ជុំវិញរឿងរ៉ាវនេះ ក្រុមអ្នកជំនាញ និងមន្ត្រីមូលដ្ឋានបានចេញមុខស្នើសុំយ៉ាងទទូចដល់រដ្ឋាភិបាលឱ្យជួយពន្លឿនការសិក្សា និងសាងសង់ស្ពានឆ្លងកាត់តំបន់អេកូទេសចរណ៍ជីផាតឱ្យបានឆាប់រហ័ស ដើម្បីសម្រួល និងធានាសុវត្ថិភាពដល់ការធ្វើដំណើររបស់ពលរដ្ឋក្នុងរដូវវស្សា។
លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ប្រចាំនៅកម្ពុជា បានលើកឡើងថា ការសាងសង់ស្ពានឆ្លងកាត់ទៅកាន់តំបន់សហគមន៍អេកូទេសចរណ៍ជីផាត ក្នុងខេត្តកោះកុង គឺជារឿងចាំបាច់ដែលមិនអាចខ្វះបានឡើយ ព្រោះវានឹងក្លាយជាមេដែកស្រូបទាញលំហូរភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកលេងកម្សាន្តកាន់តែច្រើន និងជួយជំរុញសក្តានុពលសេដ្ឋកិច្ចរបស់ពលរដ្ឋក្នុងតំបន់នេះឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។
ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គម ក៏បានយល់ឃើញស្រដៀងគ្នាដែរថា ក្នុងករណីដែលរដ្ឋបោះទុនសាងសង់ស្ពានឆ្លងកាត់ស្ទឹងជីផាតនេះ វានឹងជួយជំរុញសេដ្ឋកិច្ចរបស់សហគមន៍ទាំងមូលឱ្យស្ទុះឡើងមួយកម្រិតទៀត តាមរយៈកំណើន នៃការបញ្ជាទិញទំនិញ ម្ហូបអាហារ និងសេវាកម្មស្នាក់នៅពីភ្ញៀវទេសចរ។ លោកបណ្ឌិតបានបន្តថា ស្ពានចម្លងថ្មីនឹងជួយកម្ចាត់ភាពរារែកចិត្តរបស់ភ្ញៀវទេសចរ ហើយលោក ក៏បានស្នើដល់រដ្ឋាភិបាល គួរតែពិចារណាពន្លឿនសាងសង់ស្ពានមួយនេះ ដើម្បីសម្រួលសកម្មភាពទេសចរណ៍ និងលើកកម្ពស់សេវាកម្មកម្សាន្តស្រុក។
ដោយឡែក លោក សេត រ៉ាស៊ូ អនុប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានលើកឡើងថា លោកយល់ពីអារម្មណ៍របស់ពលរដ្ឋដែលមកលេងកម្សាន្តនៅតំបន់សហគមន៍អេកូទេសចរណ៍ជីផាត ក្នុងខេត្តកោះកុង នាពេលថ្មីនេះ ដោយសារទូកចម្លងចូលទៅជីផាតមានតែមួយគ្រឿង ដែលជាហេតុបង្កឱ្យមានការកកស្ទះ។ បើតាមការបញ្ជាក់របស់អនុប្រធានមន្ទីរទសចរណ៍រូបនេះ កាលពីឆ្នាំ២០២៥ កន្លងទៅ ក្រសួងអភិវឌ្ឍន៍ជនបទ ធ្លាប់បានចុះមកសិក្សាពីលទ្ធភាពផ្នែកបច្ចេកទេសក្នុងការសាងសង់ស្ពានឆ្លងកាត់ស្ទឹងមួយនេះ ដែលមានប្រវែងប្រមាណ១៦២ម៉ែត្ររួចមកហើយ ក៏ប៉ុន្តែគម្រោងនេះនៅមិនទាន់ប្រកាសថ្ងៃបើកការដ្ឋានសាងសង់នៅឡើយទេ។ ក្នុងនាមជាមន្ត្រីមូលដ្ឋាន លោកពិតជាចង់ឃើញរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ជួយអន្តរាគមន៍ពន្លឿនការសាងសង់ស្ពាននេះឱ្យបានលឿនបំផុត ដើម្បីឱ្យប្រតិបត្តិករទេសចរណ៍ និងប្រជាសហគមន៍ជីផាតទាំងអស់អាចមានជីវភាពធូរធារ និងជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្តកោះកុងទាំងមូល។
គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ធ្លាប់បានអះអាងរួចហើយថា ក្រុមការងារជំនាញកំពុងយកចិត្តទុកដាក់ក្នុងការសិក្សាផ្នែកបច្ចេកទេសអំពីគម្រោងសាងសង់ស្ពានប្រវែង ១៦២ម៉ែត្រ ឆ្លងកាត់ដៃព្រែកជីផាតក្នុងស្រុកថ្មបាំង ខេត្តកោះកុង នេះ ដើម្បីឆ្លើយតបនឹងការស្នើសុំយ៉ាងទទូចរបស់ប្រជាសហគមន៍ ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ មហាជន និងអ្នកចូលចិត្តទេសចរណ៍បែបធម្មជាតិ សុទ្ធតែរំពឹង និងសង្ឃឹមយ៉ាងមុតមាំថា ស្ពានបេតុង ឬស្ពានបាឡេ តភ្ជាប់បេះដូងទេសចរណ៍មួយនេះនឹងអាចលេចរូបរាងឡើងក្នុងពេលឆាប់ៗ ដើម្បីកែប្រែមុខមាត់តំបន់ជីផាតឱ្យក្លាយជាតំបន់ទេសចរណ៍គ្មានការកកស្ទះ និងពោរពេញដោយស្នាមញញឹម៕
អត្ថបទ៖ ជា ម៉ារ៉ា