ព្រែកជីក

ព្រែកជីកដ៏ល្បីល្បាញទាំង១០ ដែលពេញនិយមខ្លាំងបំផុតសម្រាប់កប៉ាល់ដឹកជញ្ជូនទំនិញទូទាំងពិភពលោក


ព្រែកជីក គឺជាព្រែកដែលត្រូវបានជីកឡើងដោយមនុស្ស ដើម្បីបម្រើផលប្រយោជន៍ផ្នែកពាណិជ្ជកម្ម ពោលគឺសម្រាប់ឱ្យកប៉ាល់ដឹកជញ្ជូនទំនិញឆ្លងកាត់ដើម្បីភ្ជាប់ទៅកាន់ផ្លូវដឹកជញ្ជូនសំខាន់ៗតាមបណ្ដោយទន្លេ និងសមុទ្រជាដើម។ ព្រែកជីកផ្តល់ផ្លូវដឹកជញ្ជូនខ្លីជាងធម្មតា កាត់បន្ថយពេលវេលាដឹកជញ្ជូន និងកាត់បន្ថយការចំណាយបានយ៉ាងច្រើន ដោយជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មតាមសមុទ្រក្នុងប្រទេស និងទ្វីបនានាឱ្យដំណើរការកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់។
ព្រែកជីក
ដោយ

នៅទូទាំងពិភពលោក ព្រែកជីកមានច្រើនរាប់សឹងមិនអស់ដែលមានប្រវែង ជម្រៅ និងទំហំខុសៗគ្នា ឥឡូវមកស្គាល់ព្រែកជីកដ៏ល្បីល្បាញទាំង១០ ដែលពេញនិយមខ្លាំងបំផុតសម្រាប់កប៉ាល់ដឹកជញ្ជូនទំនិញទូទាំងពិភពលោក។

ទី១៖ ព្រែកជីក ប៉េកាំង-ហាងចូង ហ្គ្រែន ខានែល (Beijing–Hangzhou Grand Canal) នៃប្រទេសចិន

ព្រែកជីកប៉េកាំង-ហាងចូង ហ្គ្រែន ខានែល គឺជាព្រែកជីកវែងជាងគេបំផុតក្នុងពិភពលោក ហើយវា ក៏ជាទីតាំងបេតិកណ្ឌពិភពលោកដែលទទួលស្គាល់ដោយអង្គការ UNESCO ផងដែរ។ ព្រែកជីកដែលមានប្រវែង១,៧៧៦គីឡូម៉ែត្រនេះ តភ្ជាប់អាងទន្លេសំខាន់ៗចំនួន៥ក្នុងប្រទេសចិន ដោយតភ្ជាប់ក្រុងប៉េកាំងឆ្ពោះទៅកាន់ក្រុងហាងចូវ នៃខេត្តចឺជាំង។ ព្រែកជីកនេះត្រូវបានសាងសង់ឡើងក្នុងអំឡុងសតវត្សរ៍ទី៥ មុនគ.ស។

ទី២៖ ព្រែកជីកស៊ុយអេ (Suez Canal) នៃប្រទេសអេហ្ស៊ីប

ព្រែកជីកស៊ុយអេ មានប្រវែងជាង១៩៣គីឡូម៉ែត្រ ហើយវាតភ្ជាប់សមុទ្រ មេឌីទែរ៉ាណេ ជាមួយឈូងសមុទ្រស៊ុយអេ។ ព្រែកជីកនេះត្រូវបានដាក់ឱ្យដំណើរការនៅខែវិច្ឆិកា ឆ្នាំ១៨៦៩។

ទី៣៖ ព្រែកជីកប៉ាណាម៉ា (Panama Canal) នៃប្រទេសប៉ាណាម៉ា

ព្រែកជីកប៉ាណាម៉ា តភ្ជាប់មហាសមុទ្រអាត្លង់ទិច ជាមួយមហាសមុទ្រប៉ាស៊ីហ្វិក។ ព្រែកជីកដែលមានប្រវែង៨២គីឡូម៉ែត្រនេះត្រូវបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ១៩១៤ ហើយបច្ចុប្បន្ន ទំនិញដែលគេដឹកជញ្ជូនឆ្លងកាត់ព្រែកជីកនេះមានទំហំរហូតដល់ទៅប្រមាណ២៧០ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ។

ទី៤៖ ព្រែកជីកកូរីន (Corinth Canal) នៃប្រទេសក្រិក

ព្រែកជីកកូរីន តភ្ជាប់ឈូងសមុទ្រកូរីន និងឈូងសមុទ្រសារ៉ូនិច ក្នុងសមុទ្រអ៊ែរហ្គាន។ ព្រែកជីកដែលមានអាយុកាល១៣០ឆ្នាំនេះមានប្រវែងត្រឹមតែ៦,៤គីឡូម៉ែត្រប៉ុណ្ណោះ និងជម្រៅ៨ម៉ែត្រ ហើយក្នុងមួយឆ្នាំៗ មានកប៉ាល់បើកឆ្លងកាត់ព្រែកជីកនេះប្រមាណ១៥,០០០កប៉ាល់មកពីប្រទេសយ៉ាងតិច៥០។

ទី៥៖ ព្រែកជីកសមុទ្រស-សមុទ្របាល់ទិក (White Sea-Baltic Sea Canal) នៃប្រទេសរុស្ស៊ី

ព្រែកជីកសមុទ្រស-សមុទ្របាល់ទិក តភ្ជាប់សមទ្រស ក្នុងមហាសមុទ្រអាក់ទិក ទៅកាន់សមុទ្របាល់ទិក។ ដោយត្រូវបានសាងសង់ឡើងដោយអ្នកទោសជិត១៣ម៉ឺននាក់ដែលចុងក្រោយស្លាប់យ៉ាងតិច២៥.០០០នាក់ក្នុងទសវត្សរ៍ឆ្នាំ១៩៣០ ព្រែកជីកប្រវែង២២៧គីឡូម៉ែត្រនេះ ទទួលទំនិញឱ្យឆ្លងកាត់បានប្រមាណ១៩៣លានតោននៅក្នុងការដាក់ឱ្យដំណើរការរយៈពេល៧៥ឆ្នាំដំបូង។

ទី៦៖ ព្រែកជីករ៉ាញ-ម៉េន-ដានូប ខានែល (Rhine-Main-Danube Canal) ឬយូរ៉ូប៉ា ខានែល (Europa Canal) នៃប្រទេសអាល្លឺម៉ង់

ព្រែកជីករ៉ាញ-ម៉េន-ដានូប ខានែល ឬដែលគេស្គាល់ថា យូរ៉ូប៉ា ខានែល តភ្ជាប់ទន្លេសំខាន់ៗចំនួន៣ ដែលជាចំណុលបេះដូងនៃអឺរ៉ុបខាងលិច ហើយវាបន្តតភ្ជាប់សមុទ្រខាងជើងទៅកាន់សមុទ្រខ្មៅ តាមរយៈមហាសមុទ្រអាត្លង់ទិក។ ព្រែកជីកដែលមានប្រវែង១៧១គីឡូម៉ែត្រ និងដែលសាងសង់បញ្ចប់នៅឆ្នាំ១៩៩២ នេះ គឺជាផ្លូវដឹកជញ្ជូនតាមផ្លូវទឹកដ៏សំខាន់សម្រាប់ប្រទេសចំនួន១៥នៅក្នុងតំបន់។

ទី៧៖ ព្រែកជីក វ៉ុលហ្គា-ដូន ខានែល (Volga-Don Canal) នៃប្រទេសរុស្ស៊ី

ព្រែកជីក វ៉ុលហ្គា-ដូន ខានែល តភ្ជាប់ទន្លេវ៉ុលហ្គា និងទន្លេងដូន។ ព្រែកជីកប្រវែង១០១គីឡូម៉ែត្រនេះត្រូវបានចាប់ផ្ដើមសាងសង់នៅឆ្នាំ១៩៤៨ និងបញ្ចប់នៅឆ្នាំ១៩៥២។

ទី៨៖ ព្រែកជីក គៀល ខានែល (Kiel Canal) នៃប្រទេសអាល្លឺម៉ង់

ព្រែកជីក គៀល ខានែល តភ្ជាប់សមុទ្របាល់ទិក ជាមួយសមុទ្រខាងជើង។ ព្រែកជីកប្រវែង៩៨គីឡូម៉ែត្រនេះត្រូវបានចាប់ផ្ដើមសាងសង់នៅឆ្នាំ១៨៨៧ និងដាក់ឱ្យដំណើរការនៅឆ្នាំ១៨៩៥។

ទី៩៖ ព្រែកជីក ហូស្តុន ស៊ីប ខានែល (Houston Ship Canal) នៃសហរដ្ឋអាម៉េរិក

ព្រែកជីក ហូស្តុន ស៊ីប ខានែល តភ្ជាប់ក្រុងហូស្តុន នៃរដ្ឋតិចសាស និងឈូងសមុទ្រម៉ិចស៊ីកូ។ ដោយត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ១៩១៤ ព្រែកជីកប្រវែង៨០គីឡូម៉ែត្រនេះ គឺជាផ្លូវដឹកជញ្ជូនតាមផ្លូវទឹកដ៏សំខាន់ក្នុងសហរដ្ឋអាម៉េរិក។ ព្រែកជីកនេះ គឺជាផ្នែកមួយដ៏សំខាន់នៃកំពង់ផែក្រុងហូស្តុន ដែលជាផែដ៏មមាញឹកបំផុតមួយនៅសហរដ្ឋអាម៉េរិក និងពិភពលោក។

ទី១០៖ ព្រែកជីក ដានូប-សមុទ្រខ្មៅ ខានែល (Danube-Black Sea Canal) នៃប្រទេសរ៉ូម៉ានី

ព្រែកជីក ដានូប-សមុទ្រខ្មៅ ខានែល គឺជាច្រកដឹកជញ្ជូនតាមផ្លូវទឹកដ៏សំខាន់មួយទៀតនៅអឺរ៉ុបខាងលិច។ វាតភ្ជាប់ទន្លេដានូប ទៅកាន់សមុទ្រខ្មៅ។ ព្រែកជីកមានប្រវែង៩៥គីឡូម៉ែត្រនេះត្រូវបានសាងសង់ឡើងជាពីរដំណាក់កាល ដោយដំណាក់កាលទី១ ដែលមានប្រវែងជាង៦៤គីឡូម៉ែត្រត្រូវបានចាប់ផ្ដើមសាងសង់ពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៨៤ ហើយដំណាក់កាលទី២ ដែលមានប្រវែងជាង៣១គីឡូម៉ែត្រត្រូវបានចាប់ផ្ដើមសាងសង់ពីឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៨៧៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើក្រុមហ៊ុនណាខ្លះ ដែលវិនិយោគលើគម្រោងព្រែកជីក ហ្វូណនតេជោ តម្លៃ ១,៧ពាន់លានដុល្លារ?

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ច្បាស់ៗថា រាជរដ្ឋាភិបាលកម្ពុជាមិនបានចេញមុខទៅខ្ចីលុយបរទេស ដើម្បីយកមកអភិវឌ្ឍគម្រ…

រដ្ឋាភិបាលប្រាប់ឱ្យពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណន តេជោ កុំឱ្យមានការព្រួយបារម្ភចំពោះបញ្ហាសំណងថ្លៃខូចខាត

ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រាប់ពលរដ្ឋដែលរងផលប៉ះពាល់ដីធ្លីពីគម្រោងព្រែកជីកហ្វូណនតេជោ កុំមានការព្រួយបារម្ភចំពោះការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ