ដោយមានការជំរុញចុងក្រោយរបស់លោក បៃដិន កាលពីថ្ងៃពុធ ទី១៩តុលា រដ្ឋាភិបាលអាមេរិកនឹងបញ្ចេញប្រេង ១៥ លានបារ៉ែលពីស្ដុកបម្រុងយុទ្ធសាស្ត្ររបស់ខ្លួន ព្រមទាំងនឹងពិចារណាការដក (ប្រេង) បន្ថែមទៀតនៅរដូវរងាខាងមុខនេះផងដែរ។
លោក បៃដិន បានច្រានចោលការយល់ឃើញថា លោកកំពុងផ្ដោតតែលើរឿងនយោបាយសម្រាប់សកម្មភាពចុងក្រោយបំផុតរបស់លោក។ ប៉ុន្តែបញ្ហានេះ វាបានបង្ហាញច្បាស់ណាស់ថា ជាការពាក់ព័ន្ធនឹងនយោបាយ ខណៈដែលការវាយតម្លៃពីការអនុម័តរបស់ប្រធានាធិបតី គឺបានផ្ទុយស្រឡះទៅនឹងការប្រែប្រួលតម្លៃប្រេងសាំងនាពេលបច្ចុប្បន្ន ព្រោះថា វានៅតែបន្តឡើងខ្ពស់ បើទោះជាបានធ្លាក់ចុះបន្តិចចាប់តាំងពីខែមិថុនាក៏ដោយ។
លោក បៃដិន បាននិយាយនៅក្នុងសុន្ទរកថានៅសេតវិមានថា តម្លៃប្រេងសាំង មិនកំពុងធ្លាក់ចុះលឿននោះទេ ហើយពិតណាស់វានឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពក្រុមគ្រួសារពលរដ្ឋអាមេរិកាំង។
លោក បៃដិន បាននិយាយជារឿយៗថា តម្លៃកើនខ្ពស់គឺជាកំហុសរបស់រុស្ស៊ី ដែលបានឈ្លានពានអ៊ុយក្រែននៅដើមឆ្នាំនេះ។ រាល់ការធ្លាក់ចុះនៃតម្លៃឧស្ម័នមិនថាតិចឬច្រើននោះទេ គឺលោកប្រធានាធិបតីរូបនេះបានចាត់ទុកវាថា គឺដោយសារតែគោលនយោបាយរបស់លោក។
ការប្រកាសពីការបញ្ចេញស្ដុកប្រេង របស់លោក បៃដិន នេះបានកើតឡើងស្របពេលដែលតម្លៃឧស្ម័នបានធ្លាក់ចុះក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះ។ ប៉ុន្តែតម្លៃឧស្ម័នក្នុងមួយហ្កាឡុង ឬស្មើនឹងជិត ៤លីត្រ នៅតែមានតម្លៃជាមធ្យម ៣ដុល្លារ៨៥សេន ពោលគឺកើនឡើងខ្ពស់ជាងកាលពីឆ្នាំមុន ដែលមានតម្លៃ ៣ដុល្លារ៣៥សេនក្នុងមួយហ្កាឡុង។
ការបញ្ចេញប្រេងនេះបានធ្វើឱ្យទុនបម្រុងយុទ្ធសាស្ត្ររបស់អាមេរិកធ្លាក់ដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ១៩៨៤មក ជាអ្វីមួយដែលរដ្ឋការនេះបានហៅថាជា«ស្ពានចម្លង»រហូតទាល់តែការផលិតក្នុងស្រុកអាចកើនឡើងវិញ ខណៈដែលស្ដុកប្រេងបម្រុងអាមេរិកឥឡូវនេះមានប្រេងប្រហែល ៤០០ លានបារ៉ែល៕
អត្ថបទ៖ សុខ ជា