ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងបច្ចេកវិទ្យា បានចាត់ទុកគម្រោងវិនិយោគមួយនេះថា ជាចំណុចរបត់យុទ្ធសាស្ត្រថ្មីក្នុងការផ្លាស់ប្តូរទិសដៅខ្សែច្រវាក់ផលិតកម្ម និងការវិវិយោគនៅកម្ពុជា ពោលគឺវានឹងរុញច្រានកម្ពុជា ឱ្យចាកចេញពីឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្មបែបប្រពៃណីទៅជាឧស្សាហកម្មកម្រិតខ្ពស់ ដែលពឹងផ្អែកលើចំណេះដឹង បច្ចេកវិទ្យាជាន់ខ្ពស់ និងនវានុវត្តន៍ ដែលនឹងផ្តល់តម្លៃបន្ថែមខ្ពស់ដល់កំណើនសេដ្ឋកិច្ចជាតិ។
លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានចាត់ទុកគម្រោងតំបន់សេដ្ឋកិច្ចពិសេសឌីជីថលកម្ពុជា ដំបូងគេ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទើបអនុម័ត គឺជាចំណុចរបត់ថ្មីក្នុងការប្រែក្លាយតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដែលភាគច្រើនជាតំបន់ឧស្សាហកម្មពឹងផ្អែកលើកម្លាំងពលកម្មទៅជាតំបន់អភិវឌ្ឍន៍ផ្អែកលើខួរក្បាលនិងចំណេះដឹង។ លោកបណ្ឌិត បានសង្កត់ធ្ងន់ថា សួនឌីជីថលកម្ពុជានេះនឹងដើរតួជាក្បាលម៉ាស៊ីនថ្មីដ៏មានឥទ្ធិពល ដែលមិនត្រឹមតែបង្កើតចំណូលពន្ធ និងបង្កើតការងារកម្រិតខ្ពស់សម្រាប់យុវជនជំនាន់ក្រោយនោះទេ ប៉ុន្តែវានឹងក្លាយជាឧបករណ៍យុទ្ធសាស្ត្រយ៉ាងសំខាន់ក្នុងការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងរដ្ឋ និងការធ្វើឌីជីថលូបនីយកម្មនៅក្នុងវិស័យឯកជនទូទាំងប្រទេស ដែលធានាបាននូវការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយភាពច្នៃប្រឌិត និងចីរភាព។
ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានគូសបញ្ជាក់ពីគុណតម្លៃដ៏សំខាន់ នៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសឌីជីថលកម្ពុជា ដែលជាក្បាលម៉ាស៊ីនថ្មី សម្រាប់ជំរុញការអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចជាតិ។ បើតាមអ្នកជំនាញរូបនេះ សួនឌីជីថលនេះ នឹងដើរតួជាមេដែកឆក់យ៉ាងមានប្រសិទ្ធភាពក្នុងការទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ឱ្យមកបោះទុនវិនិយោគលើវិស័យសំខាន់ៗដូចជាការអភិវឌ្ឍប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធសន្តិសុខសាយប័រជាដើម។ បន្ថែមលើនេះ វានឹងក្លាយជាថ្នាលបណ្តុះការគិត ជំរុញការបង្កើតធុរកិច្ចថ្មីៗឱ្យកាន់តែរីកដុះដាល និងលើកស្ទួយសមត្ថភាពប្រកួតប្រជែងឌីជីថលរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។
គួររំឮកថា កាលពីខែឧសភា កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តជាផ្លូវការលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសឌីជីថលកម្ពុជានេះ ដោយផ្ដល់ឱកាសការងារជំនាញបច្ចេកវិទ្យាភ្លាមៗបានជាង២,០០០កន្លែង។ បើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាពេលថ្មីៗនេះបានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍សួនឌីជីថលដ៏មហិមានេះ ត្រូវសាងសង់ឡើងនៅលើផ្ទៃដីប្រមាណ១៦០ហិកតា។ គោលដៅធំបំផុតនៃការបង្កើតសួនឌីជីថលនេះ គឺដើម្បីប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលឌីជីថលប្រចាំតំបន់ ដែលនឹងជំរុញឱ្យមានបដិវត្តន៍កម្មសហគ្រិនភាព ការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យឌីជីថល ការធ្វើទំនើបកម្មប្រព័ន្ធអប់រំ និងការផ្ដល់ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យដ៏រឹងមាំសម្រាប់ជាតិ៕
អត្ថបទ សោម ស្រីពេជ្រ