សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២

ធនាគារពិភពលោករក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២នៅ៤,៥% ដដែលទោះបីស្ថានការណ៍ពិភពលោកកំពុងតានតឹង


ធនាគារពិភពលោក នៅដើមខែមេសានេះ បានចេញរបាយការណ៍ថ្មីចុងក្រោយមួយរបស់ខ្លួន ដោយនៅតែបន្តរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅអត្រា ៤,៥% ដដែលសម្រាប់ឆ្នាំ២០២២នេះ ទោះបីជា សកលលោកកំពុងប្រឈមនឹងភាពតានតឹងកាន់តែខ្លាំងក្ដី។ ការព្យាករថ្មីចុងក្រោយរបស់ធនាគារពិភពលោកនេះ គឺធ្វើឡើងផ្អែកទៅតាមសេណារីយ៉ូដើម ដោយសារកម្ពុជាមានការលុបចោលនូវការដាក់កំហិតលើការធ្វើដំណើរ ព្រោះកម្ពុជាមានអត្រាចាក់វ៉ាក់សាំងខ្ពស់។
រូបភាពពីលើអាកាសបង្ហាញពីការអភិវឌ្ឍន៍នៅកម្ពុជា (រូបភាព៖ ស៊ិនហួ)

ម្យ៉ាងទៀត ការ​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ​របស់​កម្ពុជា នៅ​តែ​ពឹងផ្អែក​លើ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក និង​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​។ ជាមួយ​គ្នា​នេះ ធនាគារពិភពលោក បាន​ព្រមាន​ពី​ហានិភ័យ​មួយ​ចំនួន ដែល​អាច​បង្ក​ឡើង​ដោយសារ​តែ​សង្គ្រាម​រវាង​រុ​ស្សី និង​អ៊ុយ​ក្រែ​ន ដែល​បន្ត​អូស​បន្លាយ​អស់​រយៈពេល​ជាង​១​ខែ​កន្លះ​មក​ហើយ​នោះ​ផង​ដែរ​។ ម​។ នេះ​បើ​តាម​របាយការណ៍​ស្ដី​ពី​វឌ្ឍនភាព​សេដ្ឋកិច្ច​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​អាស៊ី​បូព៌ា របស់​ធនាគារពិភពលោក នៅ​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២២​នេះ​។

នៅ​ក្នុង​របាយការណ៍​សង្ខេប​របស់​ធនាគារពិភពលោក​ស្ដី​ពី​វឌ្ឍនភាព​សេដ្ឋកិច្ច​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​អាស៊ី​បូព៌ា បាន​ឲ្យ​ដឹង​ថា ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០២២ គឺ​ស្ថិត​ក្នុង​រង្វង់ ៤,៥% ដដែល ដូច​ទៅ​នឹង​ការ​ព្យាករ​នៅ​អំឡុង​ខែតុលា ឆ្នាំ​២០២១ ដែរ​។ ការ​ព្យាករ​ថ្មី​ចុង​ក្រោយ​នេះ ផ្អែក​លើ​ការ​ស្ដារ​សេដ្ឋកិច្ច​ក្នុងស្រុក​ល្អ​ប្រសើរ ជាមួយនឹង​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​លុប​ចោលការ​រឹត​ត្បឹ​ង​ការ​ធ្វើ​ដំណើរ ខណៈ​កម្ពុជា​មាន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩​ខ្ពស់​។ ការ​ស្ដារ​សេដ្ឋកិច្ច​កម្ពុជា​ឡើង​វិញ គឺ​នៅ​តែ​ពឹងផ្អែក​ខ្លាំង​លើ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក និង​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម ប៉ុន្ដែ ការ​នាំ​ចេញ​ផលិតផល​កម្មន្ដសាល​ត្រូវ​បាន​គេ​រំពឹង​ថា អាច​នឹង​ជួប​ការ​លំបាក​។

យ៉ាងណាមិញ នៅ​ក្នុង​សេណា​រី​យ៉ូ​ទាប​ជាង ធនាគារពិភពលោក​ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​សម្រេច​បាន​កំណើន​ត្រឹមតែ​៣,៨% ប៉ុណ្ណោះ នៅ​ឆ្នាំ​២០២២​។ សេណា​រី​យ៉ូ​ទាប​ជាង​នេះ គឺ​គេ​សន្មត​ថា មានការ​ធ្លាក់​ចុះ​នៃ​លក្ខខណ្ឌ​សេដ្ឋកិច្ច​ក្នុងស្រុក ដោយសារ​តែ​អត្រា​អតិផរណា​កើនឡើង​ខ្ពស់ ខណៈ​ដែល​លក្ខខណ្ឌ​ខាងក្រៅ​កាន់តែ​អាក្រក់ ដោយសារ​តែ​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​ខាងក្រៅ​។ ធនាគារពិភពលោក គូសបញ្ជាក់​ទៀត​ថា វិស័យ​កម្មន្ដសាល​សម្រាប់​ការ​នាំ​ចេញ​របស់​កម្ពុជា នឹង​ជួប​ព្យុះ​ភ្លៀង​នា​ពេល​ប៉ុន្មាន​ខែ​ទៅ​មុខ​ទៀត​នេះ ដោយសារ​តែ​បរិយាកាស​ខាងក្រៅ​មិនសូវ​អំណោយផល បណ្ដាល​មក​ពី​ការ​ធ្លាក់​ចុះ​តម្រូវការ នៅ​សហរដ្ឋអាមេរិក និង​ការ​ធ្លាក់​ចុះ រចនាសម្ព័ន្ធ​ទូទៅ​នៅ​ក្នុង​ប្រទេស​ចិន​។

បន្ថែម​ពី​នេះ ការ​កើនឡើង​តម្លៃ​ថាមពល និង​ស្បៀងអាហារ គឺ​ដោយសារ​តែ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ក៏​នឹង​ជះ​ឥទ្ធិពល​ដល់​គោលដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​កម្ពុជា​ផង​ដែរ ព្រោះថា​បាន​ដាក់បន្ទុក​លើ​ការ​ចំណាយ​គ្រួសារ​កាន់តែ​ខ្ពស់​។

កត្តា​ប្រឈម​មួយទៀត​នោះ គឺ​កំណើន​ឥណទាន​ខ្ពៃ់ និង​ការ​ផ្ដោតអារម្មណ៍​លើ​ឥណទាន​ក្នុងស្រុក​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ នៅ​តែ​ជា​ហានិភ័យ​មួយ​យ៉ាង​សំខាន់​សម្រាប់​ស្ថិរភាព​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

ធនាគារពិភពលោក​បាន​គូសបញ្ជាក់​ទៀត​ថា អតិផរណា​នៅ​កម្ពុជា​បាន​បន្ដ​កើនឡើង​ដល់ ៤,១% នៅ​ខែមករា ឆ្នាំ​២០២២ ដោយ​មានការ​គាំទ្រ​ពី​សំណាក់​ធនាគារកណ្ដាល​លើ​ប្រតិបត្តិការ​ទីផ្សារ​បើកចំហ អត្រា​ប្ដូរ​ប្រាក់​នៅ​បន្ដ​មាន​ស្ថិរភាព​។ ទោះ​យ៉ាងណា ទុនបម្រុង​អន្តរជាតិ របស់​កម្ពុជា ហាក់​មានការ​ធ្លាក់​ចុះ​បន្ដិច​ផង​ដែរ ពោល​គឺ បាន​ធ្លាក់​ចុះ​ពី​ជាង​២១​ពាន់​លាន​ដុល្លារ​កាលពី​ចុងឆ្នាំ​២០២០ មក​នៅ​ត្រឹមតែ​ជាង​១៩​ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង​ការ​នាំ​ចូល​រយៈពេល​៩​ខែ​ប៉ុណ្ណោះ គិត​ត្រឹម​ចុងឆ្នាំ​២០២១​។

យ៉ាងណា​ក៏​ដោយ​ចុះ បើ​តាម​ការ​កត់សម្គាល់​របស់​ធនាគារពិភពលោក ច្បាប់​វិនិយោគ​ថ្មី​, កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​កម្ពុជា​មាន​ជាមួយនឹង​ប្រទេស​ជា​ដៃគូ​ដូច​ជា​ជាមួយ​ចិន កូរ៉េ​ខាងត្បូង និង​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ថ្នាក​តំបន់ RCEP ជាដើម សុទ្ធ​សឹង​ជា​កត្តា​ជំរុញ​ការ​វិនិយោគ និង​ពាណិជ្ជកម្ម​នៅ​កម្ពុជា​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​។ ហើយ​ចំពោះ​ចំណុច​វិជ្ជមាន​វិញ គឺ​កម្ពុជា​មាន​ភាព​ធន់​នឹង​វិបត្តិ​សកល​ប្រសើរ​ជាង​មុន​។

សូម​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា ថ្មី​ៗ​នេះ ក៏​បាន​ព្យាករណ៍​ពី​កំណើនសេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០២២​នេះ​ដែរ ថា​នឹង​មាន​កំណើន ៤,៨%​។  ការ​ព្យាករ​នេះ សម្អាង​ទៅ​លើ​ការ​បើក​ដំណើរ​ប្រទេស​ជា​ប្រក្រតី​ឡើង​វិញ រួម​នឹង​បង្អែក​លើ​វិស័យសេដ្ឋកិច្ច​មួយ​ចំនួន ដូច​ជា វិស័យ​ឧស្សាហកម្ម វិស័យ​សេវាកម្ម និង​ជា​ពិសេស​គឺ​វិស័យ​កសិកម្ម​។ ខណៈ​វិស័យ​កសិកម្ម ក៏​ត្រូវ​បាន​រាជរដ្ឋាភិបាល​អះអាង​ថា កន្លង​មក​មិនសូវ​ទទួល​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​កូ​វី​ដ​-១៩ ប៉ុន្មាន​នោះ​ទេ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោកចូបៃឌិនជំរុញឲ្យកាត់ទោសលោកពូទីន ពីបទប្រព្រឹត្តិឧក្រិដ្ឋសង្គ្រាម ខណៈបស្ចឹមលោកបន្ថែមទណ្ឌកម្មលើម៉ូស្គូ

ព័ត៌មាន
សំណុំរឿងសម្លាប់ជនស៊ីវិលនៅក្រុងប៊ូឆា ប្រទេសអ៊ុយក្រែន នៅតែជាប្រធានបទក្តៅក្នុងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។ ជុំវិញការរកឃើញជនស៊ីវិលស្លាប់…

ហេតុអ្វីសហគ្រិនស្ត្រីនៅតែជួបបញ្ហាប្រឈមក្នុងការទទួលបានដើមទុន ដើម្បីពង្រីកអាជីវកម្ម?

ព័ត៌មាន
ថ្នាក់ដឹកនាំសហគ្រិនស្ត្រីកម្ពុជាបានអះអាងថា ស្ត្រីនៅតែជួបបញ្ហាប្រឈមក្នុងការទទួលបានឥណទានពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បីស្តារ បើក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ