តម្រូវការ​អង្ករ​នាំចេញ​របស់​ហ្វីលីពីន

ហ្វីលីពីន សម្លឹងឃើញអង្ករកម្ពុជា ស្របពេលតម្រូវការអង្ករក្នុងប្រទេសខ្លួនកំពុងហក់កើនឡើង


ដោយសារតែបញ្ហាកូវីដ-១៩ ផង រួមទាំងបញ្ហាការផលិតស្រូវអង្ករក្នុងស្រុកមានការថមថយចុះផងនោះ បានធ្វើឲ្យប្រទេសហ្វីលីពីនកំពុងមានតម្រូវការអង្ករនាំចូលកើនឡើងកាន់តែច្រើន ដោយថ្មីៗនេះ ប្រទេសនេះ បានប្រកាសស្វែងរកការនាំចូលអង្ករបន្ថែម ៣០ម៉ឺនតោនបន្ថែមទៀត ដើម្បីផ្គង់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។ ក្នុងនោះ ប្រទេសកម្ពុជា រួមទាំងប្រទេសនាំចេញអង្ករ៤ផ្សេងទៀត កំពុងស្ថិតក្រោមក្រសែភ្នែករបស់ហ្វីលីពីន សម្រាប់ការចូលអង្ករ។
ហ្វីលីពីន សម្លឹងឃើញអង្ករកម្ពុជា ស្របពេលតម្រូវការអង្ករក្នុងប្រទេសខ្លួនកំពុងហក់កើនឡើង (រូបភាព៖https://coconuts.co)
ដោយ

សារព័ត៌មានបាងកកប៉ុស្ដិ៍​បានរាយការណ៍ថា ប្រសិនបើ គម្រោង​នាំចូល​អង្ករ ៣០ម៉ឺនតោនបន្ថែម​ទៀតនេះ ត្រូវបាន​ព្រមព្រៀង នោះវា​​នឹង​ធ្វើឲ្យ​ការនាំចូលអង្ករ​​របស់​ហ្វីលីពីននឹងកើនដល់ ៣លានតោន​ហើយ​ បើគិតតាំង​ពីដើមឆ្នាំ​មកទល់នឹងពេលនេះ។

ប្រភព័ត៌មាន​​បាន​ឲ្យដឹងថា រដ្ឋលេខាធិការ​កសិកម្ម​ហ្វីលីពីន លោក William Dar បាន​លើកឡើង​នៅក្នុងសេចក្ដី​ថ្លែងការណ៍មួយថា រដ្ឋាភិបាល​របស់ខ្លួនបានទាក់ទង​ទៅកាន់​ប្រទេស​ផលិត​អង្ករ​ធំៗចំនួន ៥ រួមមាន​ មីយ៉ាន់ម៉ាន វៀតណាម ថៃ ឥណ្ឌា និងកម្ពុជា​ ដើម្បី​ស្វែងរក​ការ​ព្រមព្រៀង​ទិញ​អង្ករ​ក្នុងទំហំ​ប្រមាណ ៣០ម៉ឺនតោន​បន្ថែម និង​​អាច​ដឹកជញ្ជូន​ទៅកាន់​ហ្វីលីពីន​នៅមុន​ត្រីមាសទី ៣​នៃឆ្នាំនេះ។

នៅ២ឆ្នាំមកនេះ តម្លៃ​នាំចេញអង្ករ​នៅអាស៊ី គឺមានការកើនឡើង​ខ្ពស់បំផុត ហើយ​តម្រូវការ​នាំចូល​អង្ករ​បន្ថែម​របស់ប្រទេស​ហ្វីលីពីននាពេលនេះ ត្រូវបានគេមើលឃើញថា នឹងធ្វើឲ្យ​ជំរុញ​កំណើន​តម្លៃនាំចេញ​​អង្ករ​នៅអាស៊ី​​នឹងហក់កើនឡើង​ថែមទៀត។​

ជុំវិញ​នឹង​រឿង​ទីផ្សារ​នាំចេញ​អង្ករ​ទៅ​ហ្វីលីពីន​នេះដែរ លោក ឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធស្រូវអង្ករ​កម្ពុជា​ បាន​បញ្ជាក់ថា ចំពោះ​ទីផ្សារនាំចូល​អង្ករ​ទៅហ្វីលីពីន គឺមានការគ្រប់គ្រង​​ដោយ​រដ្ឋ​ខ្លួនឯង ហើយកន្លងមក រដ្ឋាភិបាល​ហ្វីលីពីន​ ក៏ធ្លាប់បាន​​អញ្ចើញ​ប្រទេស​កម្ពុជា រួមជាមួយនឹង​ប្រទេស​នាំចេញ អង្ករ​ធំៗជាច្រើនទៀត ដូចជា​ថៃ និងវៀតណាម ឲ្យចូលរួម​ដេញថ្លៃផងដែរ។ លោកថា នៅពេលដែល​ប្រទេស​នាំចេញ​អង្ករ​ណាមួយ​មានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ ត្រូមតាម​ការតម្រូវ​របស់​រដ្ឋាភិបាល​ហ្វីលីពីន ប្រទេសនោះ នឹង​ត្រូវបានជ្រើសរើស​ឲ្យនាំអង្ករចូល។ 

បើតាម​លោកឧកញ៉ា ហ៊ុន ឡាក់ កន្លងមក​បានជា​កម្ពុជា​មិនអាច​សម្រេច​បាន​ការនាំចេញអង្ករ​ទៅកាន់​ប្រទេស​ហ្វីលីពីន​ គឺដោយសារតែ ប្រទេស​កម្ពុជាយើង​មាន​បញ្ហា​ប្រឈមធំ២ រួមមាន៖

ទី១ គឺទាក់ទង​នឹង​​ការតម្រូវ​ឲ្យនាំចូល​ក្នុង​​បរិមាណ​ច្រើន​ ហើយ​ប្រើ​រយៈពេល​ខ្លី​សម្រាប់​ផ្គត់ផ្គង់។ ដោយសារតែ ហេដ្ឋារចនាសម្ព័ន្ធ​របស់​កម្ពុជា​​នៅខ្វះខាត​មិនអាច​បំពេញ​តម្រូវការនេះបាន។

ទី២ គឺទាក់ទង​នឹង​បញ្ហា​តម្លៃ ដោយសារតែ​អង្ករ​កម្ពុជាមានការចំណាយ​ថ្លៃដើម​ផលិត​ និងការដឹក​ជញ្ជូនថ្លៃ មិនអាច​ប្រជែង​​ជាមួយអង្ករ​របស់ប្រទេស​ជិតខាងបាន។

ទោះជាយ៉ាងនេះក្ដី លោកឧកញ៉ា ហ៊ុន ឡាក់ បាន​គូសបញ្ជាក់ថា កម្ពុជា​នៅតែមាន​​ឆន្ទៈខ្ពស់​ក្នុងការ​នាំចេញ​​អង្ករ​ទៅកាន់ប្រទេស​ហ្វីលីពីន បើសិន​ជា​មានឱកាស ដោយ​កម្ពុជា​​អាច​ស្នើ​សុំ​ជាកញ្ចប់នាំចូល​អង្ករ​ក្នុងចំនួន​​តូចណាមួយ ពីរដ្ឋាភិបាល​​ហ្វីលីពីន ដើម្បី​អាចធ្វើការ​នាំចេញ​សាកល្បង​សិន។

ប្រទេស​ហ្វីលីពីន មានតម្រូវការ​នាំចូល​អង្ករ​ គឺភាគច្រើនជាប្រភេទអង្ករ​ស​ធម្មតា​ប៉ុណ្ណោះ មិនសូវ​មានការ​នាំចូល​អង្ករ​ក្រអូប​នោះទេ។ ប៉ុន្ដែ អ្វីដែលជាបញ្ហាប្រឈមនោះ គឺនៅពេលនេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ហាមប្រាម​​មិនឲ្យ​នាំចេញ​អង្ករ​ស​ទៅក្រៅប្រទេស​នោះទេ។ 

ប្រទេសហ្វីលីពីន ជាធម្មតា​ទិញអង្ករ​ភាគច្រើន​បំផុត​ពីប្រទេស​វៀតណាម ហើយថ្មីៗនេះដែរ ប្រទេសវៀតណាម ក៏ទើបតែ​បើក​ឲ្យមាន​ការនាំចេញអង្ករ​ឡើងវិញ ក្រោយពីរដ្ឋាភិបាល​ប្រទេសនេះ បាន​បញ្ជា​ឲ្យ​ផ្អាក​ការនាំចេញអង្ករ​​អស់មួយរយៈ។ ក្រោយពីបាន​ភ្លើងខៀវ​នាំចេញ​អង្ករឡើងវិញ វៀតណាម បាន​ប្តេជ្ញានឹង​ចាប់ផ្ដើម​នាំចេញអង្ករ​ទៅហ្វីលីពីនឲ្យបាន ៤០ម៉ឺនតោន នៅក្នុងខែនេះ បន្ទាប់ពី​ឈ្មួញហ្វីលីពីន​បានចុះកិច្ចសន្យា​កាលពីខែ​មេសា។

បើតាម​ប្រធានក្រុម​ប្រឹក្សាភិបាល​សហព័ន្ធស្រូវអង្ករ​កម្ពុជា លោក ឧកញ៉ា ហ៊ុន ឡាក់ បាន​គូសបញ្ជាក់ថា ខាង​សហព័ន្ធ​កាលពី​ពេលថ្មីៗនេះ ក៏បាន​ជួបប្រជុំ​ជាមួយនឹង​ក្រសួងពាក់ព័ន្ធ​ និងបាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​​គិតគូរ​ដក​បម្រាម​នាំចេញ​អង្ករ​សនេះផងដែរ ឬអាច​កំណត់​នូវចំនួន​នាំចេញណាមួយ ដោយរក្សា​បាន​នូវ​សន្ដិសុខ​ស្បៀងដដែល។

បើតាម​ លោក ឧកញ៉ា ហ៊ុន ឡាក់ តាំងពីដើម​ឆ្នាំមក​មកទល់ពេលនេះ ការនាំចេញអង្ករ​​របស់​កម្ពុជា​នៅតែធ្វើបានល្អ ខណៈដែលតម្លៃ​អង្ករ​ឆ្នាំនេះ ក៏ល្អជាងឆ្នាំមុនដែរ។ ជាមួយគ្នានេះ ការបញ្ជាទិញអង្ករ​ពីក្រៅប្រទេស​នៅតែបន្ដកើនឡើង​ដូចគ្នាដែរ។

បើតាម​របាយការណ៍​របស់​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា បាន​ឲ្យដឹងថា នៅរយៈពេល ៤ខែ ដើមឆ្នាំ២០២០នេះ កម្ពុជា​នាំចេញអង្ករ​ជាង ៣០ ម៉ឺនតោន កើនឡើង​ប្រមាណ ៤១% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំ២០១៩ ហើយតួលេខនេះ គឺជាកំណើនខ្ពស់បំផុត​​នារយៈពេល ១០ឆ្នាំមកនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Showroom ​ម៉ាករថយន្ត​ប្រណីតលំដាប់ពិភពលោក Lamborghini នឹង​បើក​សម្ពោធ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​

ព័ត៌មាន
បន្ទាប់ពីនាំចូល​រថយន្ត​ប្រណីត​ Lamborghini ចូលមក​ទីផ្សារកម្ពុជាបាន​ជាង​មួយ​ឆ្នាំ ក្រុមហ៊ុន​របស់​ឧកញ៉ា ង៉ូវ លាងហួត គ្រោង​នឹង​បើក​សម្ពោ…

ជាង៤ខែមកនេះ ក្រសួងសុខាភិបាលបានធ្វើវិភាគវត្ថុសំណាកជាង ១,៤ម៉ឺនសំណាកនៅទូទាំងប្រទេស

ព័ត៌មាន
គិតចាប់ខែមករា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២០ ចំនួនវត្ថុសំណាកដែលក្រសួងសុខាភិបាលបានយកមកធ្វើវិភាគ សរុបទាំងអស់ចំនួន ១៤.០៩៤ សំណាក សម្រាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ