វិស័យហិរញ្ញវត្ថុកម្ពុជា

អ្នកជំនាញបារម្ភថា ការផ្ទុះឡើងករណីឆ្លងកូវីដ-១៩ នៅចិនជះឥទ្ធិពលអវិជ្ជមានដល់វិស័យហិរញ្ញវត្ថុកម្ពុជា


វិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗនៅលើពិភពលោកកំពុងដាក់សម្ពាធដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកលរួមទាំងកម្ពុជា។ ស្របពេលគ្នានេះ ការផ្ទុះឡើងនៃករណីឆ្លងកូវីដ-១៩ ឡើងវិញនៅចិន ក៏កំពុងបង្កក្តីបារម្ភដល់ការស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ ដ្បិតបញ្ហានេះវាអាចគំរាមកំហែងដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសដៃគូ ជាពិសេសចិនតែម្តង។
វិស័យហិរញ្ញវត្ថុកម្ពុជា

ជុំវិញបញ្ហានេះ អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ ក៏បានសម្តែងនូវក្ដីបារម្ភចំពោះការកើនឡើងករណីឆ្លងកូវីដ-១៩ នៅចិនក្នុងការធ្វើឲ្យប៉ះពាល់ដល់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាផងដែរ ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ នៃការងើបឡើងវិញចេញពីវិបត្តិកូវីដ-១៩ និងបញ្ហាប្រឈមផ្សេងៗទៀត។ ទោះយ៉ាងណាអ្នកជំនាញជឿជាក់ថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានឹងបន្តរីកចម្រើនជាមួយភាពធន់នឹងវិបត្តិ។ ជាក់ស្តែងនៅឆ្នាំមុន វិស័យនេះរក្សាកំណើនក្នុងការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើពីអតិថិជនបានជាង២០% បើទោះបីសេដ្ឋកិច្ចរងការវាយលុកពីការរាតត្បាតកូវិដ-១៩ ក្តី។

ស្របពេលសេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងដំណាក់កាលនៃការស្តារឡើងវិញពីវិបត្តិ និងកំពុងរងឥទ្ធិពលពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែនស្រាប់ទៅហើយនោះ លោក ផល វ៉ាន់ឌី អគ្គលេខាធិការនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាហាក់បារម្ភពីការផ្ទុះឡើងវិញ នៃការឆ្លងកូវីដ-១៩ នៅចិនកាលពីពេលថ្មីៗ ដែលអាចជះឥទ្ធិពលអវិជ្ជមានបន្ថែមដល់វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលកំពុងរើបឡើងវិញ។ បារម្ភក៏ដោយសារការផ្ទុះករណីឆ្លងនេះ វាស្របពេលដែលចិនគ្រោងនឹងបើកប្រទេសឲ្យធ្វើដំណើរចេញចូលដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើងវិញចាប់ពីថ្ងៃទី៨ ខែមករានេះ ដែលអាចធ្វើឲ្យករណីឆ្លងកូវីដ-១៩ រីកសាយភាយទៅកាន់ប្រទេសមួយចំនួនរួមទាំងកម្ពុជាផងដែរ។

ទោះយ៉ាងណាអ្នកជំនាញរូបនេះ ជឿជាក់ថា តាមរយៈបទពិសោធន៍ ដែលកម្ពុជាធ្លាប់ហែលឆ្លងក្នុងវិបត្តិកូវីដ-១៩ ប្រមាណ៣ឆ្នាំកន្លងមកនេះ គួបផ្សំការដាក់ចេញគោលនយោបាយជួយគាំទ្រពីរាជរដ្ឋាភិបាល វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានឹងនៅតែបន្តឈរជើងយ៉ាងរឹងមាំជាមួយកំណើននៃការផ្តល់ឥណទាននិងទទួលប្រាក់បញ្ញើពីអតិថិជននៅឆ្នាំ២០២៣នេះ។ បន្ថែមលើនេះក្នុងអំឡុងវិបត្តិកូវីដ-១៩ កន្លងមកទាំងអតិថិជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានអភិវឌ្ឍន៍សេវាកម្ម និងផលិតផលរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងវិបត្តិ និងរក្សានិរន្តភាពប្រតិបត្តិការរបស់ខ្លួន។ ជាមួយគ្នានេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្តេជ្ញានឹងបន្តចូលរួម និងជួយជ្រោមជ្រែងប្រជាពលរដ្ឋតាមការផ្តល់ឥណទានសម្រាប់ពង្រឹង និងពង្រីកអាជីវកម្មរបស់ពួកគេបន្តទៀត។

បើទោះបីមិនទាន់បានបង្ហាញពីតួលេខជាក់លាក់ជុំវិញការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើពីអតិថិជនក៏ដោយប៉ុន្ដែ តាមការគូសបញ្ជាក់របស់លោក ផល វ៉ាន់ឌី នៅឆ្នាំ២០២២ កន្លងទៅ ការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុសម្រេចបានកំណើនជាង២០% បើធៀបនឹងឆ្នាំ២០២១។ បើតាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅក្នុងរយៈពេល៩ខែឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្តល់ឥណទានជាង៩ពាន់លានដុល្លារអាមេរិក ដល់អតិថិជាង២លាននាក់ កើនឡើង២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានរៀបចំឥណទានឡើងវិញជូនអតិថិជនដែលរងផលប៉ះពាល់បានជាង៣រយលានដុល្លារនៅ៩ខែឆ្នាំ២០២២៕




អត្ថបទបន្ទាប់


តម្លៃផ្ទះនៅចិនបន្តធ្លាក់ទាប លែងមានតម្រូវការ ស្របពេលរលកឆ្លងកូវីដ១៩ វាយលុកទីផ្សារកាន់តែអាក្រក់

ព័ត៌មាន
ទោះបីជា រដ្ឋាភិបាលចិនមានដាក់ចេញវិធានការគាំទ្រដល់វិស័យអចលនទ្រព្យខ្លះៗក៏ដោយ ប៉ុន្ដែទីផ្សារតម្លៃលំនៅដ្ឋាននៅក្នុងប្រទេសនេះ បានបន្តរអិលធ្លាក់ច…

ដំណើរឆ្ពោះទៅមុខរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

ព័ត៌មាន
ទោះបីជានៅរយៈពេល៣ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាមានសម្ទុះកំណើនថមថយចុះ ដោយសារតែទទួលរងឥទ្ធិពលអវិជ្ជមានពីការឆ្លងរាលដាលជាសកលនៃមេរោគកូវី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ