យោងតាមរបាយការណ៍ពីមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងអភិវឌ្ឍន៍បៃតងរបស់សាកលវិទ្យាល័យ Fudan ឱ្យដឹងថា កិច្ចព្រមព្រៀងសរុប ១០៣ ដែលមានតម្លៃជាង ៤៣ពាន់លានដុល្លារត្រូវបានចុះហត្ថលេខា ក្នុងរយៈពេលត្រឹមតែប្រាំមួយខែនៅឆ្នាំ២០២៣នេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ មានតម្លៃត្រឹមតែ ៣៥ពាន់លានដុល្លារប៉ុណ្ណោះ។ នេះគឺជាកំណើនមួយគួរឱ្យកត់សម្គាល់ក្នុងអំឡុងពេលមុន និងក្រោយកូវីដ១៩។
របាយការណ៍បានឱ្យដឹងទៀតថា ប្រទេសចិនបានងាកចេញជាបណ្តើរៗហើយ ពីការអភិវឌ្ឍគម្រោងយក្សៗ ដែលបានធ្វើឡើងនៅ ៥ឆ្នាំដំបូង ក្រោយពីការប្រកាសគម្រោងខ្សែក្រវាត់ និងផ្លូវ ជំនួសមកវិញដោយគម្រោងអភិវឌ្ឍខា្នតតូច «តែមានគុណភាពខ្ពស់ និងស្រស់ស្អាត»។
បើមើលតាមរបាយការណ៍នោះ វិស័យលោហៈធាតុ និង រ៉ែ គឺមានកំណើនច្រើនជាងគេ ដោយមានការវិនិយោគ និងសាងសង់លើវិស័យនេះកើនឡើងពីជិត៧ពាន់លានដុល្លារកាលពីឆ្នាំមុន ដល់ជាង១០ពាន់លានដុល្លារនៅឆ្នាំនេះ។
ប្រទេសភាគច្រើននៅទ្វីបអាហ្រិក និងអាមេរិកឡាទីន គឺសុទ្ធសឹងជាប្រទេសស្ថិតក្នុងចំណោមការទាក់ទាញការវិនិយោគ និងការសាងសង់ក្រោមគម្រោងខ្សែក្រវាត់ និងផ្លូវច្រើនជាងគេបំផុតនៅក្នុងរយៈពេលចុងក្រោយនេះ។ ចូរកុំភ្លេចថា ចិន គឺជាទីផ្សារដ៏ធំបំផុតរបស់ពិភពលោកសម្រាប់រថយន្តអគ្គិសនី និងជាអ្នកផលិតថ្មលីចូមអ៊ីយ៉ុងធំជាងគេមួយផងដែរ។ ចិនកំពុងសម្លឹងទៅកាន់ទ្វីបអាហ្រ្វិក ជាកន្លែងដើម្បីរុករកលោហធាតុដូចជាលីចូម កាបោន និងនីកែល ដែលជាសមាសធាតុសំខាន់សម្រាប់ផលិតអាគុយសម្រាប់យានយន្ដអគ្គិសនី។
គួរជម្រាបថា ប្រទេសអាហ្វ្រិកសរុបចំនួន ៥២ប្រទេស និងគណៈកម្មការសហភាពអាហ្វ្រិកបានចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវជាមួយប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយ អ្នករិះគន់បានព្រមានថា គំនិតផ្តួចផ្តើមនេះអាចនឹងទាញឱ្យពួកប្រទេសទាំងនោះធ្លាក់ចូលទៅក្នុង«អន្ទាក់បំណុល» ដោយប្រទេសជាច្រើនកំពុងតស៊ូសងប្រាក់កម្ចី ដែលបានផ្តល់ជាមូលនិធិដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ។ ប្រទេសចិនបានច្រានចោលការចោទប្រកាន់នេះ ហើយកាលពីឆ្នាំមុនខ្លួនបានយល់ព្រមលុបចោលមូលនិធិកម្ចីគ្មានការប្រាក់ដល់ប្រទេសអាហ្វ្រិកចំនួន១៧ និងបានឈានទៅដល់កិច្ចព្រមព្រៀងរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ជាមួយប្រទេសសំប៊ី កាលពីខែមិថុនាផងដែរ៕