មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ការហក់ឡើងថ្លៃយ៉ាងគំហុករបស់បន្លែសណ្តែកគួរនេះ អាចកើតមានឡើងក្នុងអន្តរកាលខ្លីប៉ុណ្ណោះ។ តើមានកត្តាអ្វីជំរុញឱ្យសណ្តែកទ្រើង ឬសណ្តែកគួរ ហក់ឡើងថ្លៃដល់ជិត៤ម៉ឹនរៀលក្នុង១គីឡូក្រាមយ៉ាងដូច្នេះ?
នៅពេលថ្មីៗនេះមានការផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងជុំវិញរឿងតម្លៃសណ្តែកទ្រើង ឬសណ្តែកគួរ បន្ទាប់ពីមានបុរសម្នាក់បានបង្ហោះវីដេអូនៅលើបណ្តាញសង្គម ដោយបង្ហាញការហួសចិត្តចំពោះតម្លៃសណ្តែកគួរ ដែលបានហក់ឡើងថ្លៃរហូតដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។ បុរសម្នាក់នោះបានផ្សារភ្ជាប់សណ្តែកគួរដែលបានហក់ឡើងថ្លៃនោះថា ជាសណ្តែកគួរដែលនាំចូលពីបរទេស និងស្នើឱ្យអ្នកពាក់ព័ន្ធជួយពិនិត្យមើលបញ្ហាទីផ្សារនៃកសិផលក្នុងស្រុកដែលមានតម្លៃថោក។
ពាក់ព័ន្ធបញ្ហានេះឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញមកបកស្រាយថា កត្តាដែលជំរុញឱ្យតម្លៃសណ្តែកគួរហក់ឡើងថ្លៃខ្ពស់បែបនេះ ក៏ដោយសារបញ្ហាអាកាសធាតុបានធ្វើឱ្យអ្នកប្រកបមុខរបរដាំដុះសណ្តែកគួរមានការថយចុះ ដែលធ្វើឱ្យការផ្គត់ផ្គង់នៅលើទីផ្សារមានការខ្វះខាត ដែលធ្វើឱ្យតម្លៃសណ្តែកគួរហក់ឡើងយ៉ាងគំហុកបែបនេះ។
តែយ៉ាងណាអ្នកនាំពាក្យរូបនេះជឿជាក់ថា ការកើនឡើងនេះអាចកើតមានក្នុងរយៈពេលខ្លីប៉ុណ្ណោះ មិនមែនជាអចិន្ត្រៃយ៍នោះទេ។ ទន្ទឹមនឹងនេះ ឯកឧត្តម បានបង្ហាញការហួសចិត្តចំពោះការបង្ហោះវីដេអូនៅលើបណ្តាញសង្គមរបស់បុរសម្នាក់ខាងលើ ដែលថា សណ្តែកគួរដែលឡើងថ្លៃនោះជាសណ្តែកគួរនាំចូលពីប្រទេសជិតខាង ហើយបានប្រៀបធៀបជាមួយតម្លៃកសិផលដែលដាំដោយកសិករខ្មែរផងដែរ។
ជាមួយគ្នានេះលោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ទទួលស្គាល់ថា បន្លែសណ្ដែកទ្រើង ឬសណ្ដែកគួរបច្ចុប្បន្នពិតជាមានការឡើងថ្លៃជាងធម្មតាពិតប្រាកដមែន។ ការហក់ឡើងថ្លៃនេះត្រូវបានប្រធានមន្ទីររូបនេះអះអាងថា គឺដោយសារការរាំងស្ងួតបានធ្វើឱ្យការដាំដុះសណ្តែកគួរនៅឆ្នាំនេះរបស់កសិករជួបបញ្ហាខ្វះទឹកសម្រាប់ស្រោចស្រព ដែលធ្វើឱ្យទិន្នផលសណ្តែកគួរនៅឆ្នាំនេះមានការធ្លាក់ចុះ។ បើតាមន្ត្រីជាន់ខ្ពស់រូបនេះ មិនមែនមានតែសណ្តែកគួរនោះទេដែលថ្លៃ សូម្បីបន្លែមួយចំនួនទៀតក៏បានឡើងថ្លៃជាងឆ្នាំមុនផងដែរ។ លោកបានចាត់ទុកការឡើងថ្លៃនេះ វាជារឿងល្អសម្រាប់កសិករជាអ្នកដាំដុះ ប៉ុន្តែក៏អាចជាបញ្ហាប្រឈមរបស់អ្នកប្រើប្រាស់។
គួរបញ្ជាក់ថា នៅឆ្នាំនេះកម្ពុជា ក៏ដូចជាប្រទេសមួយចំនួននៅក្នុងតំបន់ និងលើពិភពលោក បានទទួលរងនូវបាតុភូតធម្មជាតិ អែលនីណូ ដែលធ្វើឱ្យកម្ពុជា ជួបបញ្ហារដូវប្រាំងមានការអូសបន្លាយ និងបញ្ហាគ្រោះរាំងស្ងួត ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការដាំដុះដំណាំកសិកម្មរបស់ប្រជាកសិករ។ បញ្ហានេះបានទាញទិន្នផលកសិផលនានារបស់កសិករឱ្យមានការធ្លាក់ចុះ និងបានជំរុញឱ្យកសិផលមានការកើនឡើងតម្លៃផងដែរ៕
អត្ថបទ៖ បូ ដូឡា