វិធានការតឹងរ៉ឹងក្នុងការទប់ស្កាត់កូវីដ១៩របស់ចិន បានបង្កការលំបាកជាច្រើនសម្រាប់ប្រជាជន ក៏ដូចជាប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចអស់រយៈពេលជាច្រើនខែមកហើយ។ ប៉ន្ដែ ចិននៅតែបន្ដអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត ទោះបីជាមានការរិះគន់យ៉ាងណាក្ដី។
នៅថ្ងៃចន្ទនេះ រដ្ឋធានីប៉េកាំងរបស់ប្រទេសចិនបានរាយការណ៍ថាមានអ្នកឆ្លងថ្មីចំនួន ៩៩ ករណីទៀត ត្រូវបានរកឃើញនៅថ្ងៃទី ២២ ខែឧសភា កន្លងទៅ កើនឡើងខ្ពស់ជាងថ្ងៃមុន ដែលមានត្រឹម ៦១ ករណីប៉ុណ្ណោះ ដែលវាជាចំនួនអ្នកឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមួយ បើធៀបថ្ងៃកន្លងទៅក្នុងអំឡុងពេលនៃការផ្ទុះឡើងរយៈពេលមួយខែមកនេះ។ រីឯ នៅទីក្រុងសៀងហៃវិញ ត្រូវបានគេរាយការណ៍ថា នៅថ្ងៃទី ២២ ឧសភា នេះមានអ្នកឆ្លងក្រោម ៦០០ ករណី ដោយមានការឆ្លងរាលដាលនៅក្នុងកន្លែងរាំងខ្ទប់ជំងឺតែម្តង។
ខណៈពេលដែលមិនមានការប្រកាសថ្មីណាមួយនៃតំបន់ដែលត្រូវបានបិទនៅក្នុងទីក្រុងប៉េកាំងនោះ អាជ្ញាធ័រខណ្ឌចំនួន ៥ ក្នុងចំណោម ១៦ របស់ទីក្រុងនេះ ត្រូវបានណែនាំឲ្យប្រជាជនរបស់ខ្លួនធ្វើការពីផ្ទះ និងជៀសវាងការជួបជុំគ្នា។
លើសពីនេះទៅទៀត អាជ្ញាធរទីក្រុងប៉េកាំង បានកាត់បន្ថយការសេវាកម្មដឹកជញ្ជូនសាធារណៈ ដោយបានស្នើឱ្យផ្សារទំនើបមួយចំនួន ហាង និងទីកន្លែងផ្សេងទៀតបិទទ្វារ ព្រមទាំងបិទខ្ទប់អគារណាដែលមានករណីឆ្លងថ្មីត្រូវបានរកឃើញផងដែរ។
គួរជម្រាបថា កាលពីចុងឆ្នាំ ២០១៩ ប្រទេសចិនត្រួវបានគេរកឃើញជាលើកដំបូងនៃជំងឺកូវីដ១៩ នៅទីក្រុងវូហ៊ាន ប៉ុន្ដែ ក្រោយមកចិនមានការទប់ស្កាត់ការឆ្លងបានល្អមិនមានការរាលដាលខ្លាំងនោះទេ ទើបតែប៉ុន្មានខែចុងក្រោយនេះប៉ុណ្ណោះ ដែលចិនកំពុងប្រឈមនឹងការឆ្លងរាលដាលកាន់តែខ្លាំងពិសេសនៅទីក្រុងសំខាន់ៗដូចជា ស៊ាងហៃ ស៊ិនជីន និងរដ្ឋធានីប៉េកាំងតែម្ដង និងបង្កឲ្យមានការបិទខ្ទប់ក្នុងរយៈពេលយូរផងដែរ។ វិធានការទប់ស្កាត់នៅទីក្រុងប៉េកាំង សៀងហៃ និងកន្លែងផ្សេងៗក្នុងប្រទេសចិនកំពុង បង្កឲ្យមានការខូចខាតសេដ្ឋកិច្ចយ៉ាងដំណំ និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងពាណិជ្ជកម្មអន្តរជាតិ។
ទោះបីជា មនុស្សកាន់តែច្រើនត្រូវបានអនុញ្ញាតឱ្យចេញខាងក្រៅក៏ដោយ អ្នកស្រុកជាច្រើនដែលនៅក្នុងតំបន់ផ្សេងៗនៃទីក្រុងសៀងហៃបាននិយាយថា ពួកគេត្រូវបានគេប្រាប់ថា ការឆ្លងថ្មីនៅក្នុងតំបន់ជុំវិញកន្លែងពួកគេរស់នៅ នៅតែមានកម្រិតខ្ពស់ ដែលតម្រូវឱ្យមានការទប់ស្កាត់តឹងរ៉ឹងឡើងវិញម្តងទៀត។
រដ្ឋាភិបាលទីក្រុងសៀងហៃបាននិយាយថា ករណីទាំងអស់ដែលបានរកឃើញក្នុងប៉ុន្មានថ្ងៃមកនេះ គឺស្ថិតនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ ឬកន្លែងមជ្ឈមណ្ឌលដាក់ឱ្យនៅដាច់ពីគេ។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩សរុប នៅចិនដីគោក សរុបមានជាង២២ម៉ឺនករណីហើយ ខណៈដែលចំនួនអ្នកស្លាប់សរុបមានជាង៥ពាន់នាក់៕
អត្ថបទ៖ ហ៊ុន គន្ធថៃ