
រីសតលំហែកាយមួយនេះ ឋិតនៅក្នុងភូមិកោះចម្ការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ដែលទីតាំងនេះនៅក្បែរនឹងព្រំប្រទល់កម្ពុជា-វៀតណាម ដោយមានចម្ងាយ ៥៣គីឡូម៉ែត្រពីទីរួមខេត្តកំពត និងចម្ងាយប្រមាណ ១៤៣គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
លោក សាន សុភា ស្ថាបនិក និងជាម្ចាស់រីសត «ក្រៀល» បានថ្លែងប្រាប់សារព័ត៌មានខេមបូណូមីសថា ដោយសារតែលោកជាប់ចិត្តនឹងទេសភាពតំបន់មួយនេះ ដែលពោរពេញបរិយាកាសស្ងប់ស្ងាត់ និងបរិស្ថានបរិសុទ្ធ ជាមួយនឹងទេសភាពវាលស្រែល្វឹងល្វើយ អមដោយភ្នំតូចធំ និងផ្ទៃបឹងខៀវស្រងាត់។

លើសពីនេះលោកថា ការបង្កើតរីសតនេះឡើង ព្រោះលោកចង់បង្កើតការងារ និងមុខរបរឱ្យប្រជាពលរដ្ឋក្នុងតំបន់ផងដែរ ដោយរីសតនេះបានទទួល និងប្រមូលទិញផលិតផលកសិកម្មរបស់ពួកគាត់ផលិតបាន ដើម្បីផ្គត់ផ្គង់សេវាកម្មម្ហូបអាហាររីសត និងមួយវិញទៀត លោកពិតមិនឱ្យប្រជាពលរដ្ឋទៅធ្វើការឆ្លងខេត្ត ឬធ្វើចំណាកស្រុកទៅក្រៅប្រទេសនោះទេ។
ដូច្នេះហើយ ទើបលោក សុភា សម្រេចចិត្តបោះទុនបង្កើតរីសតមួយនេះឡើង ដោយសង្ឃឹមថាទៅថ្ងៃខាងមុខ ស្ថានភាពនឹងល្អប្រសើរឡើងវិញ ទោះបីបច្ចុប្បន្ននេះ វិស័យទេសចរណ៍កម្ពុជាកំពុងឋិតក្នុងការព្យាយាមងើបឡើងវិញជាបណ្ដើរៗ និងវិបត្តិជំងឺកូវីដ-១៩ នៅតែបន្តលុកលុយពិភពលោកក៏ដោយ។

លោក សាន សុភា៖ «នៅទីនេះ គឺខ្ញុំគិត ទី១គឺភាពស្រឡាញ់របស់ខ្ញុំ នៅទីនេះផងចំពោះធម្មជាតិ ហើយការជួយរបស់ខ្ញុំ គឺចង់ជួយក្នុងសហគមន៍នេះ ឱ្យប្រជាពលរដ្ឋមានការងារធ្វើ ព្រោះនៅទីនេះ មើលទៅក្រៅការធ្វើកសិកម្ម ដាំស្រូវ និងចិញ្ចឹមសត្វ គឺដូចមិនមានអីទេ។ អ៊ីចឹងខ្ញុំបានការរួមចំណែកតូចមួយតែប៉ុណ្ណឹង ឱ្យពួកគាត់មានការងារធ្វើ និងចេះបង្កើតមុខរបរដោយខ្លួនឯង ដូចជាម្ហូបអាហារ គឺខ្ញុំយកនៅក្នុងតំបន់នេះទាំងអស់ ទាំងត្រីសាច់បន្លែ យើងយកពីពួកគាត់ ប្រជាជនរស់នៅក្នុងសហគមន៍នេះ»។

ដោយឡែក ការដាក់ឈ្មោះរីសតថា «ក្រៀលរីសត» ត្រូវបានម្ចាស់រីសតវ័យ ៣៣ឆ្នាំរូបនេះ ថ្លែងឱ្យដឹងថា គឺដាក់តាមការស្រឡាញ់ចំពោះសត្វកម្រមួយប្រភេទនេះ និងម្យ៉ាងតំបន់ «អន្លង់ព្រីង» ក្បែរនេះ គឺជាតំបន់ការពារទេសភាព តំបន់ដីសើមប្រើប្រាស់ច្រើនយ៉ាង និងជាតំបន់អភិរក្សសត្វក្រៀល ដោយផ្តល់ប្រភពជម្រក និងចំណីដល់សត្វស្លាបច្រើនប្រភេទ ដែលតែងហើរមកកាន់តំបន់មួយនេះ។
សម្រាប់ភ្ញៀវទេសចរ ដែលមកកម្សាន្ត និងស្នាក់នៅផ្ទះលំហែ «ក្រៀល» នឹងទទួលបានបទពិសោធសម្រាកបែបថ្មី និងទទួលបានសកម្មភាពសម្បូរបែប ដោយពីក្នុងរីសតទៅ ទេសចរស្នាក់នៅក្នុងផ្ទះបឹងហ្គាឡូជាលក្ខណៈគ្រួសារ និងអាចជួលតង់ជាលក្ខណៈមិត្តភក្តិ ឬគូសង្សារ ថែមទាំងអាចជិះទូកលេង នជាមួយនឹងការគយគន់ទេសភាពថ្ងៃរះ ថ្ងៃលិចដ៏ស្រស់ត្រកាល ដែលធ្វើឱ្យគ្រប់គ្នាមកទស្សនាតំបន់នេះហើយ មានអារម្មណ៍ស្រស់ស្រាយ និងភ្លេចអត់ទុក្ខកង្វល់។

ក្រៅអំពីនេះ ទេសចរក៏អាចធ្វើដំណើរទស្សនាជុំវិញតំបន់ ដោយអាចឃើញ និងឈ្វេងយល់អំពីជីវភាពរស់នៅរបស់ប្រជាជន។ ការគយគន់តំបន់ទេសភាព នៃតំបន់វាលស្រែលាតសន្ធឹងវែងឆ្ងាយខៀវស្រងាត់ លាយឡំនឹងរុក្ខជាតិតូចធំ ភ្នំទាបខ្ពស់ អមដោយផ្ទៃទឹកបឹងដុះប្លុង និងសត្វស្លាបចម្រុះប្រភេទ។ ដោយមានសត្វក្រៀល ដែលគេចាត់ជាសត្វកម្រ និងជិតផុតពូជ ដែលតែងប្រមូលផ្ដុំគ្នាមកបន្តពូជ និងរស់នៅក្នុងតំបន់នេះ នៅចាប់ពីខែធ្នូ ដល់ឧសភាជារៀងរាល់ឆ្នាំ។ បន្ថែមពីនេះ ទេសចរក៏អាចជិះទូកចូលកម្សាន្ដល្អាងភ្នំជុំវិញនោះ និងជាពិសេសមួយទៀត គឺការធ្វើដំណើរទៅមើលអំពីជីវភាពការរស់នៅតាមបណ្តោយព្រំដែន និងមើលតំបន់បង្គោលព្រំដែនកម្ពុជា-វៀតណាមជាដើម។

ត្រឡប់មកម្ចាស់រីសត លោក សាន សុភា វិញ! លោកមានសុទិដ្ឋិនិយមថា ពេលអនាគត តំបន់នេះនឹងមានការអភិវឌ្ឍ ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ ហើយភ្ញៀវទេសចរនឹងស្គាល់តំបន់នេះ និងមកទស្សនាកាន់តែច្រើន។

លោក សាន សុភា ថ្លែងយ៉ាងដូច្នេះថា៖ «ថ្ងៃអនាគតខាងមុខ ខ្ញុំចង់ឃើញទីនេះ មានភាពចម្រើន។ ប្រជាពលរដ្ឋនៅទីនេះ មានជីវភាពធូរធា ដោយធ្វើយ៉ាងណា ឱ្យទេសចរស្គាល់តំបន់នេះឱ្យបានច្រើន កាលណាគាត់ស្គាល់ទីនេះច្រើន គឺពួកគាត់[ប្រជាជន] មានការងារធ្វើ អ៊ីចឹងពលរដ្ឋមិនពិបាក ធ្វើចំណាកស្រុកទេ ពូកគាត់អាចធ្វើការក្នុងសហគមន៍ នៅភូមិឃុំគាត់បាន»៕
