្ញៀវទេសចរជាតិ ឬអន្តរជាតិនោះទេ ពេលធ្វើដំណើរកម្សាន្តទៅកាន់ខេត្តសៀមរាប គោលបំណងធំបំផុតរបស់ពួកគេ គឺចង់ទស្សនាប្រាសាទអង្គរវត្ត ដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅអង្គការយូណេស្កូកាលពីឆ្នាំ១៩៩២។
វិស័យទេសចរណ៍
ដោយ

តើវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប គួរតែពឹងផ្អែកលើប្រាសាទអង្គរតែមួយមុខ ឬត្រូវអភិវឌ្ឍន៍តំបន់កេអូទេសចរណ៍បន្ថែម? ពាក់ព័ន្ធនឹងបញ្ហានេះអ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ច និងទេសចរណ៍យល់ឃើញថា ជាទស្សនៈវែងឆ្ងាយខេត្តសៀមរាបគួរតែបង្កើតតំបន់ទេសចរណ៍ថ្មីៗបន្ថែមអមជាមួយតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអង្គរបើសិនចង់ទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើន និងមកកម្សាន្តបានច្រើនថ្ងៃ។

លោក លី សុដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំនៅកម្ពុជា ទទួលស្គាល់ថា អង្គរវត្តជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្អឯកគ្មានពីររបស់ខេត្តសៀមរាប ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូល។ ភ្ញៀវទេសចរបរទេសភាគច្រើនស្គាល់ខេត្តសៀមរាប និងប្រទេសកម្ពុជាតាមរយៈតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះ។ តែយ៉ាងណាអ្នកជំនាញរូបនេះយល់ឃើញថា ការមានតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអង្គរតែមួយមុខ វាទំនងជាមិនអាចបំពេញតម្រូវការរបស់ភ្ញៀវទេសចរអន្តរជាតិគ្រប់គ្រាន់នោះឡើយ ហើយលោកបានចោទជាសំណួរថា តើក្នុងរយៈពេលពី៥ទៅ១០ឆ្នាំខាងមុខ ភ្ញៀវទេសចរបរទេសនឹងនៅតែចង់ទស្សនាប្រាសាទអង្គរទៀតដែរ ឬទេ? យ៉ាងណាមិញអ្នកសេដ្ឋកិច្ចជាន់ខ្ពស់រូបនេះ ស្នើឱ្យក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋបាលខេត្តសៀមរាប គួរតែបង្កើតតំបន់ទេសចរណ៍ថ្មីៗបន្ថែម ជាពិសេសតំបន់អេកូទេសចរណ៍បែបធម្មជាតិ និងនៅតាមបឹងទន្លេសាប ដើម្បីបង្កើនរសជាតិទេសចរណ៍បន្ថែមសម្រាប់ភ្ញៀវទេសចរបរទេស។

មិនខុសគ្នាពីលោក លី សុដេត ប៉ុន្មាននោះទេ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា យល់ឃើញកម្ពុជាគួរតែផ្លាស់ប្តូរយុទ្ធសាស្ត្រនៃការផ្សព្វផ្សាយ និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍របស់ខ្លួន ពោលគឺកម្ពុជាគួរបង្កើតផលិតទេសចរណ៍ថ្មីៗបន្ថែមទៀត កុំចាំតែទាញយកផលប្រយោជន៍ពីកេរដំណែលរបស់ដូនតា ហើយការផ្សព្វផ្សាយទៀតសោតត្រូវធ្វើឱ្យមានភាពសម្បូរបែប កុំផ្តោតតែលើអង្គរវត្តខ្លាំងពេក ដោយសារកម្ពុជាមានប្រាសាទបុរាណ និងតំបន់ទេសចរណ៍ធម្មជាតិជាច្រើនទៀត។ តែយ៉ាងណាលោកទទួលស្គាល់ថា អង្គរវត្តជាផលិតផលទេសចរណ៍ដ៏ល្អឯកគ្មានពីរនៅលើពិភពលោករបស់កម្ពុជា។

យ៉ាងណាក៏ដោយ លោក លី សុដេត សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំនៅកម្ពុជាវាយតម្លៃថា តាមរយៈការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាពិសេសអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលទើបដាក់ឱ្យដំណើរការកាលពីពេលថ្មីៗ វានឹងជួយស្តារវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប នៅឆ្នាំ២០២៤ ឱ្យងើបឡើងវីញស្នើ ឬជិតស្មើឆ្នាំ២០១៩ ដែលជាឆ្នាំមិនទាន់មានការផ្ទុះការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ ជាមួយគ្នានេះអ្នកជំនាញរូបនេះវាយតម្លៃជារួមថា វិស័យទេសចរណ៍របស់កម្ពុជា នៅឆ្នាំក្រោយនឹងមានស្ថានភាពល្អប្រសើរជាងឆ្នាំ២០២៣។

របាយការណ៍ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយរបស់កម្ពុជា បានគូសបញ្ជាក់ថា វិស័យទេសចរណ៍នៅតែដើរតួនាទីយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា តែយ៉ាងណារបាយការណ៍នេះបានកត់សម្គាល់ឃើញថា បើទោះបីជានៅឆ្នាំនេះមានភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជាវិញជាហូរហែក៏ដោយ តែប្រាក់ចំណូលនៅតាមគោលដៅទេសចរណ៍សំខាន់ៗមួយចំនួននៅតែមានចំនួនទាបជាងកម្រិតមុនការផ្ទុះជំងឺរាតត្បាតនៅឡើយ។ តែយ៉ាងណាសេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំនៅកម្ពុជាបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងរង្វង់៥,៨%នៅឆ្នាំ២០២៤ មានកំណើនតិចតួចបើធៀបនឹងកំណើននៅឆ្នាំ២០២៣ ដែលរំពឹងទទួលបាន៥,៥% ហើយសេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងដល់៦,១%នៅឆ្នាំ២០២៥។

គួរបញ្ជាក់ថា នៅក្នុងរយៈពេល១០ខែឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៤លាន៤សែននាក់មានការកើនឡើងជិត១៨០% បើធៀងនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានជាង១លាន៥៧ម៉ឺននាក់។ នេះបើយោងតាមរបាយការណន៍ស្ថិតិភ្ញៀវទេសចររបស់ក្រសួងទេសចរណ៍ ដែលរំពឹងថា នៅឆ្នាំ២០២៣ កម្ពុជានឹងទទួលបានភ្ញៀវទេសចរបរទេសប្រមាណ៥លាននាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើយើងត្រូវដោះស្រាយបំណុលដោយរបៀបណា នៅពេលជួបបញ្ហាធ្លាក់ចុះប្រាក់ចំណូល?

ព័ត៌មាន
អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា វិបត្តិសេដ្ឋកិច្ចសកល និងបញ្ហាសង្រ្គាម ដែលនៅបន្តកើតមាននៅលើសកលលោកបច្ចុប្បន្ននេះ ចង់ ឬ…

ក្រុមហ៊ុនដែកអាម៉េរិក US Steel ព្រមព្រៀងលក់ឱ្យក្រុមហ៊ុនដែកជប៉ុន Nippon Steel ក្នុងតម្លៃជាង១៤ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនដែកអាមេរិក US Steel ដែលធ្លាប់ជាក្រុមហ៊ុនសាជីវកម្មដ៏ធំបំផុងរបស់ពិភពលោកបានព្រមព្រៀងលក់ទៅឱ្យក្រុមហ៊ុនដែកធំបំផុតរបស់ជប៉ុន Nippo…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ