
យោងតាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន HGB Group របស់លោកឧកញ៉ា ង៉ូវ លាងហួត បានឲ្យដឹងថា អគារតាំងលក់និងបម្រើសេវាថែទាំរថយន្តម៉ាកប្រណីត Lamborghini ដ៏ទំនើបនិងទាន់សម័យបំផុតនេះ គ្រោងនឹងសម្ពោធបើកជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះហើយ។ អគារ showroom ដ៏ធំអស្ចារ្យនេះ ស្ថិតនៅលើទីតាំងមជ្ឈមណ្ឌលក្រុងភ្នំពេញ (អតីត បឹងកក់) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជាប្រទេសតូចមួយនៅក្នុងអាស៊ានដែលមានប្រជាជនប្រមាណ ១៦លាននាក់ និង GDP ក្នុងប្រជាជនម្នាក់ មានត្រឹមជាង ១៦០០ដុល្លារ (តួលេខឆ្នាំ២០១៩) ពិតជាមិនធម្មតាទេ ដែលកម្ពុជាបានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុនម៉ាករថយន្តល្បីៗនិងថ្លៃៗបំផុតនៅលើពិភពលោក ចូលមករកស៊ី និងបើក showroom ដ៏អស្ចារ្យ ដូចជា ម៉ាក Lamborghini នេះ ជាឧទាហរណ៍។

មិនចម្លែកភ្នែកទេ ដែលញឹកញយ ឃើញរថយន្តម៉ាកទំនើបៗបំផុតនៅលើពិភពលោក ដូចជា Rolls-Royce, Lamborghini, Bentley ដែលមានតម្លៃរាប់សែនដុល្លារ បើកបរនៅលើដងផ្លូវដ៏ចង្អៀតនៃរាជធានីភ្នំពេញ ខណៈដែលអគារស្កឹមស្កៃខ្ពស់កប់ពពក រីកដុះដាលដូចផ្សិតនៅជុំវិញទីក្រុងនេះ។
លោកឧកញ៉ា ង៉ូវ លាងហួត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន HGB Group មិនសូវចេញមុខចេញមាត់នៅក្នុងសារព័ត៌មានដូចមហាសេដ្ឋីឧកញ៉ាជាច្រើនទៀត នៅក្នុងប្រទេសកម្ពុជានោះទេ។ ប៉ុន្តែ ក្នុងវិស័យរថយន្តវិញ ជាពិសេស រថយន្តម៉ាកទំនើបៗប្រណីតៗនៅលើពិភពលោក ដែលនាំចូលមកលក់នៅកម្ពុជា ក្រុមហ៊ុន HGB Group របស់ឧកញ៉ាមិនសូវល្បីរូបនេះ អាចនិយាយបានថា ជាក្រុមហ៊ុនឈានមុខគេបំផុតហើយ នៅកម្ពុជា។

ម៉ាករថយន្តល្បីៗបំផុតនៅលើពិភពលោក ដែលក្រុមហ៊ុន HGB Group នាំចូលមកទីផ្សារកម្ពុជា រួមមាន Lamborghini, Rolls-Royce, Bentley, Aston Martin, McLaren, Maserati, BMW, Volvo, Volkswagen, Mazda, Harley-Davidson និង Kia ជាដើម៕