សព្វថ្ងៃ លោកវេជ្ជបណ្ឌិត បេអាត រីច្ឆន័រ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាដ៏ល្បីល្បាញ កំពុងស្ថិតនៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យនៃប្រទេសស្វ៊ីសនៅឡើយ។ ស្ថានភាពជំងឺរបស់លោកមិនទាន់ធូរស្បើយនៅឡើយទេ។ ហើយសព្វថ្ងៃ មន្ត្រីមន្ទីរពេទ្យដែលជំនិតនឹងលោកវេជ្ជបណ្ឌិតមួយចំនួនកំពុងនៅជាមួយលោកដើម្បីបន្តតាមដានស្ថានភាពជំងឺរបស់លោក។
វេជ្ជបណ្ឌិតសុំមិនបញ្ចេញឈ្មោះខាងលើ បានប្រាប់ថា លោកវេជ្ជបណ្ឌិត បេអាត រីច្ឆន័រ មានការនឹករឭកប្រទេសកម្ពុជា ប៉ុន្តែ ស្ថានភាពជំងឺរបស់លោកមិនអនុញ្ញាតឲ្យលោកអាចវិលត្រឡប់មកកម្ពុជាវិញក្នុងពេលឆាប់ៗបាននោះទេ។
គួររំឭកថា កាលពីចុងខែមីនា ឆ្នាំ២០១៧ លោកវេជ្ជបណ្ឌិត បេអាត រីច្ឆន័រ បានធ្លាក់ខ្លួនមានជំងឺ និងត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសស្វ៊ីស។
ពលរដ្ឋខ្មែរឲ្យងារលោក Beat Richner ជា«វេជ្ជបណ្ឌិតទេវតា»
លោកវេជ្ជបណ្ឌិត ត្រូវបានខ្មែរគ្រប់ស្រទាប់វណ្ណៈស្រលាញ់ខ្លាំងណាស់ ក៏ព្រោះតែលោកត្រូវបានមហាជនខ្មែរមើលឃើញនឹងភ្នែកជាទូទៅ ថា បានជួយសង្គ្រោះនិងព្យាបាលកុមារខ្មែររាប់លាននាក់ក្នុងមួយឆ្នាំៗ។
ចាប់តាំងពីឆ្នាំ១៩៩២មក លោក បេអាត រីច្ឆន័របានបង្កើតនិងដំណើរការមន្ទីរពេទ្យចំនួន ០៥ នៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។
នៅរាជធានីភ្នំពេញ មន្ទីរពេទ្យ គន្ធបុប្ផា មានចំនួន ៤ គឺ គន្ធបុប្ផា ១ កសាងនៅឆ្នាំ១៩៩២, គន្ធបុប្ផា ២ កសាងនៅឆ្នាំ១៩៩៦, គន្ធបុប្ផា ៣ កសាងនៅឆ្នាំ២០០៥ និង គន្ធបុប្ផា ៤ កសាងនៅឆ្នាំ២០០៧។ នៅខេត្តសៀមរាប លោកវេជ្ជបណ្ឌិត បេអាត រីច្ឆន័រ បានកសាងនិងដំណើរការមន្ទីរពេទ្យមួយ ឈ្មោះ មន្ទីរពេទ្យ ជយវរ្ម័ន ទី៧ ដែលមន្ទីរពេទ្យកសាងនៅឆ្នាំ១៩៩៩។
ក្នុងរយៈពេលជាង ២៤ឆ្នាំនេះ មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យ ជយវរ្ម័ន ទី៧ បានផ្ដល់ការព្យាបាលមិនសម្រាកដល់អ្នកជំងឺ ១៤.៨៣៧.១៥៥នាក់ អ្នកជំងឺសម្រាកព្យាបាលបាន ១.៥១៦.៤៧១នាក់ ពិនិត្យផ្ទៃពោះបាន ១.៣៩០.៣២៣នាក់ និងសម្រាលកូនបាន ១៩២.៨៩៧នាក់៕