ផលិតផលហាឡាល

ក្រុមហ៊ុនម៉ាឡេស៊ីដ៏ធំមួយបោះទុនវិនិយោគនៅកម្ពុជា ដើម្បីផលិតកែច្នៃ និងនាំចេញផលិតផលហាឡាល ទៅកាន់ទីផ្សារអន្តរជាតិ


ក្រុមហ៊ុនបារាយណ៍ គ្លូប៊ល មេនេចម៉ិន (BGM) ដែលជាក្រុមហ៊ុនមួយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំការជំរុញវិនិយោគលើវិស័យកសិឧស្សាហកម្ម និងឧស្សាហកម្ម ជាពិសេសការផលិតកែច្នៃផលិតផលក្នុងស្រុកឱ្យមានគុណភាពស្របតាមស្តង់ដាហាឡាល ដើម្បីនាំចេញទៅកាន់ទីផ្សារពិភពលោក បានបើកសម្ពោធទីស្នាក់ការកណ្តាលរបស់ខ្លួននៅក្នុងសួនបណ្តុំសហគ្រាសធុនតូច និងមធ្យម (SME Cluster) របស់ក្រុមហ៊ុន វើលដ៍ប្រ៊ីដ អ៊ីនដាសស្រ្ទៀល ឌីវេឡុបម៉ិន នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ។
ផលិតផលហាឡាល
ដោយ

លោក ហៃ សុផាត នាយកគ្រប់គ្រងក្រុមហ៊ុន បារាយណ៍ គ្លូប៊ល មេនេចម៉ិន (BGM) បានគូសបញ្ជាក់ថា បន្ទាប់ពីមើលឃើញពីតមម្រូវការចាំបាច់ក្នុងការចូលរួមបំពេញបន្ថែមលើវិស័យកសិកម្ម និងសេដ្ឋកិច្ចកម្ពុជា ដែលកំពុងមានសម្ទុះងើបឡើងយ៉ាងឆាប់រហ័ស ក្រុមហ៊ុនរបស់លោក មានចក្ខុវិស័យវែងឆ្ងាយក្នុងការជំរុញផលិតផលកសិផលក្នុងស្រុករបស់កម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលនឹងធ្វើឱ្យកាន់តែប្រសើរឡើងដល់ម្ចាស់អាជីវកម្ម សហគ្រាស និងប្រជាកសិករ ដែលកំពុងស្វែងរកទីផ្សារ ខ្សែច្រវាក់ផលិតកម្ម ក្នុងការផ្គត់ផ្គង់វត្ថុធាតុដើមយ៉ាងសម្បូរបែបរបស់កម្ពុជា។

ក្រុមហ៊ុន BGM បានដាក់ចេញនូវគោលដៅសកម្មភាពសម្រាប់ផែនការរយៈពេល៥ឆ្នាំរបស់ខ្លួន ក្នុងគោលបំណង ជំរុញការធ្វើពិពិធកម្មនៃការនាំចេញកាន់តែសម្បូរបែប, បង្កើនផលិតភាពជួយដល់ម្ចាស់សហគ្រាស SME, ពង្រឹងនិងពង្រីកតំណរភ្ជាប់ជាបណ្តុំសហគ្រាសមួយប្រកបដោយថាមពល, បង្កើនសក្តានុពលការងារ និងធនធានមនុស្ស និងការអភិវឌ្ឍនូវបច្ចេកវិទ្យា។ នេះបើតាមការបញ្ជាក់របស់ លោក ហៃ សុផាត នៅក្នុងពិធីសម្ពោធទីស្នាក់ការ ក្រុមហ៊ុន បារាយណ៍ គ្លូប៊ល មេនេចម៉ិន នៅសួនបណ្តុំសហគ្រាសធុនតូច និងមធ្យម វើលដ៍ប្រ៊ីដ អ៊ីនដាសស្រ្ទៀល ឌីវេឡុបម៉ិន (SME Cluster) នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ដោយលោកបានចាត់ទុកទីតាំងនេះ គឺជាទីតាំងដំបូងគេ និងតែមួយគត់នៅកម្ពុជា ដែលជាកន្លែងបណ្តុំសហគ្រាសទំនើប ដើរស្របទៅនឹងឧស្សាហកម្ម ៤.០ និងជាទីកន្លែងមួយដែលទទួលបានការលើកទឹកចិត្តផ្នែកពន្ធមួយចំនួនពីរដ្ឋ សម្រាប់ម្ចាស់សហគ្រាសដែលវិនិយោគនៅក្នុងតំបន់ SME Cluster នេះ។

​បើតាមលោក ហៃ សុផាត ក្រុមហ៊ុន បារាយណ៍ គ្លូប៊ល មេនេចម៉ិន បានបង្កើតភាពជាដៃគូរជាមួយក្រុមហ៊ុន Halal Park Cambodia ក្នុងគោលបំណងគ្រប់គ្រងការវិនិយោគ និងប្រតិបត្តិការការផលិតតាមស្តង់ដាឧស្សាហកម្មហាឡាល ដើម្បីបង្កើតជាខ្សែច្រវាក់ផលិតកម្ម កែច្នៃកសិផលនៅក្នុងស្រុក និងជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងជំរុញការវិនិយោគបរទេសចូលមកកម្ពុជា តាមរយៈក្រុមហ៊ុន Halal Park Cambodia ដ្បិតថា ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនប្រកបដោយសក្តានុពលខ្ពស់ ទាំងទំហំទីផ្សារ និងដៃគូរវិនិយោគបរទេស ខណៈដែលទីផ្សារផលិតផល ហាឡាល មានទំហំធំ ដោយតាមការព្យាករណ៍ទំហំទីផ្សារផលិតផល ហាឡាល នៅឆ្នាំ២០៣០ នឹងកើនដល់ប្រមាណ៥ទ្រីលានដុល្លារអាម៉េរិក ដោយរាប់បញ្ចូលនៃប្រទេសកាន់សាសនាឥស្លាមចំនួន៥៧ នៅជុំវិញពិភពលោក។

​​នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុន បារាយណ៍ គ្លូប៊ល មេនេចម៉ិន ដែលបានបង្កើតទីស្នាក់ការរបស់ខ្លួននៅក្នុងសួនបណ្តុំសហគ្រាសធុនតូច និងមធ្យម វើលដ៍ប្រ៊ីដ អ៊ីនដាសស្រ្ទៀល ឌីវេឡុបម៉ិន ក្រុងតាខ្មៅ ខេត្តកណ្ដាលនេះ ដែលជាការចូលរួមចំណែកដល់ការអភិវឌ្ឍបន្ថែមរបស់ខេត្តកណ្ដាល។ ជាមួយគ្នានេះ ឯកឧត្តម ឌឹម បូរ៉ា ក៏បានលើកទឹកចិត្តដល់ ក្រុមហ៊ុន BGM ឱ្យបន្តខិតខំកៀរគរអ្នកវិនិយោគិនឱ្យមកបណ្តាក់ទុននៅក្នុងតំបន់នេះបន្ថែមទៀតផងដែរ ដ្បិតថា ខេត្តកណ្តាល គឺជាខេត្តមួយដែលមានសក្តានុពលខ្ពស់លើគ្រប់វិស័យ។

​​សូមជម្រាបថា ក្រៅពីពិធីសម្ពោធទីស្នាក់ការរបស់ខ្លួន នៅក្នុងឱកាសនោះក្រុមហ៊ុន បារាយណ៍ គ្លូប៊ល មេនេចម៉ិន ក៏បានចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនជាដៃគូរមួយចំនួន ក្នុងគោលដៅជំរុញការគាំទ្រដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនខ្លួនផងដែរ៕




អត្ថបទបន្ទាប់


កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មជាមួយទីផ្សារ RCEP ជាង៣១ពាន់លានដុល្លារនៅ១១ខែ ឆ្នាំនេះ

ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយបណ្ដាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) បន្តរក្សាបានកំណើនគួរ…

តើថៃ និងវៀតណាម កំពុងប្រជែងគ្នា ដើម្បីក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI នៅអាស៊ីអាគ្នេយ៍?

មេដឹកនាំវៀតណាម ដែលអង្គការពាណិជ្ជកម្មពិភពលោក WTO អះអាងថា បានក្លាយជាប្រទេសនាំចេញធំបំផុតទី២ នៅអាស៊ាន និងធំបំផុតទី១១នៅទូទាំងពិភពលោកក្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ