កសិករខ្មែរ

តើមានកត្តាអ្វីជំរុញឱ្យសណ្តែកទ្រើង ឬសណ្តែកគួរ ហក់ឡើងថ្លៃដល់ជិត៤ម៉ឹនរៀលក្នុង១គីឡូក្រាម?


សណ្ដែកទ្រើង ដែលគេនិយមហៅសណ្ដែកគួរ ដែលជាបន្លែមួយប្រភេទសម្រាប់ជាគ្រឿងផ្សំនៃមុខម្ហូបបានហក់ឡើងថ្លៃខ្ពស់ខុសពីធម្មតា ពោលគឺឡើងដល់ចន្លោះពី២ម៉ឺន៥ពាន់រៀល ដល់៤ម៉ឺនរៀល ក្នុង១គីឡូក្រាម។ ការហក់ឡើងថ្លៃខុសពីធម្មតារបស់សណ្តែកគួរនេះ បានធ្វើឱ្យមហាជនមួយចំនួនមានការអារម្មណ៍ និងងឿងឆ្ងល់យ៉ាងខ្លាំងចំពោះការកើនឡើងថ្លៃយ៉ាងគំហុកនេះ។
កសិករខ្មែរ
ដោយ

មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ការហក់ឡើងថ្លៃយ៉ាងគំហុករបស់បន្លែសណ្តែកគួរនេះ អាចកើតមានឡើងក្នុងអន្តរកាលខ្លីប៉ុណ្ណោះ។ តើមានកត្តាអ្វីជំរុញឱ្យសណ្តែកទ្រើង ឬសណ្តែកគួរ ហក់ឡើងថ្លៃដល់ជិត៤ម៉ឹនរៀលក្នុង១គីឡូក្រាមយ៉ាងដូច្នេះ?

នៅពេលថ្មីៗនេះមានការផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងជុំវិញរឿងតម្លៃសណ្តែកទ្រើង ឬសណ្តែកគួរ បន្ទាប់ពីមានបុរសម្នាក់បានបង្ហោះវីដេអូនៅលើបណ្តាញសង្គម ដោយបង្ហាញការហួសចិត្តចំពោះតម្លៃសណ្តែកគួរ ដែលបានហក់ឡើងថ្លៃរហូតដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។ បុរសម្នាក់នោះបានផ្សារភ្ជាប់សណ្តែកគួរដែលបានហក់ឡើងថ្លៃនោះថា ជាសណ្តែកគួរដែលនាំចូលពីបរទេស និងស្នើឱ្យអ្នកពាក់ព័ន្ធជួយពិនិត្យមើលបញ្ហាទីផ្សារនៃកសិផលក្នុងស្រុកដែលមានតម្លៃថោក។

ពាក់ព័ន្ធបញ្ហានេះឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញមកបកស្រាយថា កត្តាដែលជំរុញឱ្យតម្លៃសណ្តែកគួរហក់ឡើងថ្លៃខ្ពស់បែបនេះ ក៏ដោយសារបញ្ហាអាកាសធាតុបានធ្វើឱ្យអ្នកប្រកបមុខរបរដាំដុះសណ្តែកគួរមានការថយចុះ ដែលធ្វើឱ្យការផ្គត់ផ្គង់នៅលើទីផ្សារមានការខ្វះខាត ដែលធ្វើឱ្យតម្លៃសណ្តែកគួរហក់ឡើងយ៉ាងគំហុកបែបនេះ។

តែយ៉ាងណាអ្នកនាំពាក្យរូបនេះជឿជាក់ថា ការកើនឡើងនេះអាចកើតមានក្នុងរយៈពេលខ្លីប៉ុណ្ណោះ មិនមែនជាអចិន្ត្រៃយ៍នោះទេ។ ទន្ទឹមនឹងនេះ ឯកឧត្តម បានបង្ហាញការហួសចិត្តចំពោះការបង្ហោះវីដេអូនៅលើបណ្តាញសង្គមរបស់បុរសម្នាក់ខាងលើ ដែលថា សណ្តែកគួរដែលឡើងថ្លៃនោះជាសណ្តែកគួរនាំចូលពីប្រទេសជិតខាង ហើយបានប្រៀបធៀបជាមួយតម្លៃកសិផលដែលដាំដោយកសិករខ្មែរផងដែរ។

​ជាមួយគ្នានេះលោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ទទួលស្គាល់ថា បន្លែសណ្ដែកទ្រើង ឬសណ្ដែកគួរបច្ចុប្បន្នពិតជាមានការឡើងថ្លៃជាងធម្មតាពិតប្រាកដមែន។ ការហក់ឡើងថ្លៃនេះត្រូវបានប្រធានមន្ទីររូបនេះអះអាងថា គឺដោយសារការរាំងស្ងួតបានធ្វើឱ្យការដាំដុះសណ្តែកគួរនៅឆ្នាំនេះរបស់កសិករជួបបញ្ហាខ្វះទឹកសម្រាប់ស្រោចស្រព ដែលធ្វើឱ្យទិន្នផលសណ្តែកគួរនៅឆ្នាំនេះមានការធ្លាក់ចុះ។ បើតាមន្ត្រីជាន់ខ្ពស់រូបនេះ មិនមែនមានតែសណ្តែកគួរនោះទេដែលថ្លៃ សូម្បីបន្លែមួយចំនួនទៀតក៏បានឡើងថ្លៃជាងឆ្នាំមុនផងដែរ។ លោកបានចាត់ទុកការឡើងថ្លៃនេះ វាជារឿងល្អសម្រាប់កសិករជាអ្នកដាំដុះ ប៉ុន្តែក៏អាចជាបញ្ហាប្រឈមរបស់អ្នកប្រើប្រាស់។

​គួរបញ្ជាក់ថា នៅឆ្នាំនេះកម្ពុជា ក៏ដូចជាប្រទេសមួយចំនួននៅក្នុងតំបន់ និងលើពិភពលោក បានទទួលរងនូវបាតុភូតធម្មជាតិ អែលនីណូ ដែលធ្វើឱ្យកម្ពុជា ជួបបញ្ហារដូវប្រាំងមានការអូសបន្លាយ និងបញ្ហាគ្រោះរាំងស្ងួត ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការដាំដុះដំណាំកសិកម្មរបស់ប្រជាកសិករ។ បញ្ហានេះបានទាញទិន្នផលកសិផលនានារបស់កសិករឱ្យមានការធ្លាក់ចុះ និងបានជំរុញឱ្យកសិផលមានការកើនឡើងតម្លៃផងដែរ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការសងត្រឡប់យឺតលើសពី៣០ថ្ងៃរបស់អាជីវកម្មខ្នាតតូចមានការកើនឡើងជិត៨%នៅ៣ខែឆ្នាំនេះ តើនេះជាកម្រិតគួរឱ្យព្រួយបារម្ភ ឬយ៉ាងណា?

ព័ត៌មាន
តាមរបាយការណ៍របស់ការិយាល័យធានាឥណទានកម្ពុជា (CBC) គិតក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៤នេះ គុណភាពឥណទានរបស់អាជីវកម្មខ្នាតតូចហាក់មានការធ្លាក់ច…

តើការហក់ឡើងថ្លៃខ្លាំងនៃប្រាក់ដុល្លារ បានបង្កក្ដីបារម្ភ និងជះឥទ្ធិពលធ្ងន់ធ្ងរយ៉ាងណាដល់រូបិយប័ណ្ណនៅតំបន់អាស៊ី?

ព័ត៌មាន
ការហក់ឡើងថ្លៃខ្លាំងនៃប្រាក់ដុល្លារអាម៉េរិក បានក្លាយជាក្ដីបារម្ភដ៏ធំសម្រាប់ប្រទេសនានា ជុំវិញពិភពលោក ជាពិសេសបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដែលប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ