អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះគម្រោងនេះក្នុងការធ្វើឲ្យប្រសើរឡើងនៃវិស័យដឹកជញ្ជូន និងចូលរួមកាត់បន្ថយការចំណាយថវិកា និងពេលវេលា។
នាកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសិក្សាគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់នៅថ្ងៃទី១៤ តុលា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនជំរុញឲ្យក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និងភាគីពាក់ព័ន្ធនានាបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការសិក្សាលើគម្រោងនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ជំរុញឲ្យក្រុមហ៊ុន និងភាគីពាក់ព័ន្ធពន្លឿនការសិក្សាគម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ឲ្យបានចប់យ៉ាងយូរត្រឹមខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។
បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំក្រសួងសាធារណការ គោលបំណងនៃការរៀបចំកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពការងារ និងស្វែងរកដំណោះស្រាយលើកិច្ចការបច្ចេកទេសសំខាន់ៗមួយចំនួន ដែលស្នើឡើងដោយមន្រ្តីបច្ចេកទេសរបស់ក្រសួង ដើម្បីជួយជំរុញល្បឿននៃការសិក្សានេះឲ្យបានលឿន និងអាចបញ្ចប់នាពេលដ៏ខ្លីខាងមុខប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ជាពិសេសទទួលបានលទ្ធផលគ្រប់ជ្រុងជ្រោយតាមផែនការដែលបានរំពឹងទុក។
ជុំវិញការអភិវឌ្ឍន៍គម្រោងដឹកជញ្ចូនតាមផ្លូវទឹកនេះ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានចាត់ទុកគម្រោងបង្កើតផ្លូវទឹកសម្រាប់បម្រើឲ្យការដឹកជញ្ជូនទំនិញក្របខណ្ឌក្នុងស្រុក និងក្រៅស្រុក គឺអ្វីដែលអ្នករកស៊ីក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីកទន្ទឹងរង់ចាំជាយូរមកហើយ។ រង់ចាំ ក៏ដោយសារការដឹកជញ្ជូនតាមផ្លូវទឹកវាមិនត្រឹមតែជួយធ្វើឲ្យការដឹកជញ្ជូនបានលឿន និងកាត់បន្ថយការចំណាយប៉ុណ្ណេះទេ ថែមទាំងជួយកាត់បន្ថយគ្រោះថ្នាក់និងការកកស្ទះចរាចរណ៍ និងការខូចខាតផ្លូវថ្នល់ទៀតផង។ បើតាមការគូសបញ្ជាក់របស់លោកឧកញ៉ា ស៊ិន ចន្ធី ការធ្វើពាណិជ្ជកម្មនាំចេញនាំចូលទំនិញរបស់កម្ពុជាស្ទើរតែ៨០%ទៅហើយ ដែលប្រើប្រាស់ការដឹកជញ្ជូនតាមមធ្យោបាយផ្លូវទឹក ខណៈការដឹកជញ្ជូនតាមផ្លូវគោកមានប្រមាណតែ២០%ប៉ុណ្ណោះ។
គួរបញ្ជាក់ថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់នេះ ត្រូវបានសិក្សាឡើងដើម្បីជួយជំរុញការដឹកជញ្ជូនតាមផ្លូវទឹក និងភស្តុភារកម្មនៅកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាពថែមមួយកម្រិតទៀត ជាពិសេសជួយកាត់បន្ថយការចំណាយ និងថ្លៃដើមនៃការដឹកជញ្ជូនឲ្យកាន់តែទាបជាងមុន ព្រមទាំងផ្ដល់ភាពងាយស្រួលក្នុងការធ្វើសមាហរណកម្មវិស័យដឹកជញ្ជូនតាមផ្លូវទឹកផ្ទៃក្នុងប្រទេស ក៏ដូចជាតភ្ជាប់ជាមួយអន្តរជាតិឲ្យកាន់តែងាយស្រួលបន្ថែមទៀត៕