តាមរយៈកម្មវិធីនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានរៀបចំការប្រគល់ ពានរង្វាន់ឆ្នាំទី៣ ដើម្បីលើកទឹកចិត្តស្ត្រីឱ្យចូលរួមកាន់តែច្រើនក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅកម្ពុជា។
ចាប់តាំងពីឆ្នាំ ២០១៨ មក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រារព្ធកម្មវិធីនេះជាមួយនឹងថវិកាដែលបានមកពីមូលនិធីនៃការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍ។ កម្មវិធីពានរង្វាន់ប្រចាំឆ្នាំនេះផ្អែកលើប្រធានបទ “ស្ត្រី និង សេដ្ឋកិច្ចឌីជីថល” ហើយកំពុងតែស្វែងរកបេក្ខនារី ដែលមានសក្តានុពលមកពីគ្រប់តំបន់ទូទាំងប្រទេសកម្ពុជា។ សំណើបេក្ខភាពចាប់ផ្តើមនៅថ្ងៃនេះ ហើយនឹងបន្ត រហូតដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២០។ នៅក្នុងអំឡុងពេលនេះ សាធារណជនអាចចូលរួម ស្នើបេក្ខនារីណាមួយ ដែលលោកអ្នកគិតថាសក្តិសមនឹងទទួលបានការទទួលស្គាល់ចំពោះការចូលរួមចំណែករបស់ពួកគាត់ក្នុង វិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យានៅកម្ពុជា។
បេក្ខនារីដែលត្រូវបានស្នើត្រូវតែជាស្ត្រីដែលមាន បទពិសោធន៍បម្រើ ការងារក្នុងផ្នែកបច្ចេកវិទ្យាលំដាប់ខ្ពស់ មានភាពជាអ្នកដឹកនាំខ្លាំង និងមានសមត្ថភាពប្រើប្រាស់ ជំនាញទាំងនេះ បម្រើដល់សហគមន៍។ លើសពីនេះ ពួកគាត់ក៏ត្រូវតែជាស្ត្រីកម្ពុជាដែលបានលះបង់នូវពេលវេលា និងកម្លាំង កាយចិត្តរបស់ខ្លួនដោយស្ម័គ្រចិត្ត ដើម្បីចូលរួមយ៉ាងសកម្មក្នុងការស្វែងរកដំណោះស្រាយផ្នែកណាមួយក្នុង វិស័យបច្ចេកវិទ្យា សម្រាប់យកមកបម្រើផលប្រយោជន៍ក្នុងសង្គមកម្ពុជាជារួម។
បន្ទាប់ពីទទួលបានសំណើទាំងអស់ ក្រសួងនឹងធ្វើការវាយតម្លៃនិងជ្រើសរើសបេក្ខនារីដោយផ្អែកលើ លក្ខខណ្ឌ វិនិច្ឆ័យ និងគុណសម្បត្តិផ្សេងៗទៅតាមនោះ។ ជ័យលាភី ទាំង៥រូបនឹងត្រូវបានផ្តល់កិត្តិយសទទួលពានរង្វាន់ នៅក្នុង ព្រឹត្តិការណ៍ “ឌីជីថលកម្ពុជា ២០២០” ចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នៅសាលពិព័រណ៍ កោះពេជ្រ ។
ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានមានប្រសាសន៍ថា៖ “កម្មវិធីស្រ្តីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាបានក្លាយជាព្រឹត្តិការណ៍សំខាន់ប្រចាំឆ្នាំ ដើម្បីទទួលស្គាល់ស្នាដៃស្ត្រីកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យា។ នៅក្នុងព្រឹត្តិការណ៍ ឌីជីថលកម្ពុជា ២០២០ ឆ្នាំនេះ យើងនឹងអបអរសាទរចំពោះជ័យលាភី ៥ រូប ដែលកំពុងតែធ្វើការងារយ៉ាងសំខាន់ ក្នុងការជម្រុញសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ទន្ទឹមនឹងការជួយផ្សព្វផ្សាយសមភាពយេនឌ័រផងដែរ។
កម្មវិធីនេះគឺជាផ្នែកដ៏សំខាន់មួយនៃយុទ្ធនាការរបស់យើង ក្នុងការបង្ហាញ ជនគំរូនៅកម្ពុជា និងសមិទ្ធិផលដ៏គួរឱ្យស្ញប់ស្ញែងរបស់ពួកគេ។ ចាប់តាំងពីការចាប់ផ្តើមកម្មវិធីនេះកាលពី ២ ឆ្នាំមុនមក ពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាបានទទួលបានការចូលរួមពីសំណាក់ស្ត្រីកម្ពុជាជាង ៧០រូបរួចមកហើយ។ ពានរង្វាន់កិត្តិយសសម្រាប់ឆ្នាំ២០២០ មាន ០៥ ប្រភេទដូចខាងក្រោម៖
១. រង្វាន់សហគ្រិនស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា (Cambodian Woman ICT Entrepreneur Award) នឹងត្រូវ បាន ផ្តល់ដល់ស្រ្តីដែលមានភាពជាអ្នកដឹកនាំ និងបានធ្វើអាជីវកម្មខាងផ្នែកប.គ.ព ប្រកបដោយជោគជ័យ មាន ការទទួលស្គាល់ក្នុងស្រុក និងអន្តរជាតិ ព្រមទាំងសក្តានុពលក្នុងការពង្រីកមុខរបររបស់ខ្លួន។
២. រង្វាន់វិស្វករស្រ្តីជោគជ័យក្នុងជំនាញ ប.គ.ព (Cambodian Woman ICT Engineer Award) នឹងត្រូវបាន ផ្តល់ ដល់ស្រ្តីជាអ្នកដឹកនាំដែលមានជំនាញជាវិស្វករផ្នែកបច្ចេកវិទ្យា មានការច្នៃប្រឌិតខ្ពស់ ហើយទទួល បានជោគជ័យក្នុងការប្រើប្រាស់ជំនាញរបស់ខ្លួន បម្រើការក្នុងស្ថាប័នផ្សេងៗរហូតដល់ពេលបច្ចុប្បន្ន ។
៣. រង្វាន់ស្រ្តីដែលបានចូលរួមជំរុញការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសង្គម ឬសហគមន៍ (Cambodian Woman ICT For Community Award) នឹងត្រូវផ្តល់ដល់ស្រ្តីដែលមាន ភាពជាអ្នកដឹកនាំ មានជំនាញបច្ចេកវិទ្យា និងបានចូលរួមយ៉ាងសកម្ម ដោយលះបង់កម្លាំងកាយចិត្ត និងពេលវេលារបស់ខ្លួន ដោយស្ម័គ្រចិត្តក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាដល់សង្គម ឬសហគមន៍ ឬក៏ជាស្រ្តីដែលបានបង្កើត ដំណោះស្រាយបច្ចេកវិទ្យាណាមួយសម្រាប់បម្រើដល់ប្រយោជន៍សង្គមដោយមិនគិតថ្លៃ ។
៤. រង្វាន់ស្រ្តីដែលបង្កើតខ្លឹមសារព័ត៌មានច្នៃប្រឌិត (Creative Digital Contents Award) ចំពោះស្រ្តីដែលមាន ស្នាដៃអាចបង្កើតខ្លឹមសារព័ត៌មានដែលប្លែក ហើយមានការច្នៃប្រឌិតខ្ពស់ មានប្រយោជន៍ដល់សង្គម សេដ្ឋកិច្ច និងវប្បធម៌ ។
៥. រង្វាន់ពន្លកថ្មី (Girl Innovator) ពានរង្វាន់នេះនឹងត្រូវបានផ្តល់ដល់នារីអាយុក្រោម១៨ឆ្នាំ អាចជាបុគ្គល ឬជាក្រុមដែលបានច្នៃប្រឌិតបង្កើតនូវស្នាដៃបច្ចេកវិទ្យាពិសេសណាមួយ។
សាធារណជនទាំងអស់អាចចូលរួមក្នុងកម្មវិធីនេះដោយគ្រាន់តែស្នើបេក្ខនារីឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន ប៉ុន្តែអ្នកស្នើត្រូវតែស្គាល់ និងយល់ច្បាស់ពីបេក្ខនារីដែលអ្នកបានស្នើផង។ ការស្នើសុំបេក្ខភាពអាចធ្វើតាម អនឡាញតាមរយៈតំណនេះគឺ៖ http://cbrd.gov.kh/nomination-form-2020