ស្ថានភាពនេះកំពុងបង្កការព្រួយបារម្ភកាន់តែខ្លាំងថា អង្គការពិភពលោកមួយនេះអាចប្រឈមនឹងវិបត្តិខ្វះអ្នកដឹកនាំជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ នេះបើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា។
ក្រុមប្រឹក្សាសន្តិសុខ UN ត្រូវបានរំពឹងថានឹងរៀបចំការបោះឆ្នោតសាកល្បងសម្ងាត់មួយជុំទៀតនៅសប្តាហ៍នេះ។ ប៉ុន្តែសមាជិកអចិន្ត្រៃយ៍ទាំង ៥ រួមមានសហរដ្ឋអាម៉េរិក ចិន រុស្ស៊ី អង់គ្លេស និងបារាំង នៅមិនទាន់អាចឈានដល់កិច្ចព្រមព្រៀងលើបេក្ខជនណាមួយនៅឡើយ។
អាណត្តិរបស់លោក “អង់តូនីញ៉ូ ហ្គូតើរ៉េស” (Antonio Guterres) នឹងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ ដោយសារតែការជ្រើសរើសអ្នកស្នងតំណែងនៅតែជាប់គាំង UN កំពុងពិចារណារៀបចំផែនការបន្ទាន់ក្នុងករណីមិនអាចជ្រើសរើសអគ្គលេខាធិការថ្មីបានទាន់ពេលវេលា។
ក្នុងចំណោមបេក្ខជនដែលកំពុងប្រកួតប្រជែងរួមមានទាំងលោកស្រី "រេបេកា ហ្គ្រីនស្ពែន" (Rebeca Grynspan) អតីតអនុប្រធានាធិបតីកូស្តារីកា និងលោកស្រី "ឡាណា នូសេបា" (Lana Nusseibeh) អ្នកការទូតជាន់ខ្ពស់នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម UAE។ ប៉ុន្តែបេក្ខជននីមួយៗក៏ប្រឈមនឹងការជំទាស់ និងការខ្វែងគំនិតគ្នាពីសមាជិកមួយចំនួនផងដែរ។ ភាពជាប់គាំងនេះត្រូវបានគេមើលឃើញថា ជាសញ្ញាបង្ហាញពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងរវាងមហាអំណាច ខណៈការចូលរួមរបស់សហរដ្ឋអាម៉េរិក ក្នុងកិច្ចការរបស់ UN ក៏កំពុងថយចុះ។
បើគ្មានអគ្គលេខាធិការថ្មីទាន់ពេលវេលា UN អាចជួបការលំបាកក្នុងការតែងតាំងមន្ត្រីជាន់ខ្ពស់ និងដឹកនាំការងារសំខាន់ៗមួយចំនួន។ ជម្រើសដែលកំពុងត្រូវបានពិចារណា រួមមានការបន្តអាណត្តិលោក “អង់តូនីញ៉ូ ហ្គូតើរ៉េស” (Antonio Guterres) ជាបណ្តោះអាសន្ន ឬតែងតាំងមន្ត្រីម្នាក់ឱ្យកាន់តំណែងជាបណ្តោះអាសន្ន។
គួរឱ្យកត់សម្គាល់ថា ក្នុងប្រវត្តិសាស្ត្រ UN មិនធ្លាប់មានអគ្គលេខាធិការណាម្នាក់បញ្ចប់អាណត្តិ ដោយគ្មានអ្នកស្នងតំណែងត្រូវបានជ្រើសរើសរួចរាល់នោះទេ។ ប្រសិនបើភាពជាប់គាំងនេះនៅតែបន្ត UN អាចនឹងចូលដល់ឆ្នាំ២០២៧ ដោយគ្មានមេដឹកនាំថ្មី ខណៈពិភពលោកកំពុងប្រឈមនឹងជម្លោះ និងវិបត្តិអន្តរជាតិជាច្រើន៕
ដោយ: តែម សុខុម