វិស័យ​មីក្រូហិរញ្ញវត្ថុ

អ្នកជំនាញ៖ វិស័យមីក្រូហិរញ្ញវត្ថុឆ្នាំ២០២០ អាចនឹងថមថយកំណើនទាបជាងឆ្នាំ២០១៩


ចូលដល់ឆ្នាំ២០២០នេះ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ហាក់មិនសូវជាមានការរំពឹងការលូតលាស់ខ្ពស់ ដូចកាលពីឆ្នាំ២០១៩នោះឡើយ ដោយសារតែវិស័យនេះ កំពុងរងសម្ពាធ និងកើតក្ដីបារម្ភច្រើនជាងមុន ចំពោះនិន្នាវិវត្តន៍ចុងក្រោយនៃសេដ្ឋកិច្ចកម្ពុជា ដែលថា អាចនឹងមានការថមថយកំណើនទាបជាងមុន។
វិស័យ​មីក្រូហិរញ្ញ​វត្ថុ​នៅ​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញថា លូត​លាស់​យ៉ាង​លឿន​ក្នុងរយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ទោះយ៉ាងណា បើតាម​ការអះអាង​របស់​អ្នកជំនាញ​ក្នុងវិស័យហិរញ្ញវត្ថុ បាន​ឲ្យដឹងថា បើទោះបីជា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ២០២០នេះ នឹងត្រូវថមថយ និងមានហានិភ័យ​ប្រឈម​កាន់តែច្រើន​ក៏ដោយ ប៉ុន្ដែ សម្រាប់​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​ គឺ​ទំនង​ជា​មិនទទួល​ផលប៉ះពាល់​ខ្លាំងនោះទេ ពោលគឺ អាច​នឹង​ទទួលឥទ្ធពល​ដោយប្រយោល​តែប៉ុណ្ណោះ។

នៅឆ្នាំ២០២០នេះ បើតាម​ការព្យាករ​ពី​ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ឃើញថា កំណើនសេដ្ឋកិច្ច​​របស់​កម្ពុជា​នឹងនៅរក្សាបាន​ជុំវិញ ​៦%ប៉ុណ្ណោះ ខណៈដែល​កាលពីឆ្នាំ២០១៩ សម្រេចបាន​កំណើនជុំវិញ ៧%។ ការថមថយ​នៃ​សេដ្ឋកិច្ច​កម្ពុជា នៅឆ្នាំនេះ ត្រូវបាន​លោកគា បូរាណ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​​ យល់ឃើញថា គឺនឹងធ្វើឲ្យ​វិស័យ​មីក្រូហិរញ្ញវត្ថុ ក៏ដូចជា​វិស័យ​ធនាគារ និងហិរញ្ញវត្ថុ​ទាំងមូលផងដែរ អាចនឹង​រង​ផលប៉ះពាល់ ប៉ុន្ដែ លោកថា ផលប៉ះពាល់ទាំងនោះ អាចនឹង​មានដោយ​ប្រយោលប៉ុណ្ណោះ។

លោក គា បូរាណ មានប្រសាសន៍ថា «តាមធម្មតា​បើសិន​ជាកំណើន​ GDP យើងមានការថមថយចុះ​ ខ្ញុំគិតថាវានឹងមាន​ផលប៉ះពាល់ខ្លះហើយ ដោយសារតែយើង​ឲ្យ​កម្ចីយើង! យើងដាក់ទុន​ចូលទៅ​ក្នុង​សេដ្ឋកិច្ច​ អញ្ចឹងបើសេដ្ឋកិច្ចយើងរាងថមថយ តម្រូវការទុន​ហ្នឹង​ក៏វា​ថមថយដែរ។ អញ្ចឹង​បើថមថយ​យើង​ក៏មិនអាច​បញ្ចេញទុនបានដែរ អាហ្នឹងរឿងមួយ។ រឿងទី២ ទាក់ទង​ទៅនឹង​ការងារ​ផ្សេង​ ទាំងមាន New Virus (មេរោគកូរ៉ូណាថ្មី) ក្ដី រឿង EBA ក្ដី ចង់មិនចង់​ វានឹង​មានផលប៉ះពាល់ខ្លះហើយ បើសិនជារឿង​ហ្នឹង​វាកើតឡើងមែន។»

ទោះជាយ៉ាងនេះក្ដី អ្នកជំនាញ​ហិរញ្ញ​វត្ថុ​រូបនេះ បាន​គូសបញ្ជាក់ដែរ សម្រាប់​មីក្រូ​ហិរញ្ញវត្ថុ​ គឺភាគច្រើន​ផ្ដោត​លើ​ការផ្ដល់កម្ចី​ក្នុងវិស័យ​កសិកម្ម ពាណិជ្ជកម្ម និងផលិតកម្ម ដូច្នេះ វាអាចនឹង​មានផលប៉ះពាល់​ដោយប្រយោល​ប៉ុណ្ណោះ​។ ប៉ុន្ដែ គេក៏ត្រូវរង់ចាំ​មើល​ការវិវត្តថ្មីៗ​នៃស្ថានការណ៍បន្តទៀត ថាតើ​វានឹង​វិវត្ត​ទៅជាយ៉ាងណា។  ​ 

លោក គា បូរាណ ប្រធាន​ក្រុមប្រឹក្សាភិបាល​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (រូបភាព៖ ហេង ភារម្យ)

សូមបញ្ជាក់ថា កាលពីឆ្នាំ ២០១៩ កន្លងទៅនេះ កំណើន​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​​នៅកម្ពុជា​គឺនៅតែមាន​ការលូតលាស់​ល្អប្រសើរ​ ដោយ​ផលបត្រ​ឥណទាន​របស់​វិស័យនេះ មានចំនួន ៧,៥ ពាន់លាន​ដុល្លារអាមេរិក បាន​កើនឡើង​ប្រមាណ ៣០% ធៀបនឹង​ឆ្នាំ២០១៨ ខណៈដែល​ប្រាក់កម្ចី​ ក៏មាន​កំណើន​គួរឲ្យកត់សម្គាល់ដែរ។ នេះបើតាមការបញ្ជាក់ពីសមាគម​មីក្រូ​ហិរញ្ញវត្ថុកម្ពុជា។ ក្នុងនោះដែរ អ្នកខ្ចី​ប្រាក់​មានជាង ​២លាន ១សែននាក់ ដោយកម្ចី​ឥណទាន ភាគច្រើន ត្រូវបានផ្ដល់ក្នុង វិស័យ​កសិកម្ម ពាណិជ្ជកម្ម និងផលិតកម្ម ខណៈដែល​កម្ចី​ឥណទាន​ប្រើប្រាស់ ​សម្រាប់​ការទិញ​សម្ភារ​ប្រើប្រាស់​នានា ក៏មានកំណើនដែរ តែ​មិនទាន់​មានទំហំ​ធំនៅឡើយទេ។​ រីឯ​ឥណទាន​ខូច​មិនដំណើរការវិញ មានប្រមាណ​ក្រោម ១% ដែលតួលេខនេះ គឺមានទាប​ជាងឆ្នាំ២០១៨ទៅទៀត៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សារ​មូលបត្រ​កម្ពុជា ថា ស្ថានភាព​បច្ចុប្បន្ន​ជា​ឱកាស​ល្អ​ដើម្បី​ទិញ​ភាគហ៊ុន​ក្នុង​តម្លៃ​ទាប​សម្រាប់​រក​ប្រាក់​ចំណេញ

ព័ត៌មាន
នាយក​ប្រតិបត្ដិ​នៃ​ផ្សារ​មូលបត្រ​កម្ពុជា គឺ​លោក Jong Weon Ha បាន​​និយាយ​​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៣០ ខែ​មករា ឆ្នាំ​២០២០​នេះ ថា ស្ថានភាព​បច្…

សំណើបេក្ខភាពសម្រាប់ពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបចេ្ចកវិទ្យា សម្រាប់​ឆ្នាំ​២០២០ ចាប់បើកហើយ!

ព័ត៌មាន
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសនៅថ្ងៃនេះថា សំណើ បេក្ខភាពសម្រាប់ពានរង្វាន់ស្ត្រីឆ្នើមក្នុងវិស័យបចេ្ចកវិទ្យាឆ្នាំ២០២០ បើកចាប់ពីថ្ងៃន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ