ទី១ មុខរបរ Network ឬបណ្ដាញ
កន្លងមក មានជំនួញមួយ ដែលគេតែងឲ្យឈ្មោះថា «Network» ឬជាភាសាខ្មែរ ថា «បណ្តាញ» បានបោកប្រាស់យុវជនខ្មែរ ឲ្យខាតពេលវេលា និងលុយកាក់ជាច្រើន ព្រមទាំងបង្កជម្លោះយ៉ាងសម្បើមផងដែរ។
កញ្ញា ជា មីនា គ្រូបង្រៀននៅសាលាឯកជនមួយនៅទីក្រុងភ្នំពេញ បានប្រាប់ ខេមបូណូមីស ថា កញ្ញាត្រូវបានមិត្តភក្តិអូសទាញឲ្យចូលរួមក្នុងជំនួញ Network ដែលធ្វើឲ្យនាងត្រូវចំណាយលុយ និងពេលវេលាចូលរួម ដោយពុំទទួលផលប្រយោជន៍អ្វីមកវិញឡើយ។
កញ្ញាបញ្ជាក់បែបនេះថា៖ «គេប្រាប់ខ្ញុំថា យើងមិនមែនជាបុគ្គលិកទេ តែយើងក្លាយជាដៃគូជំនួញរបស់គេ។ ពេលទៅដំបូង គេឲ្យយើងបង់លុយមុន១០ដុល្លារ ដើម្បីបើកកុង (ATM) បន្ទាប់មក គេឲ្យទៅសិក្ខាសាលាស្តាប់គេម្តង គេក៏គិតលុយពីយើង១៥ដុល្លារទៀត ដើម្បីចំណាយលើថ្លៃអាហារ និងជួលអគារ។ មួយទៀត គេឲ្យយើងទៅរកមិត្តភក្តិចូលជាសមាជិកគេ ដោយរកបានម្នាក់ គេឲ្យលុយកុំមីស្យុងម្នាក់ បើពីរនាក់ គេឲ្យគិតតាមហ្នឹង»។
បើតាមកញ្ញា មីនា វាគ្មិនដែលឡើងនិយាយក្នុងសិក្ខាសាលានោះ តែងតែនិយាយពីរឿងជោគជ័យរបស់ខ្លួន ដែលមានលុយក្នុងកាត ATM ច្រើន បានមកពីសមាជិកផ្សេងទៀត និងអួតថា គាត់នឹង ក្លាយជាមហាសេដ្ឋីក្នុងរយៈពេលដ៏ខ្លី ដោយមិនបាច់មានដើមទុនអ្វីច្រើន។
តាមពិតទៅ មុខព្រួញរបស់ជំនួញ Network ច្រើនតែបាញ់ឆ្ពោះទៅក្រុមគោលដៅ ដូចជា៖ និស្សិតឆ្នាំទី១ និងគ្រូបង្រៀន ដែលសម្បូរបណ្តាញច្រើន ដើម្បីពួកគេទទួលបានសមាជិកកាន់តែច្រើន ជាថ្នូរនឹងប្រាក់កុំមីស្យុង (ប្រាក់កម្រៃជើងសារ) ដែលសមាជិកខ្លួនបង់លុយចូលសិក្ខាសាលា ឬធ្វើកាតសមាជិក។
លោក ប៊ុត សំណាង និស្សិតឆ្នាំទី១ នៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ បានអះអាងថា លោក ទើបតែចូលក្នុងក្រុម Network នេះ បាន២ខែប៉ុណ្ណោះ ប៉ុន្តែ លោកត្រូវចំណាយថ្លៃកាតសមាជិក ចូលសិក្ខាសាលាអស់សរុប ៥០ដុល្លារ ដោយមិនទទួលបានអ្វីសោះ។ លោកបញ្ជាក់ថា៖ «គ្រូខ្ញុំ គាត់ប្រាប់ថា ផលិតផលសុខភាពគេល្អណាស់ គ្រាន់តែយកទៅលក់បន្ត បានកាន់តែច្រើន គឺបានចំណេញកាន់តែច្រើន តែមិនអ៊ីចឹងណា គ្រាន់តែចូលទៅមិនបានប៉ុន្មានផង អស់លុយមិនចេះតិច»។
ទី២ ការផ្សព្វផ្សាយឲ្យទៅពិនិត្យសុខភាពដោយមិនបង់ប្រាក់
ពួកគេ (ក្រុមអ្នកបោកប្រាស់) បានប្រើប្រាស់យុវជនឲ្យចែកចាយខិត្តប័ណ្ណនៅទីសាធារណៈ ដោយដាក់ថា មានម៉ាស៊ីនទំនើបសម្រាប់ស្កែនពិនិត្យសុខភាពដោយមិនគិតថ្លៃ។ តាមពិតទៅ ការពិនិត្យនោះ ពិតជាមិនគិតថ្លៃមែន ប៉ុន្តែ រាល់ពលរដ្ឋដែលទៅពិនិត្យជំងឺ តែងទទួលលទ្ធផលថា មានជំងឺពី ៥ ទៅ ១០មុខ និងខ្លះច្រើនជាងនេះទៀតផង។ បន្ទាប់មក ពួកគេក៏ប្រើមាត់ដ៏ប៉ិនប្រសប់របស់ពួកគេ ដើម្បីបំភ័យពលរដ្ឋ ថា បើមិនទិញថ្នាំព្យាបាល អ្នកនឹងស្លាប់។ បន្ទាប់មក ពួកគេក៏សប្បាយលក់ថ្នាំជាច្រើនប្រភេទក្នុងតម្លៃថ្លៃ។ រូបភាពបោកប្រាស់នេះ មិនមែនកើតឡើងតែនៅភ្នំពេញនោះទេ ប៉ុន្តែ សកម្មភាពនេះ បានចរាចរណ៍ទៅដល់ជនបទហើយ។
លោក ណេត ណុំ ពលរដ្ឋរស់នៅឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ភាគខាងជើងភ្នំពេញប្រមាណ៥០គីឡូម៉ែត្រ បានរៀបរាប់ថា លោកនិងសមាជិកគ្រួសារត្រូវបានមេភូមិ អញ្ជើញឲ្យទៅពិនិត្យសុខភាព ជាមួយឧបករណ៍ស្កែនរបស់ឈ្មួញនៅផ្ទះមេភូមិ។
លោកបញ្ជាក់ប្រាប់ ខេមបូណូមីស ថា៖ «ឈ្មួញនេះ បានជិះឡាន ដោយក្នុងឡានរបស់គេមានថ្នាំពេទ្យ និងឧបករណ៍ស្កែនមេដៃមួយ។ បន្ទាប់មក ពួកគេបានពឹងមេភូមិឲ្យហៅពលរដ្ឋ ទៅពិនិត្យសុខភាពអត់យកលុយ។ ម៉ាស៊ីនគេនោះ ស្កែនតែមេដៃសោះ តែរកឃើញម្នាក់ៗមានជំងឺមិនក្រោម៥មុខទេ។ គេទៅពេទ្យបូមឈាមផង ពិនិត្យនេះ ពិនិត្យនោះ គេរកឃើញជំងឺ១ ឬ២អី តែឧបករណ៍នេះ អីក៏ពូកែម៉្លេះ ស្កែនមេដៃ ចេញក្រដាសមួយសុទ្ធតែជំងឺ។ បន្ទាប់មក ពួកគេយកថ្នាំជាច្រើន លក់ឲ្យខ្ញុំនិងអ្នកផ្សេងទៀត គេថា ខ្លះត្រូវទិញ៥០ដុល្លារ ខ្លះត្រូវទិញ១៥០ដុល្លារ តែអត់មាននរណាទិញ ក្រោយមក ពួកគេទម្លាក់តម្លៃមក១០ដុល្លារ និងខ្លះ២០ដុល្លារ តែនៅតែអត់អ្នកទិញ ពួកវាក៏ឡើងឡានទៅបាត់ទៅ»។
ទី៣ ការដាក់ប្រាក់ផ្ញើជាថ្នូរនឹងការប្រាក់ខ្ពស់ជាងធនាគារ ឬមីក្រូហិរញ្ញវត្ថុ
មានជំនួញមួយប្រភេទទៀត ដែលបានបោកប្រាស់ពលរដ្ឋជាទ្រង់ទ្រាយធំស្ទើរទូទាំងប្រទេស និងមានទឹកប្រាក់រាប់សិបលានដុល្លារ។ រូបភាពជំនួញនោះ គឺគេមានឈ្មួញ ដែលស្លៀកពាក់ទាន់សម័យ និងជិះរថយន្តទំនើបទៅជួបមេភូមិ ឬ អ្នកមានមុខមាត់ក្នុងភូមិឃុំ ដើម្បីបញ្ចុះបញ្ចូលអ្នកទាំងនោះ ឲ្យដើរបញ្ចុះបញ្ចូលបន្ត ដើម្បីឲ្យពលរដ្ឋយកលុយមកផ្ញើក្រុមហ៊ុន ជាថ្នូរនឹងការប្រាក់ខ្ពស់ជាងផ្ញើនៅមីក្រូហិរញ្ញវត្ថុ ឬ ធនាគារទៀតផង។
ពលរដ្ឋនៅឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានប្រាប់សារព័ត៌មាន ខេមបូណូមីស ថា ពួកគេមួយចំនួនបានដាក់ប្រាក់ក្នុងក្រុមហ៊ុនទាំងនោះ ដោយទទួលបានការប្រាក់ខ្ពស់ក្នុងមួយខែៗ។ អ្នកខ្លះ ដាក់លុយ៣ពាន់ដុល្លារ ទទួលបានការប្រាក់៣០០ដុល្លារក្នុងមួយខែ។ តពីមាត់មួយទៅមាត់មួយ បានធ្វើឲ្យអ្នកភូមិជាច្រើន យកលុយ ឬអ្នកខ្លះដាក់ប្លង់ដីផ្ទះទៅធនាគារ ដើម្បីយកលុយ មកចងការឲ្យក្រុមហ៊ុន ដែលមិនស្គាល់ប្រវត្តិច្បាស់លាស់ យ៉ាងគគ្រឹកគគ្រេងតែម្តង។
ប៉ុន្តែ ចាប់ពីខែទី៤ ឬទី៥ទៅ លុយដើមរបស់ពលរដ្ឋទាំងអស់ ត្រូវបានឈ្មួញកើបយកទៅទាំងអស់ បន្សល់ទុកតែទឹកភ្នែករបស់ពលរដ្ឋ ដែលខ្លះអស់៦ម៉ឺនដុល្លារ ខ្លះអស់២ម៉ឺនដុល្លារ និងខ្លះទៀត ត្រូវលក់របស់របរកេរដូនតាសងត្រឡប់ទៅធនាគារវិញ។
ករណីខាងលើនេះ មិនមែនកើតឡើងតែក្នុងខេត្តកំពង់ឆ្នាំងនោះទេ តែវាបានកើតឡើងនៅក្នុងភូមិតាប្រាប់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ខាងលិចភ្នំបាសិតផងដែរ។
អ្នកស្រី ឆេង ស្រីណា កម្មកររោងចក្រនៅភូមិនេះ បានប្រាប់ ខេមបូណូមីស ថា អ្នកស្រីបានចាញ់បោកក្រុមហ៊ុនប្រភេទនេះ អស់ ៥ពាន់ដុល្លារ។
អ្នកស្រីបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបានយកប្លង់ស្រែដាក់ធនាគារ៥ពាន់ដុល្លារ ដើម្បីឲ្យក្រុមហ៊ុនខ្ចី ព្រោះវាថា ឲ្យការប្រាក់ច្រើន តែបានច្រើនមែន ពីរបីខែដំបូង ដល់ខែបន្តបន្ទាប់ទៀត វារត់បាត់។ មិនមែនខ្ញុំម្នាក់ឯងទេ មានអ្នកភូមិ គេដាក់លុយច្រើនណាស់ ខ្ញុំទៅតាមគេដែរហ្នឹង»។
តាមពិត មានក្រុមហ៊ុនជាច្រើនដែលរកស៊ីត្រឹមត្រូវនៅកម្ពុជា ប៉ុន្តែក៏មានក្រុមហ៊ុនមិនតិចដែរ ដែលបានឆ្លៀតបោកប្រាស់ពលរដ្ឋ។ បើតាមឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ធ្លាប់មានប្រសាសន៍ថា កន្លងមក មានក្រុមហ៊ុនមួយចំនួនបានលើកស្លាកប៉ាណូ លក់ផ្ទះ ឬលក់ដី ប៉ុន្តែ តាមពិត ពួកគេនោះពុំមានដី ឬផ្ទះអ្វីឡើយ។ ហើយនៅពេលទទួលបានប្រាក់កក់ ពួកគេយកលុយរត់ទៅបាត់។
ឯកឧត្តមរដ្ឋមន្រ្តី ថែមទាំងបានអំពាវនាវដល់ពលរដ្ឋ និងមន្រ្តីរាជការទាំងអស់ ត្រូវត្រួតពិនិត្យ ស្រាវជ្រាវ និងសាកសួរអាជ្ញាធរមូលដ្ឋានជាមុន មុននឹងទិញផ្ទះ ឬដីនៅទីតាំងណាមួយ ដើម្បីជៀសវាងការចាញ់បោកគេ។
ក្រៅពីវិស័យអចលនទ្រព្យ ក៏មានក្រុមហ៊ុនរកស៊ីលើវិស័យផ្សេងទៀត ដែលបាននិងកំពុងធ្វើសកម្មភាពបោកប្រាស់ពលរដ្ឋ។ ដូច្នេះ សូមពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នឲ្យខ្ពស់បំផុត ដើម្បីចៀសវាងការចាញ់បោកអស់លុយកាក់ ឬ ចំណាយពេលអត់ប្រយោជន៍ជាមួយជំនួញគ្មានសីលធម៌ទាំងនោះ៕