យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express ស្ត្រីរូបនេះបានសម្រេចចិត្តដាក់ពាក្យបណ្តឹងប្តឹងហាងលក់ស្បែកជើងកីឡាមួយកន្លែងនៅទីក្រុងញ៉ាត្រាង (Nha Trang) ក្រោយនាងទិញស្បែកជើងធ្វើជាកាដូជូនមិត្តប្រុស ប៉ុន្តែបែរជាត្រូវគេបោកប្រាស់ឱ្យទិញប៉ះទំនិញក្លែងក្លាយទៅវិញ។
ស្ត្រីអ្នកទេសចរជនជាតិរុស្ស៊ីម្នាក់បានចំណាយប្រាក់៤៩ដុល្លារ ដើម្បីទិញស្បែកជើងកីឡាយីហោល្បីៗដូចជា Nike និង Adidas ចំនួនពីរគូពីហាងមួយកន្លែងនៅក្នុងទីក្រុងទេសចរណ៍ ញ៉ាត្រាង។ ប៉ុន្តែការរំពឹងទុកថា នឹងបានកាដូដ៏មានតម្លៃជូនមិត្តប្រុសត្រូវរលាយសាបសូន្យ បន្ទាប់ពីនាងបានដឹងការពិតថា ស្បែកជើងដែលនាងទិញនោះ គឺជាទំនិញក្លែងក្លាយគ្មានគុណភាពឡើយ។
ដោយមិនសុខចិត្តនឹងអំពើភូតភរនេះ ស្ត្រីរងគ្រោះបានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់ប្រព័ន្ធទទួលមតិយោបល់សាធារណៈនៃខេត្ត ខាញ់ហាវ ដោយចោទប្រកាន់ហាងឈ្មោះ «Sport Market» ថា បានបោកប្រាស់ និងលក់ទំនិញក្លែងបន្លំស្លាកយីហោ Nike និង Adidas។ នាងបានរៀបរាប់ទាំងឈឺចាប់ថា នាងបានស្គាល់ហាងនេះតាមរយៈការផ្សព្វផ្សាយរបស់អ្នកបង្កើតមាតិកាលើបណ្តាញសង្គម ហើយថែមទាំងត្រូវបានបុគ្គលិកហាងអះអាង និងធានាយ៉ាងរឹងមាំថា ជាទំនិញសុទ្ធ១០០%។ អ្វីដែលធ្វើឱ្យនាងកាន់តែខឹងសម្បារថែមទៀតនោះ គឺនៅពេលនាងយកស្បែកជើងទៅតវ៉ា ភាគីហាងបានបដិសេធមិនទទួលយកទំនិញវិញ ឬសងប្រាក់វិញឡើយ ដោយយកលេសថា នាងគ្មានវិក្កយបត្រ។
ភ្លាមៗបន្ទាប់ពីទទួលបានបណ្តឹងពីស្ត្រីជនជាតិរុស្ស៊ី មន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត ខាញ់ហាវ បានបញ្ជាឱ្យកម្លាំងជំនាញចុះត្រួតពិនិត្យទីតាំងហាងនោះជាបន្ទាន់។ ជាលទ្ធផលអាជ្ញាធរបានរកឃើញភស្តុតាងជាក់ស្តែងថា ហាងនោះពិតជាបានលក់ទំនិញក្លែងក្លាយបោកប្រាស់អតិថិជនមែន ដោយបានសម្រេចពិន័យជាប្រាក់ជិត២,០០០ដុល្លារ ព្រមទាំងរឹបអូស និងបញ្ជាឱ្យបំផ្លាញចោលនូវស្បែកជើងក្លែងក្លាយយីហោ Nike និង Adidas សរុបចំនួន១៨០គូភ្លាមៗតែម្តង។
ករណីនេះ គឺជាមេរៀន និងជាសារក្រើនរំលឹកមួយសម្រាប់អ្នកទេសចរខ្មែរគ្រប់រូបនៅពេលទៅលេងកម្សាន្តនៅបរទេសកុំអាលជឿជាក់លើការផ្សព្វផ្សាយតាមបណ្តាញសង្គម ឬពាក្យសម្តីផ្អែមល្ហែមរបស់អាជីវករឱ្យសោះ។ មុននឹងទិញទំនិញយីហោល្បីៗ ត្រូវពិនិត្យមើលគុណភាពឱ្យបានល្អិតល្អន់ ជ្រើសរើសហាងដែលមានអាជ្ញាបណ្ណត្រឹមត្រូវ និងដាច់ខាតត្រូវទារយកវិក្កយបត្រជាប់ខ្លួនជានិច្ច ដើម្បីការពារសិទ្ធិ និងប្រាក់កាសរបស់លោកអ្នក៕
ដោយៈ សរ សុជាតិ