ខណៈដែលទំហំសាច់ប្រាក់សុទ្ធកើនឡើងខ្លាំង ក៏មានសេចក្តីរាយការណ៍ថា ប្រាក់ចំណេញប្រចាំត្រីមាសរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះរហូតដល់៦% ដោយសារតែការកើនឡើងបំណុលធានារ៉ាប់រង ក្រោយមានព្យុះសង្ឃរាដ៏កំណាច Helene ដែលបានវាយប្រហារតំបន់មួយចំនួននៅសហរដ្ឋអាម៉េរិក និងការខាតបង់ដែលបណ្ដាលមកពីប្រាក់ដុល្លារអាម៉េរិក ហក់ឡើងថ្លៃផងដែរ។
ទូរទស្សន៍ CNN បានរាយការណ៍ថា លោក វ៉ារ៉េន ប៊ូហ្វីត និង ក្រុមហ៊ុនរបស់លោកដែលមានឈ្មោះថា Berkshire Hathaway បានពង្រីកការដកខ្លួនពីផ្សារភាគហ៊ុនក្នុងត្រីមាសទី៣ ឆ្នាំនេះតាមរយៈការសម្រុកលក់ចេញភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុនយក្ស Apple និង ធនាគារ Bank of America ជាបន្តបន្ទាប់ ។
ប្រភពដដែលបានបន្តថា ការប្រកាសលក់ភាគហ៊ុនទាំងនេះ គឺស្របពេលដែលក្រុមហ៊ុន Berkshire Hathaway បានរាយការណ៍អំពីការធ្លាក់ចុះប្រាក់ចំណេញប្រតិបត្តិការប្រចាំត្រីមាសរហូតដល់ទៅ ៦% ដោយសារតែការកើនឡើងបំណុលធានារ៉ាប់រង ក្រោយមានព្យុះសង្ឃរាដ៏កំណាច Helene ដែលបានវាយប្រហារតំបន់មួយចំនួននៅសហរដ្ឋអាម៉េរិក និងការខាតបង់ដែលបណ្ដាលមកពីប្រាក់ដុល្លារអាម៉េរិក ហក់ឡើងថ្លៃផងដែរ។
ការបង្កើនការរំដោះខ្លួនចេញពីផ្សារហ៊ុននៅពេលនេះត្រូវបានគេដឹងថា បានធ្វើឱ្យកំពូលមហាសេដ្ឋីអាម៉េរិក រូបនេះ និងក្រុមហ៊ុនរបស់លោកមានលុយសុទ្ធនៅក្នុងដៃសរុបដល់ទៅជាង៣២៥ពាន់លានដុល្លារ។
តាមរយៈរបាយការណ៍ប្រចាំត្រីមាសរបស់ខ្លួនចេញផ្សាយកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន ក្រុមហ៊ុន Berkshire Hathaway ប្រកាសថា ខ្លួនបានលក់ភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុនយក្ស Apple ចំនួនប្រមាណ១០លានហ៊ុន ឬ ស្មើនឹង២៥% នៃភាគហ៊ុនដែលខ្លួនមាននៅក្នុងក្រុមហ៊ុន Apple ក្នុងរដូវក្តៅកន្លងមក ដែលធ្វើឱ្យខ្លួននៅសល់ភាគហ៊ុនប្រមាណ៣០០លានហ៊ុនទៀតនៅក្នុងក្រុមហ៊ុន Apple។
ទោះបីជាក្រុមហ៊ុន Berkshire Hathaway បានលក់ចេញភាគហ៊ុនរបស់ខ្លួនជាង៦០០លានហ៊ុននៅក្នុងក្រុមហ៊ុន Apple ក្នុងឆ្នាំ២០២៤ នេះយ៉ាងណាក្ដី ក៏ក្រុមហ៊ុន Apple នៅតែមានភាគហ៊ុនរបស់ខ្លួនច្រើនជាងគេបំផុតដែលមានតម្លៃសរុបរហូតដល់ទៅប្រមាណ ៧០ ពាន់លានដុល្លារ ឯណោះ។
ការលក់ចេញភាគហ៊ុនយ៉ាងច្រើនរបស់ក្រុមហ៊ុន Berkshire Hathaway នេះរួមបញ្ចូលទាំងការលក់ចេញភាគហ៊ុនជាង៣៦ពាន់លានដុល្លារ ដែលបូករួមទាំងភាគហ៊ុនប៉ុន្មានពាន់លានដុល្លារ ក្នុងធនាគារ Bank of America ដែលក្រុមហ៊ុន Berkshire បានលក់ក្នុងត្រីមាសទី៣ ផងដែរ។
លោក វ៉ារ៉េន ប៊ូហ្វីត បាននិយាយកាលពីខែឧសភា ថា លោករំពឹងថា Apple នឹងនៅតែជាការវិនិយោគភាគហ៊ុនដ៏ធំបំផុតរបស់ក្រុមហ៊ុន Berkshire Hathaway ប៉ុន្តែការសម្រេចចិត្តលក់ចេញភាគហ៊ុនយ៉ាងច្រើននេះធ្វើឡើងដោយសារហេតុផលខ្លាចអត្រាពន្ធសហព័ន្ធ២១% លើចំណេញមូលធនកើនឡើង៕
ដោយៈ សរ សុជាតិ