វិស័យ​កសិកម្ម

ឯកឧត្តម វង្សី វិស្សុត​ លើកទឹកចិត្តឱ្យកសិករផ្លាស់ប្តូរផ្នត់គំនិតពីកសិករធម្មតាទៅជាកសិករទំនើប


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានគូសបញ្ជាក់ថា ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនមិនអាចពឹងផ្អែកតែលើអំណោយ ឬជំនួយឧបត្ថម្ភពីរដ្ឋនោះទេ ប៉ុន្តែជោគជ័យពិតប្រាកដកើតចេញពីការប្រឹងប្រែងបង្កើតមុខរបរ និងរកប្រាក់ចំណូលដោយសមត្ថភាពខ្លួនឯង។
វិស័យ​កសិកម្ម
ដោយ

លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ លើកទឹកចិត្តឱ្យកសិករផ្លាស់ប្តូរផ្នត់គំនិតពីកសិករធម្មតាមកជាកសិករទំនើប ដោយហ៊ានដាក់ទុនបដិភាគចូលរួម ដើម្បីបង្កើនផលចំណេញ និងឈានទៅធ្វើជាម្ចាស់ការលើខ្លួនឯងប្រកបដោយចីរភាព។

នាពិធីជួបសំណេះសំណាលជាមួយប្រជាកសិករតាមសហគមន៍ក្រោមគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ កាលពីថ្ងៃទី៣ ខែតុលា ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសហគមន៍កសិកម្មចំនួន២ ដែលបានរីកធំធាត់យ៉ាងរហ័សទាំងបរិមាណសមាជិក និងទំហំដើមទុន។ ជាពិសេសសហគមន៍ទាំងពីរបានសម្រេចនូវអត្រាផលចំណេញរហូតដល់ប្រមាណ៧៧%លើមុខរបរដាំបន្លែក្នុងផ្ទះសំណាញ់។ ទន្ទឹមនឹងនេះ ឯកឧត្តម លើកទឹកចិត្តឱ្យសមាជិកសហគមន៍ខិតខំបន្តពង្រឹង និងពង្រីកសមត្ថភាពផលិត ដើម្បីពង្រីកមុខរបរ បង្កើតមុខរបរថ្មី និងប្រាក់ចំណូលបន្ថែមសំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាជន ក៏ដូចជាដើម្បីកសាងមូលដ្ឋានសេដ្ឋកិច្ចខេត្តកំពង់ធំឱ្យកាន់តែរឹងមាំ ហើយអាចក្លាយជាផ្នែកមួយនៃការកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចជាតិក្នុងរយៈពេលវែង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ថា បើទោះបីជារដ្ឋមានតួនាទីផ្តល់ការឧបត្ថម្ភគាំទ្រចាំបាច់នានា ប៉ុន្តែប្រជាជនម្នាក់ៗត្រូវតែប្រឹងប្រែងធ្វើការងារ និងខិតខំរកប្រាក់ដោយខ្លួនឯង។ តួយ៉ាងគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ គឺឈរលើគោលការណ៍ជួយប្រជាជនឱ្យចេះរកត្រីមិនមែនមកផ្តល់ត្រីឱ្យនោះទេ ដូច្នេះជោគជ័យពិតប្រាកដរបស់គម្រោង គឺកសិករអាចផលិតដោយខ្លួនឯងបាន, អាចរស់ដោយខ្លួនឯងបាន, អាចពឹងខ្លួនឯងបាន និងអាចរីកចម្រើនធំធាត់ដោយខ្លួនឯងបាន ដោយមិនត្រូវការជំនួយពីគម្រោងឬពីនរណាទាំងអស់។

ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត ក៏បានលើកទឹកចិត្តដល់ប្រជាកសិករជាសមាជិកសហគមន៍ឱ្យផ្លាស់ប្តូរផ្នត់គំនិតពីកសិករធម្មតាទៅជាកសិករទំនើប និងជំរុញឱ្យហ៊ានដាក់ទុនបដិភាគចូលរួម ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម ព្រោះវាប្រៀបដូចជាការរកស៊ីដែរ ខណៈគម្រោងនេះ ក៏បានជួយគាំទ្រទុនបដិភាគដោយមិនយកទុន និងប្រាក់ចំណេញត្រឡប់មកវិញឡើយ។ បន្ថែមលើនេះ ឯកឧត្តម បានជំរុញឱ្យសហគមន៍ពង្រឹងការដឹកនាំ ការគ្រប់គ្រង ការប្រើប្រាស់ហិរញ្ញវត្ថុ ការចងក្រងក្រុមផលិត ការពង្រឹងបច្ចេកទេសផលិត និងការប្រើប្រាស់ធាតុចូលកសិកម្មតាមស្តង់ដាបច្ចេកទេស ដើម្បីចំណេញដើមទុន និងកាត់បន្ថយការខាតបង់ ព្រមទាំងការផ្សារភ្ជាប់ការផលិតទៅនឹងទីផ្សារ ដើម្បីចៀសវាងការផលិតលើសពីតម្រូវការ។

ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត បានណែនាំដល់ក្រុមការងារគម្រោង និងស្នើសុំដៃគូនានាឱ្យបន្តជួយគាំទ្រដល់សហគមន៍កសិកម្មឱ្យបានគ្រប់៨១ឃុំ-សង្កាត់ទូទាំងខេត្តកំពង់ធំសំដៅពង្រីកសមត្ថភាពផលិតក្នុងមូលដ្ឋានឱ្យបានច្រើនជាងការនាំចូល កាត់បន្ថយការហូរចេញនូវធនធានហិរញ្ញវត្ថុ និងការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឱ្យបានច្រើន ដើម្បីទាញយកតម្លៃបន្ថែមកាន់តែច្រើនពីវត្ថុធាតុដើមក្នុងស្រុកដូចជាការប្រើប្រាស់ជីកំប៉ុសជំនួសជីគីមីនាំចូលជាដើម៕




អត្ថបទបន្ទាប់


តើកងកម្លាំងពិសេស SIF ដែលលោក ត្រាំ ទើបបង្កើតឡើងមានតួនាទីសំខាន់ៗអ្វីខ្លះ?

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចបង្កើតកងកម្លាំងពិសេស Super Intelligence Force ឬហៅកាត់ថា SIF ដែលជាយន្តការថ្នាក់ជាតិ ថ្…

​បណ្តាប្រទេសផលិតមាសនៅអាស៊ីបង្កើនការរក្សាមាសផលិតក្នុងស្រុក ដើម្បីពង្រឹងទុនបម្រុងជាតិ

ប្រទេសផលិតមាសឈានមុខគេមួយចំនួននៅតំបន់អាស៊ី រួមមាន ឡាវ ឥណ្ឌូនេស៊ី និងចិន កំពុងបត់បែនយុទ្ធសាស្ត្រគួរឱ្យកត់សម្គាល់ ដោយកាត់បន្ថយការនាំចេញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ