យ៉ាងណាមិញប្រធានាធិបតីអ៊ុយក្រែន លោកហ្សេលេនស្គី បានព្រមានថា គេអាចនឹងរកឃើញអ្នកស្លាប់ច្រើនជាងនេះទៀត នៅតាមតំបន់ផ្សេងៗពេលដែលរុស្ស៊ីបង្វែរទ័ពចេញទៅ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
រូបភាពដែលថតបានពីលើអាកាស បង្ហាញពីសាកសព និងរណ្តៅតម្រៀបជួរគ្នាយ៉ាងច្រើនក្រោយការប្រទះឃើញក្នុងក្រុងប៊ូឆា នារយៈពេលប៉ុន្មានថ្ងៃមកនេះ។ ឆ្លើយតបនឹងបញ្ហានេះប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានអំពាវនាវឲ្យមានការកាត់ទោសប្រធានាធិបតីរុស្ស៊ីលោកពូទីន ក្នុងបទល្មើសឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងមនុស្សជាតិ ហើយសហរដ្ឋអាមេរិកនឹងស្នើឲ្យមហាសន្និបាតអង្គការសហប្រជាជាតិផ្អាកបេក្ខភាពរុស្ស៊ី ពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិផងដែរ។
យ៉ាងណាក៏ដោយ ប្រទេសរុស្ស៊ីបានបដិសេធរាល់ការចោទប្រកាន់ពាក់ព័ន្ធនឹងការសម្លាប់ជនស៊ីវិលនៅក្រុងប៊ូឆា ហើយបាននិយាយថា ខ្លួននឹងបង្ហាញភស្តុតាងជាក់ស្តែង ឲ្យអន្តរជាតិបានដឹងពិតប្រាកដ ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងសប្តាហ៍នេះ។ ភាគីរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា បានយកករណីស្លាប់ជនស៊ីវិលនេះ មកលាបពណ៌លើទីក្រុងម៉ូស្គូ បំភ្លៃព័ត៌មានសម្រាប់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច។
ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេលេនស្គី បានថ្លែងនៅក្នុងខ្សែវីដេអូមួយនៅព្រឹកថ្ងៃអង្គារថា លោកក៏នឹងយករឿងរ៉ាវ កាប់សម្លាប់ជនស៊ីវិលក្នុងក្រុងប៊ូឆានេះ ទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែរ ដើម្បីជំរុញឲ្យបើកការស៊ើបអង្កេតផ្លូវការមួយលើអំពើហិង្សាដ៏ឃោរឃៅនេះ។
លោកហ្សេលេនស្គីបន្ថែមថា ឥលូវនេះគេកំពុងរកឃើញសាកសពជនស៊ីវិលបន្ថែមទៀតហើយ នៅក្រុងផ្សេងទៀតក្បែររដ្ឋធានីកៀវ។ លោកជឿថា ចំនួនជនស៊ីវិលដែលស្លាប់នឹងកើនឡើងថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះ។
រដ្ឋាភិបាលទីក្រុងកៀវកំពុងធ្វើការយ៉ាងសស្រាក់សស្រាំលើសំណុំរឿងនេះ។ ជាក់ស្តែង រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមេត្រូ គូបេឡា(Dmytro Kuleba) បាននិយាយថា លោកបានពិភាក្សាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres អំពីរឿងនេះរួចហើយ ដោយបានសង្កត់ធ្ងន់ថា អ៊ុយក្រែននឹងប្រើប្រាស់យន្តការរបស់អង្គការសហប្រជាជាតិ ទាំងអស់តាមដែលអាចធ្វើទៅបាន ដើម្បីប្រមូលភស្តុតាងដាក់បន្ទុកលើ រុស្ស៊ីថា ជាឧក្រិដ្ឋជនសង្គ្រាម។
ងាកមកមើលការបន្ថែមទណ្ឌកម្មលើរដ្ឋាភិបាលក្រុងម៉ូស្គូ
ដូចបានដឹងស្រាប់ហើយ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានចេញមុខមុនគេតែម្តង កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដោយអះអាងថា មិនយូរនោះទេ ពោលគឺនៅប៉ុន្មានថ្ងៃខាងមុខនេះ លោក Putin និងអ្នកគាំទ្ររបស់គាត់នឹង ស្គាល់រសជាតិលំបាកលំបិនពីទណ្ឌកម្មរបស់លោកខាងលិចហើយ។
ទីប្រឹក្សាសន្តិសុខជាតិរបស់អាមេរិក គឺលោក ចេក ស៊ូឡីវ៉ាន(Jake Sullivan) បាននិយាយថា ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងទីក្រុងមូស្គូនឹងត្រូវប្រកាសនៅសប្តាហ៍នេះ។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនកំពុងគាំទ្រក្រុមរដ្ឋអាជ្ញា និងអ្នកជំនាញអន្តរជាតិ ដើម្បីប្រមូល និងវិភាគភស្តុតាងនៃអំពើឃោរឃៅរបស់កងទ័ពរុស្ស៊ី។
អ្វីដែលធ្វើឲ្យស្ថានការណ៍កាន់តែក្តៅគគុកថែមទៀតនោះគឺ បារាំង និងអាល្លឺម៉ង់បានព្រមាននឹងបណ្តេញមន្ត្រីទូតរបស់រុស្ស៊ីចេញពីប្រទេសរបស់ពួកគេថែមទៀតផង។ មិនទុកយូរនោះទេលោក ឌីមេទ្រី មិតមេដេវ(Dmitry Medvedev) អតីតប្រធានាធិបតី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីបានចេញមកប្រតិកម្មវិញភ្លាមៗថា ម៉ូស្គូនឹងឆ្លើយតបដោយការបិទស្ថានទូតរបស់លោកខាងលិចតែម្តង។
ដោយឡែក រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់បាននិយាយថា សហភាពអឺរ៉ុបត្រូវតែពិភាក្សាគ្នាឲ្យដាច់ណាត់ អំពីការបញ្ឈប់ការនាំចូលឧស្ម័នពីប្រទេសរុស្ស៊ី ដើម្បីទុកជាទណ្ឌកម្មបន្ថែមទៀត បើទោះបីជាអ្នកជំនាញផ្សេងទៀតបានជំរុញឱ្យមានការប្រុងប្រយ័ត្នជុំវិញវិធានការនេះក្តី ព្រោះវាអាចប៉ះពាល់ដល់វិបត្តិថាមពលរបស់អឺរ៉ុប។
គួរជម្រាបថា រុស្ស៊ីជាអ្នកផ្គត់ផ្គង់ឧស្ម័នប្រហែលមួយភាគបីរបស់អឺរ៉ុប ហើយលោកពូទីនបានព្យាយាមប្រើរឿងនេះ ជាខែលដើម្បីទប់ទល់នឹងទណ្ឌកម្មរបស់លោកខាងលិចវិញ។ ទីក្រុងមូស្គូនៅតែរក្សាការបង្ហូរឧស្ម័នតាមរយៈផ្លូវបំពង់បង្ហូរសំខាន់ៗចូលទៅក្នុងទ្វីបអឺរ៉ុបដដែលទេគិតមកទល់ពេលនេះ។
សូមជម្រាបថា គិតមកទល់នឹងពេលនេះប្រទេសនៅអឺរ៉ុប មានតែលីទុយអានីមួយប៉ុណ្ណោះ ដែលបានឈប់នាំចូលឧស្ម័នពីប្រទេសរុស្ស៊ីទាំងស្រុង ក្រោយប្រកាសថាខ្លួនមានសមត្ថភាពផ្គត់ផ្គង់ដោយខ្លួនឯងសម្រាប់ប្រជាជនទាំងជិត៣លាននាក់របស់ខ្លួន៕